ទង់ជាតិ នៃប្រទេសជាច្រើន នៅលើពិភពលោក មានការបញ្ចូលអាវុធផ្សេងៗដែលមានន័យផ្សេងៗគ្នាពីមួយទៅមួយ តែអាវុធសម័យទំនើបដូចជា AK-47 ជាដើមមានក្នុងសញ្ញាជាតិ របស់ប្រទេសមួយចំនួនដែរ តែបើសម្រាប់ទង់ជាតិវិញ មានតែប្រទេសម៉ូហ្សាំប៊ិក (Mozamique) ទេដែលមានកាំភ្លើងទម្រង់ដូចប្រភេទ AK-47 ក្នុងទង់ជាតិរបស់គេ ។
AK-47 នេះតំណាងឲ្យសង្គ្រាមទាមទារ ឯករាជ្យពីប្រទេសព័រទុយហ្គាល់ ដែលក្រោយមកជនជាតិម៉ូហ្សាំប៊ិក ទទួលឯករាជ្យនៅឆ្នាំ ១៩៧៥។ ក្នុងសង្គ្រាមទាមទារឯករាជ្យនេះដែរ កាំភ្លើងដែលផលិត ដោយជនជាតិរុស្ស៊ីមួយប្រភេទនេះ ត្រូវបានប្រើប្រាស់ដើម្បីប្រយុទ្ធ។
ក្នុងទង់ជាតិរបស់ម៉ូហ្សាំប៊ិក កាំភ្លើងប្រភេទនេះ ត្រូវបានគេដាក់ខ្វែងជាមួយចបកាប់ នៅពីមុខសៀវភៅកំពុងចំហ ដោយមានផ្កាយពណ៌លឿង ជាមួយនឹងផ្ទាំងក្រហមនៅពីក្រោយ។
ចបកាប់ តំណាងឲ្យកសិកម្ម ឯសៀវភៅកំពុងចំហតំណាងឲ្យវិស័យអប់រំ ហើយផ្ទាំងក្រហមជាមួយនឹងផ្កាយពណ៌លឿងតំណាងឲ្យសាមគ្គីអន្តរជាតិ។
សូមបញ្ជាក់ថា ទង់ជាតិម៉ូហ្សាំប៊ិកនេះ ដាក់ប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៨៣ ហើយក៏មានការស្នើឲ្យដករូបកាំភ្លើងទម្រង់ដូច AK-47 ចេញផងដែរក្នុងឆ្នាំ២០០៥ ដោយសារតែកាំភ្លើងប្រភេទនេះក៏បានសម្លាប់ប្រជាជនជាច្រើននៅសម័យសង្គ្រាមស៊ីវិល។ ទោះជាយ៉ាងណា សំណើត្រូវបានបដិសេធ៕