ព្រឹត្តិការណ៍

ស្ដ្រីខ្មែរនៅជប៉ុនម្នាក់ មានប្រវត្ដិតស៊ូមិនធម្មតា មុនមហាជនស្គាល់មុខ នៅលើបណ្ដាញសង្គម

ក្នុងវ័យ ៤២ឆ្នាំ អ្នកស្រី គាំ សុខសម្ផស្ស (Korm Soksamphors) ត្រូវបានមហាជន ស្គាល់តាមរយៈហ្វេសប៊ុកផេកឈ្មោះ Samphors S Korm ដោយវីដេអូផ្ទុះការគាំទ្រ ភាគច្រើន គឺជាវីដេអូបង្ហាញពីបៀបធ្វើម្ហូប របៀបរស់នៅ និងដំណើរកម្សាន្ដនានា នៅប្រទេសជប៉ុន ។ សម្ផស្សត្រូវបានគេចាត់ទុកថា ជាស្ដ្រីខ្មែរម្នាក់ចេះរក្សាតម្លៃ និងលើកស្ទួយវប្បធម៌ និងមុខម្ហូបប្រពៃណី ជាច្រើនរបស់កម្ពុជា និងជប៉ុន ។

ថ្មីៗនេះ មានមនុស្សជាង ២លាននាក់ បានបង្ហាញការគាំទ្រ សម្ផស្ស លើការប្រតិកម្មនឹងបុរសជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Uncle roger ដែលនិយាយពីរសជាតិមុខម្ហូបនៅតំបន់អាស៊ីអាគ្នេយ៍ប៉ះពាល់ដល់កិត្ដនាមនៃមុខម្ហូបរបស់ខ្មែរ។ សម្ផស្ស ថា៖ “ដើម្បីតែលុយ និងview ហ៊ានជាន់ឈ្លីមើល ងាយជាតិសាសន៍ដទៃ”។ តាមរយៈវីដេអូនេះ ធ្វើឲ្យមហាជនគោរពស្រឡាញ់ នាងកាន់តែច្រើន។

តើអ្នកស្រី គាំ សម្ផស្ស មានប្រវត្ដិការងារ និង ការតស៊ូបែបណា មុនគេស្គាល់ក្នុងនាមជាស្ដ្រីខ្មែរ រស់នៅប្រទេសជប៉ុន ដែលមានសមត្ថភាព ចែករំលែកចំណេះដឹង ហើយហ៊ានប្រតិកម្ម ចំពោះអ្នកធ្វើទង្វើប៉ះពាល់ដល់ជាតិខ្មែរ?

កុមារី គាំ សម្ផស្ស កើតនៅឆ្នាំ១៩៨១ ក្នុងគ្រួសារដែលមានឪពុកជាអតីតគ្រូ ពេទ្យជំនាញព្យាបាលជំងឺកុមារ ម្តាយជាអតីតអាជីវករលក់មាស និងប្តូរប្រាក់នៅផ្សារតាកែវ រស់ក្នុងជីវភាពមធ្យមមួយនៅក្រុងដូនកែវ ខេត្ដតាកែវ។ ក្រោយរៀនចប់ថ្នាក់ទី១២ ឬថ្នាក់មធ្យម សិក្សាទុតិយភូមិ នាងក៏បានជាប់ អាហាររូបករណ៍រៀន បន្ដទៅថ្នាក់បរិញ្ញាប័ត្រសង្គមសាស្ដ្រ មនុស្សសាស្រ្ត ផ្នែកទស្សនៈវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មណ្ឌល២។

ចំពោះការងារវិញ សម្ផស្ស ធ្លាប់ប្រឡូកក្នុងស្ថាប័នអង្គការ មិនមែនរដ្ឋាភិបាលរយៈពេល ១៦ឆ្នាំ។ ក្នុងនោះ សម្ផស្សបាន ធ្វើការជាទីប្រឹក្សាផ្នែកអភិវឌ្ឍសហគមន៍(Community Development Short-Term Consultant ) នៅខេត្ដកំពត នៃអង្គការអាល្លឺម៉ង់GTZ (តែឥឡូវបានប្តូរឈ្មោះទៅជា GIZ ) រយៈពេល ២ឆ្នាំ ។ បន្ទាប់មកសម្ផស្សចូលធ្វើការ នៅអង្គការម្លប់បៃតងជិត១ឆ្នាំ កាន់តួនាទីជាប្រធានគម្រោង ទេសចរណ៍ធម្មជាតិ(Ecotourism Project Officer) នៅខេត្តកំពង់ស្ពឺ តំបន់ប្រតិបត្តិការ គឺនៅតំបន់ទេសចរណ៍ ធម្មជាតិទឹកធ្លាក់ចំបក់។ សម្ផស្សក៏ធ្លាប់ធ្វើការនៅអង្គការ គ្រួសារយើងជិត២ឆ្នាំ តួនាទីជាអ្នកផ្តល់ ប្រឹក្សាសង្គម(Social Worker)ដល់គ្រួសារក្រីក្រ នៅតំបន់ជាយក្រុងភ្នំពេញ ។ សម្ផស្សធ្វើការនៅអង្គការទស្សនពិភពលោកកម្ពុជា (World Vision Cambodia) ជិត៣ឆ្នាំ ជាគ្រូបង្គោលផ្នែកសុវត្ថិភាBកុមារ ក្នុងវិស័យទេសចរណ៍ (ToT Officer on Child Safe Tourism) ។

ឆ្លងកាត់ការរស់នៅ និងធ្វើការស្ទើរគ្រប់វិស័យ អ្នកស្រី គាំ សុខសម្ផស្ស ក៏មិនទាន់អស់ចិត្ដទៅណាឆ្ងាយពីការងារសង្គមដែរ ដោយអ្នកស្រីបន្ដធ្វើការនៅអង្គការ វិទ្យាស្ថានសិក្សា និងស្រាវជ្រាវ (The Learning Institute) ៣ឆ្នាំ ក្នុងនាមជាមន្ត្រីកសាង សមត្ថភាព (Capacity Building Officer) លើគម្រោងអភិរក្សធនធានធម្មជាតិ នៅតំបន់អាងបឹង ទន្លេសាប (CBNRM in Tole Sap Basin) ដែលមានការិយាល័យ នៅរាជធានីភ្នំពេញ ប៉ុន្ដែអ្នកស្រីធ្វើដំណើរចុះឡើង ទៅកាន់ខេត្តទាំង៥ជុំវិញ បឹងទន្លេសាបមានដូចជា កំពង់ឆ្នាំង កំពង់ធំ សៀមរាប ពោធិសាត់ និងបាត់ដំបង។ ក្រោយមកទៀតអ្នកស្រីក៏បានផ្លាស់ទៅធ្វើការនៅអង្គការ Live &Learn Cambodia ២ឆ្នាំ ជាមន្ត្រីជំនាញផ្នែកយែនឌ័រ និងកុមារ (Gender and Child Specialist) ។

ការផ្លាស់ប្តូរការងារ ជាបន្តបន្ទាប់ របស់សម្ផស្សគឺដោយសារ តែអាយុកាល របស់គម្រោង ត្រូវបានបញ្ចប់ និងឪកាសនៃការ ចាប់តួនាទីថ្មី នៅកន្លែង ការងារថ្មី ដែលអាចទទួលបានតួនាទី និងប្រាក់ខែខ្ពសជាងមុន ។ តែលើលោកនេះអ្វីៗ មិនចេះតែទៀង ទាត់រហូតទេ អ្នកស្រីសម្ផស្សបានឆ្លង កាត់ជីវិតបែកបាក់គ្រួសារ ជាមួយស្វាមី ជាជនជាតិខ្មែរនៅឆ្នាំ២០១៥ ។ ដោយការស្រលាញ់ វិជ្ជាធ្វើម្ហូបជាលើស លប់អ្នកស្រីក៏បានសម្រេចចិត្ត ធ្វើតាមបេះដូងរបស់ខ្លួន ដោយធ្វើដំណើរមក ខេត្តសៀមរាប ចុះឈ្មោះចូលរៀន ធ្វើម្ហូបនៅសាលាចុងភៅ បារាំង ដ៏ល្បីមួយឈ្មោះ Ecole Paul Dubrule ហើយក្រោយបញ្ចប់ ការសិក្សា១ឆ្នាំអ្នកស្រីក៏បានដាក់ពាក្យចូលធ្វើការជាចុងភៅនៅភោជនីយដ្ឋានដ៏ប្រណិតមួយឈ្មោះ ម្លិះ របស់ក្រុមហ៊ុន Thalias ប៉ុន្តែដោយអ្នកស្រីពូកែទាំងកុំព្យូទ័រ និងភាសាអងគ្លេស តួនាទីដែលអ្នកស្រីទទួលបានប្រែទៅជា មន្ត្រីផ្នែករដ្ឋបាល និងធនធានមនុស្ស(Admin and Human Resource Officer) ទៅវិញ ។

ក្រោយធ្វើការជាង១ឆ្នាំនៅភោជនីដ្ឋានម្លិះ អ្នកស្រីក៏ទទួលបានឪកាសការងារថ្មីតួនាទីល្អប្រសើរជាងមុនគឺអង្គការ Sunrise Cambodiaបានផ្តល់ជូនការងារឲ្យអ្នកស្រីធ្វើជាប្រធានកម្មវិធីអភិវឌ្ឍន៍សហគមន៍ (Provincial Community Development Program Manager) នៅខេត្តសៀមរាប ។

ក្រោយពីមានបទពិសោធន៍ការងារ សង្គមយ៉ាងក្រាស់ក្រែល អ្នកស្រី គាំ សុខសម្ផស្ស ក៏ទទួលបានការងារថ្មីមួយទៀត ដំណាលគ្នានឹងការងារនៅអង្គការ Sunrise Cambodia គឺតួនាទីជានាយកគ្រប់គ្រង នៅសណ្ឋាគារខ្នាតតូចមួយ នៅខេត្តសៀមរាបឈ្មោះ សម្បត្តិប៊ូទិកវីឡា ដែលជាសណ្ឋាគារ កម្រិតផ្កាយ៣ មានអាងហែលទឹក និងបន្ទប់មានផា សុខភាព។ ប៉ុន្ដែបើកបានតែ 2ឆ្នាំ រូបគាត់ក៏បានជួបបុរសជាជនជាតិជប៉ុនឈ្មោះ Murakami Tetsuharu ដែលបុរសនោះបានដឹកនាំសប្បុរសជនជាជនជាតិជប៉ុនមួយក្រុមមក ជួយសាងសង់អណ្តូងទឹក សាលារៀន បង្គន់អនាម័យដល់អ្នកក្រីក្រ នៅខេត្តសៀមរាប ដោយបានទទួល ការសម្របសម្រួល និងស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯត្តម សៀងណាំ ហើយសម្ផស្សក៏បានបាក់ចិត្តស្រលាញ់បុរស ម្នាក់នោះ ហើយក៏បានរៀបការ តាមប្រពៃណីខ្មែរ នៅផ្ទះឪពុក ម្តាយបង្កើតរបស់ សម្ផស្សនៅក្រុងដូនកែវ ខេត្តតាកែវ ។ ក្រោយរៀបការតែមួយសប្តាហ៍ សម្ផស្សក៏បានមកដល់ប្រទេសជប៉ុន ចាប់ផ្តើមជីវិតថ្មីជាមួយស្វាមីក្រោយនេះ ដោយនាំយកមកជាមួយនូវកូនស្រីសំណព្វ (កូនជាមួយស្វាមីមុន) មកផងដែរ ។

ពេលទៅដល់ប្រទេសជប៉ុន អ្នកស្រី គាំ សុខសម្ផស្ស ក៏មិនបានពឹងផ្អែក លើកម្លាំងស្វាមីទាំងស្រុងដែរ ។ អ្នកស្រីបានយក បទពិសោធន៍ សិក្សាផ្នែកចុងភៅម្ហូបអាហារអាស៊ីអ៊ឺរ៉ុប នៅសាលាចុងភៅបារាំង Ecole Paul Dubrule ខេត្ដសៀមរាប ទៅដាក់ពាក្យធ្វើការនៅទីនោះ។ ដំបូងប្រាក់ខែ បានតែ២០ម៉ឺនយ៉េន ប៉ុណ្ណោះ ក្នុង១ខែ ប៉ុន្ដែក្រោយធ្វើបាន១ឆ្នាំ ខាងភោជនីយដ្ឋានបានដំឡើង មុខតំណែង និងដំឡើងប្រាក់ខែដល់ ៣០ម៉ឺនយ៉េន (ប្រហាក់ប្រហែលនឹង ២០០០ដុល្លារ) ក្នុង ១ខែ។

ដោយមើលឃើញពីភាពចាំបាច់ ក្នុងការចំណាយ ពេលវេលាច្រើនលើកូនៗ និងស្វាមី អ្នកស្រីក៏សម្រេចលាឈប់ ពីការងារជាចុងភៅនោះ ហើយត្រឡប់មកផ្តោត លើការងារ ផលិតវីដេអូបង្រៀនធ្វើម្ហូប ដាក់ក្នុងយូធូប និងហ្វេសប៊ុកជំនួសវិញ ព្រោះវាផ្ដល់ចំណូល ប្រហាក់ប្រហែលគ្នា ហើយមានពេលវេលា គ្រប់គ្រាន់សម្រាប់គ្រួសារ ព្រមទាំងចង់ធ្វើវីដេអូផ្សេងៗទៅតាមចំណង់ចំណូលចិត្ដរបស់ខ្លួន ។

បើតាមអ្នកស្រី គាំ សុខសម្ផស្ស បានបញ្ជាក់ថា អ្នកស្រីចាប់ផ្តើមលេងបណ្ដាញ សង្គមហ្វេសប៊ុកតាំងពីឆ្នាំ២០១០ ប៉ុន្ដែទើបក្រោយឆ្នាំ២០១៨ ទេដែលវីដេអូរបស់គាត់ទទួលបានការគាំទ្រ កាន់តែខ្លាំងពីមហាជន ទាំងបងប្អូនខ្មែរក្នុងស្រុក និងក្រៅប្រទេស ជាពិសេសក្នុងចំណោមស្ត្រីមេផ្ទះដែលចូលចិត្តធ្វើម្ហូប ។ បច្ចុប្បន្នអ្នកស្រីក៏មានអាខោន IG TikTok Twitters ផងដែរ ដែលសន្ទុះនៃការគាំទ្រ ក៏មានប្រហាក់ប្រហែលគ្នា ។ សម្រាប់បងប្អូនដែលចង់ដឹងព័ត៌មានបន្ថែម អាចចូលទៅកាន់ទំព័រហ្វេសប៊ុក របស់អ្នកស្រី គឺ Samphors S Korm ឆាណែលយូធូប Samphors S Korm និងTikTok Samphors S Korm៕Facebook Samphors S Korm

Most Popular

To Top