មានព្រឹត្តិការណ៍ ដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្រ្តចិន ក្រោយការស្លាប់របស់ឆាវឆាវ នោះគឺការដួលរលំទាំងស្រុង នៃរាជវង្សហានដែលមានអាយុកាល ប្រមាណ ៤០០ឆ្នាំ ហើយក៏ចាប់កើតមាននគរ៣ ឬហៅថាសាមកុក ។ ហេតុអ្វីឆាវឆាវស្លាប់ រាជវង្សហានត្រូវរលាយ?
ឆាវឆាវបានកើតក្នុងឆ្នាំ១៥៥ នៅខេត្ត Anhui ដែលស្ថិតក្នុងសម័យកាលរាជវង្សហាន ។ នៅឆ្នាំ ១៧៥ ឆាវឆាវ បានក្លាយជាមន្រ្តីកងទ័ពមួយរូប នៅក្រុងលូយ៉ាង ។ ពេលរាជការហាន ត្រូវកាន់កាប់ដោយតង់ជូ ឆាវឆាវក៏នៅតែមានតួនាទីក្នុងជួរទ័ពដដែល ប៉ុន្តែក្រោយមកឆាវឆាវ លួចធ្វើឃាតតង់ជូ ហើយក៏ត្រូវបរាជ័យ និងរត់គេចចេញពីរាជវាំង បង្កើតកម្លាំងទ័ពដោយខ្លួនឯង ដោយដាក់មូលដ្ឋាននៅក្រុងស៊ីឆាង ។
នៅឆ្នាំ ១៩៥ ឆាវឆាវ បាននាំស្តេចហាន ព្រះនាម Xian មកតំបន់របស់ខ្លួន ហើយប្រើប្រាស់ឈ្មោះរបស់ស្តេចនេះដើម្បីពង្រីកអំណាច និងទឹកដីរបស់ខ្លួន។ បន្ទាប់ពីនោះមក ឆាវឆាវ បានដឹកនាំទ័ពកម្ចាត់ស្តេចត្រាញ់នានាក្នុងទឹកដីរាជវង្សហាន ពិសេសគឺ យានសាវ ប៉ុន្តែឆាវឆាវ នៅតែមិនអាចឯកភាពទឹកដីបានឡើយ ដោយត្រូវចាញ់ក្រោមដៃ របស់ លីវ ប៉ី និង ស៊ុន ឈាន ដែលរួមសហការគ្នា នៅក្នុងសង្គ្រាមឆឺពី។
ក្នុងរាជវង្សហានពេលនោះ ទឹកដីត្រូវបានបែងចែកតំបន់គ្រប់គ្រង៣ធំៗទៅហើយ ប៉ុន្តែមិនទាន់ប្រកាសបង្កើតនគររៀងៗខ្លួននោះទេ។ រហូតទាល់តែឆាវឆាវស្លាប់ក្នុងឆ្នាំ២២០ (អាយុ៦៥ឆ្នាំ) ទើបរាជវង្សហានត្រូវបញ្ចប់ទាំងស្រុង ព្រោះតែកូនប្រុសរបស់ឆាវឆាវ ឈ្មោះ ឆាវ ភី បានបង្ខំឱ្យស្តេច Xian ផ្ទេររាជ្យ។ ឆាវ ភី ក៏បានបង្កើតនគរថ្មីឈ្មោះ នគរអ៊ួយ (Wei) ដែលជានគរមុនគេ និងធំជាងគេក្នុងសម័យសាមកុក។
១ឆ្នាំក្រោយមក គឺនៅឆ្នាំ២២១ ដោយចង់ស្តាររាជវង្សហានឡើងវិញ លីវ ប៉ី ក៏សម្រេចប្រកាសបង្កើតនគរផងដែរឈ្មោះថា ស៊ូហាន (Shu Han)។ ចំណែកនគរដែលបង្កើតក្រោយគេ គឺនគរអ៊ូ (Wu) គ្រងរាជ្យដោយ ស៊ុន ឈាន ក្នុងឆ្នាំ២២៩៕