នៅក្នុងសង្គ្រាមលោកលើកទី ១ ព្រះរាជាណាចក្រសៀម (ថៃ បច្ចុប្បន្ន) ក៏មិននៅស្ងៀមដែរ ដោយពួកគេបានបញ្ជូនទ័ពចូលរួមក្នុងសង្គ្រាមទ្វីបអឺរ៉ុប ជាមួយប្រទេសអាស៊ី ៣ផ្សេងទៀត មានដូចជា ប្រទេសចិន, ជប៉ុន និង ពែរ្ស (Persia: អ៊ីរ៉ង់ បច្ចុប្បន្ន)។

សៀម ក្នុងរជ្ជកាលព្រះចៅ រាមាទី ៦ បានប្រកាសសង្គ្រាមនឹងចក្រភពអាល្លឺម៉ង់ និង ចក្រភពអូទ្រីស-ហុងគ្រី នៅពាក់កណ្ដាលឆ្នាំ ១៩១៧។ នៅពេលនោះទ័ពសៀមមានចំនួនប្រមាណ ១,២០០នាក់ និង បាត់បង់ជីវិត ១៩នាក់។ ការចូលរួមសង្គ្រាមនេះ គឺដើម្បីលើកមុខមាត់របស់សៀមក្នុងឆាកអន្តរជាតិ និង ពង្រឹងអំណាចរាជានិយមនៅក្នុងស្រុករបស់គេ។
ក្រោយពីសង្គ្រាមចប់នៅឆ្នាំ ១៩១៨ សៀមក៏បានចូលរួមក្នុងសន្និសីទសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩១៩ ដែលជាការចុះសន្ធិសញ្ញានៅវិមានវែរសៃ (Versille) ដោយមានព្រះអង្គម្ចាស់សៀម ២អង្គ បានចូលរួមជាអ្នកតំណាងប្រទេសរបស់គេ។

ក្រោយពីសន្ធិសញ្ញាវែរសៃនោះដែរ សៀមក៏ជាស្ថាបនិកមួយ ក្នុងចំណោមប្រទេសស្ថាបនិកជាង ៤០ប្រទេសទៀត ដែលបានបង្កើត សង្គមប្រជាជាតិ (League of Nations) នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ១៩២០ និងបន្តជាសមាជិករហូតអង្គការអន្តរជាតិមួយនេះបានដួលរលំ៕

