អាកាសយានដ្ឋាន អន្តរជាតិ ឆាងីសិង្ហបុរី គ្រោងនឹងដាក់ចេញនូវការ ប្រើប្រាស់យន្តការចាកចេញ ពីប្រទេសសិង្ហបុរី ដោយមិនប្រើប្រាស់លិខិតឆ្លងដែន។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីទំនាក់ទំនង និងព័ត៌មាន អ្នកស្រី ចូសេហ្វីន ត្យូ (Josephine Teo) នៅក្នុងសប្ដាហ៍នេះ។
អ្នកស្រីបានលើកឡើងថា សិង្ហបុរីនឹងដាក់ចេញ នូវការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ សម្រាប់ការជម្រះបញ្ជីនៅស្ថានីយ៍អន្តោវេសន៍ ដោយមិនប្រើប្រាស់លិខិតឆ្លងដែន។ ប្រព័ន្ធនឹងធ្វើការស្កេនលើមុខ និងស្កេនក្រយៅដៃ នៅកន្លែងត្រួតពិនិត្យអន្តោប្រវេសន៍។
ទោះបីជាបែបនេះក្ដី ប្រព័ន្ធនឹងដាក់អនុវត្តនៅតែព្រលានសិង្ហបុរីប៉ុណ្ណោះ ដូច្នេះអ្នកដំណើរនៅតែកាន់លិខិតឆ្លងដែនដដែល ដោយសារតែព្រលានប្រទេសផ្សេងៗទៀត មិនទាន់បំពាក់នូវបច្ចេកវិទ្យានេះនៅឡើយ ដោយនៅត្រូវការត្រួតពិនិត្យលិខិតឆ្លងដែន។
សូមជម្រាបផងដែរថា កន្លងទៅមានតែព្រលានទីក្រុងមួយចំនួនទេ ដែលមានបច្ចេកវិទ្យានេះ។ ព្រលានទាំងនោះរួមមាន ព្រលាន Heathrow ប្រទេសអង់គ្លេស ព្រលាន Narita ទីក្រុងតូក្យូ ព្រលានទីក្រុងហុងកុង ក៏ដូចជាព្រលាននៅទីក្រុងឌុយបៃ។
ការដាក់ចេញនូវបច្ចេកវិទ្យាស្កេនមុខ និងក្រយៅដៃ ធ្វើឡើងដើម្បីកាត់បន្ថយពេលវេលា នៃការត្រួតពិនិត្យលិខិតឆ្លងដែន ដោយការប្រើប្រាស់បច្ចេកវិទ្យានេះចំណាយតែ ៥វិនាទីប៉ុណ្ណោះ ដើម្បីត្រួតពិនិត្យអត្តសញ្ញាណអ្នកដំណើរ៕