ព្រឹត្តិការណ៍

រយៈពេល​ជិត ៩០​ឆ្នាំមកនេះ ប្រទេស​ណាខ្លះ ​ដែលបាន​ផ្លាស់ប្តូរឈ្មោះ?

ថ្មីៗនេះ ឥណ្ឌា​គ្រោងផ្លាស់ប្តូរ​ឈ្មោះប្រទេសទៅជាឈ្មោះ បារ៉ាត (Bharat) ដោយ​ចង់លុបបំបាត់​ស្លាកស្នាម​ក្នុងប្រវត្តិសាស្រ្ត​​ ដែល​ធ្លាប់​ស្ថិតក្រោមអាណានិគមអង់គ្លេស និង​ចង់​សំដៅ​លើកស្ទួយ​សាសនាហិណ្ឌូ។ យ៉ាងណាមិញ រឿង​ប្តូរឈ្មោះប្រទេស​នេះ ពុំមែន​ជារឿងថ្មីឡើយ ព្រោះថា​ ជិត ៩០ឆ្នាំមកនេះ មាន​ប្រទេស​ជាច្រើន​ហើយ ដែល​បានផ្លាស់ប្តូរឈ្មោះ ក្រោមហេតុផលផ្សេងៗគ្នា។ ប៉ុន្តែ​យើងសូមលើក​ប្រទេស​ចំនួន៧ប៉ុណ្ណោះ​ មកបង្ហាញ​ដូចខាងក្រោម៖

១. ពែរ្ស (Persia) ប្តូរមកជា អ៊ីរ៉ង់ (Iran) នៅក្នុងឆ្នាំ១៩៣៥ ដោយសាររដ្ឋាភិបាលពេលនោះ ចង់​ស្តារ​ឈ្មោះ​ដើមរបស់ប្រទេស​ខ្លួនឡើងវិញ និងលុបបំបាត់អតីតកាល​ដែលស្ថិតក្រោម​ឥទ្ធិពល​លោកខាងលិច ពោលគឺឈ្មោះ Persia ត្រូវបាន​ហៅ​ដោយចក្រភព​ក្រិច។

២. សៀម (Siam) ប្តូរមកជា ថៃ (Thailand) នៅក្នុងឆ្នាំ ១៩៣៩ ធ្វើឡើង​បន្ទាប់ពី​ប្រទេសនេះ​បានផ្លាស់ប្តូរ​ទៅជា​របប​រាជាធិបតេយ្យអាស្រ័យធម្មនុញ្ញ។

៣. ប៉ាគីស្ថាន​ខាងកើត (East Pakistan) ប្តូរមកជា បង់ក្លាដែស (Bangladesh) នៅក្នុងឆ្នាំ ១៩៧១ បន្ទាប់ពី ប៉ាគីស្ថាន​ខាងកើត ផ្តាច់​ខ្លួនចេញពី ប៉ាគីស្ថាន​ខាងលិច។ ការប្រកាសឯករាជ្យនេះ ក្រោយផ្ទុះសង្គ្រាម​ដ៏សាហាវឃោឃៅ​រវាងភាគីទាំងពីរ។ ការប្តូរឈ្មោះមក បង់ក្លាដែសនេះ ក៏ដើម្បី​ឆ្លុះបញ្ចាំង​ពីភាព​ខុសគ្នា​នូវវប្បធម៌ ភាសា សាសនា និងនយោបាយពី ប៉ាគីស្ថានខាងលិច​ផងដែរ។

៤. សីឡុន (Ceylon) ប្តូរមកជា ស្រីលង្កា (Sri Lanka) នៅក្នុងឆ្នាំ​១៩៧២ ពេល​ប្រកាសខ្លួន​ជាសាធារណរដ្ឋ ក្រោយទទួលបានឯករាជ្យពីអង់គ្លេស។ Sri Lanka ជាពាក្យ​នៅក្នុងភាសា Sinhalese។

៥. ឆេកូស្លូវ៉ាគី (Czechoslovakia) បំបែក​ទៅជា សាធារណរដ្ឋឆេក (Czech Republic) និង ស្លូវ៉ាគី (Slovakia) នៅក្នុងឆ្នាំ​១៩៩៣ បន្ទាប់ពី​បញ្ចប់​របប​ដឹកនាំកម្មុយនីស្ត ហើយសម្រេច​បែងចែក​តំបន់​គ្នា​រវាង​ជាតិសាសន៍ឆេក និងស្លូវ៉ាក់ ដោយសន្តិវិធី ឱ្យក្លាយ​ជាប្រទេសរៀងៗខ្លួន។ យ៉ាងណាមិញ ការហៅឈ្មោះ សាធារណរដ្ឋឆេក ហាក់វែងពេក ដូច្នេះប្រទេសមួយនេះ ក៏ចង់ប្តូរឈ្មោះខ្លីដែរ ទៅជា Czechia វិញដើម្បីងាយស្រួលហៅ តែមិនទាន់ផ្លូវការទេ។

៦. ភូមា (Burma) ប្តូរមកជា មីយ៉ាន់ម៉ា (Myanmar) នៅក្នុងឆ្នាំ​១៩៨៩ ធ្វើឡើង​ដោយរដ្ឋាភិបាលយោធា ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​ និងអំណាច​របស់ខ្លួន​​ដែល​កាន់កាប់ប្រទេសនេះស្របច្បាប់។

៧. ស្វាស៊ីឡង់ (Swaziland) ប្តូរមកជា អ៊ីស្វាទីនី (Eswatini) នៅក្នុង​ឆ្នាំ​២០១៨ ធ្វើឡើង​ក្នុងពេល​ប្រទេស​នេះ ប្រារព្ធខួបទី៥០ នៃការទទួលបាន​ឯករាជ្យពីអង់គ្លេស។ ការប្តូរឈ្មោះនេះ បន្ទាប់ពីស្តេច Mswati មានការបារម្ភ​ពីការហៅឈ្មោះប្រទេស​ខ្លួន​ច្រឡំនឹង ប្រទេសស្វីស (Switzerland) ដែល​កាន់របប​ខុសគ្នា​ទាំងស្រុង៕

Most Popular

To Top