លោក អាដេម៉ា ឡឺក្លែរ ជារ៉េស៊ីដង់បារាំងប្រចាំស្រុកសំបូរពីឆ្នាំ១៨៩០-១៨៩៣ និងស្រុកក្រចេះ ពីឆ្នាំ១៨៩៤-១៨៩៨។ បុគ្គលដែលមានជំនក់ចិត្តខ្លាំង នឹងវប្បធម៌ខ្មែររូបនេះ បានប្រទះឃើញប្រតិមាទេពស្រី (ផ្នែកទី១ នៃសតវត្សរ៍ទី៧) ដែលអ្នកស្រុកហៅថា ស្រីគ្រប់លក្ខណ៍នៅលើកោះគ្រីង ឈរនៅលើគំនរឥដ្ឋ ជាទីគោរពបូជាបួងសួងសុំកូនតពូជពង្សវង្សត្រកូល។ លោកបាននាំប្រតិមានេះ ទៅតម្កល់ទុក នៅវិមានរ៉េស៊ីដង់ ស្រុកក្រចេះ ហើយលោកក៏បានដឹកបន្ដ ទៅទីក្រុងព្រៃនគរ ដោយបានបន្ថែមដៃជើង ខុសពីទម្រង់ដើម ។ ក្រោយមកប្រតិមានេះ ត្រូវបានបញ្ជូនមករក្សាទុក ក្នុងសារមន្ទីរខ្មែរនាឆ្នាំ១៩០៥ និងបានសម្រេច ដកដៃជើង ដែលបន្ថែមនោះចេញ ។ ក្រោយសារមន្ទីរជាតិបើកសម្ភោធនៅឆ្នាំ១៩២០ ប្រតិមា និងវត្ថុបុរាណរបស់សារមន្ទីរខ្មែរ ត្រូវបានផ្ទេរទៅរក្សាទុក និងដាក់តាំងបង្ហាញនៅទីនេះ។
ប្រតិមានេះមានភាពប្រណិត ដោយមានសក់ក្រងបួង ទៅលើដូចមកុដព្រះឥសូរ ផ្នត់សក់ទម្លាក់ចុះមកក្រោមសងខាងព្រះសិរទាំងសងខាង មានស្លៀកត្រឹមសំពត់សម្លុយក្រវ៉ាត់ ចង្កេះលម្អដោយត្បូងរឹបរួតត្រគាក រីឯចុងសំពត់រីកសាយ សំយ៉ុងជាផ្នត់នៅចំពីមុខ។ តាមរយៈសោភ័ណភាពនៃដងខ្លួន និងការលម្អ អ្នកជំនាញសន្និដ្ឋានថាព្រះនាងជាស្ដ្រី ដ៏ស្រស់សោភាពេញលក្ខណៈទាំងអស់ ៕


