ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា មានករណីលិចទូកនេសាទមួយគ្រឿង ដែលបណ្តាលឲ្យបាត់ខ្លួន មនុស្សចំនួន២នាក់ ខណៈពេលនេះលោកឧកញ៉ា កំពុងបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង ដើម្បីរុករកជនរងគ្រោះ នៅលើផ្ទៃសមុទ្រ។

បើតាមការបញ្ជាក់របស់ម្ចាស់ទូក ឈ្មោះ ធិន យឿន ភេទប្រុស ថា ទូកនេសាទនេះ ជាប្រភេទទូកម៉ាស៊ីនប្រភេទគោយន្ត ហើយបានលិចនៅចំណុចលេខដាវ 37.22 ជិតកោះថាស ចន្លោះកោះរ៉ុងសន្លឹម និងក្រុងព្រះសីហនុ វេលាម៉ោង៣រំលងអាធ្រាត ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ។
ម្ចាស់ទូកបញ្ជាក់បន្ថែមថា នៅលើទូកនេសាទដែលលិចនោះ មានមនុស្សចំនួន០២នាក់ មានឈ្មោះ អា ស្រេម ជាអ្នកបើកទូក និងកម្មករទូកម្នាក់ទៀត ម្ចាស់ទូកមិនស្គាល់ឈ្មោះ ។
ករណីលិចទូកខាងលើនេះ សម្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំង ទឹករលកធំៗបណ្តាលអោយលិចតែម្តង ។
គួរឲ្យដឹងថា លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង សហការជាមួយសម្ថកិច្ច កំពុងស្វែងរកបន្ត ទោះបីជាការស្វែងរកក្នុងលម្ហសមុទ្រ ជួបការលំបាកច្រើន ដោយសារតែសមុទ្រមានខ្យល់ និងរលកខ្លាំង លោកឧកញ៉ា និងព្យាយាមឲ្យអស់ពីលទ្ធភាព៕



