មកទល់ពេលនេះ នៅមិនទាន់មានការកំណត់ ឱ្យបានជាក់លាក់នៅឡើយទេថា តើនៅពេលឈប់តាមស្តុបភ្លើងក្រហមម្តងៗ អ្នកបើកបររថយន្តលេខអូតូ គួរជាន់ហ្វ្រាំង ដាក់ចង្កឹះលេខអក្សរ P ឬ អក្សរ N ។ ការពិតទៅ អ្នកបើកបរអាចយកជម្រើសមួយណាក៏បាន បើគិតថា ជម្រើសនោះមានសុវត្ថិភាពជាង និងមិនបង្កផលប៉ះពាល់ដល់រថយន្ត។
យ៉ាងណាមិញ ប្រសិនបើអ្នកនៅតែមានការ ស្រពិចស្រពិលជុំវិញរឿងនេះ យើងសូមបង្ហាញនូវជម្រើសដូចខាងក្រោម៖
១. ប្រសិនបើឈប់ស្តុបក្រោម ៣០វិនាទី គឺគួរបន្តដាក់ចង្កឹះលេខអក្សរ D ដដែល ដោយគ្រាន់តែជាន់ហ្វ្រាំង ដើម្បីបញ្ចៀសការឆ្លាស់ចង្កឹះលេខចុះឡើង និងជួយថែរក្សាប្រអប់លេខ។

២. ប្រសិនបើឈប់ស្តុបរាងយូរជាងនេះ គឺគួរដាក់អក្សរ N ដើម្បីសន្សំសំចៃសាំង និងចៀសវាងគ្រោះថ្នាក់ ព្រោះបើសិនជាន់ហ្វ្រាំងយូរពេក អាចចុកជើង ហើយអាចនឹងច្រលំដកជើងចេញ ពីឈ្នាន់ហ្វ្រាំងដោយមិនដឹងខ្លួន។ ម្យ៉ាងទៀត ទោះមានរថយន្តដទៃបុកពីក្រោយ ក៏មិនបណ្តាលឱ្យខូចប្រអប់លេខដែរ។ ហើយចំពោះការដាក់ N នេះដែរ ប្រសិនបើឈប់ស្តុបនៅលើផ្លូវទួល គួរដាក់ហ្វ្រាំងដៃបន្ថែម ដើម្បីកុំឱ្យរអិល។

៣. ចំពោះការដាក់អក្សរ P គួរធ្វើឡើងនៅពេលដែលអ្នកឈប់ នៅទីកន្លែងណាមួយត្រឹមត្រូវតែប៉ុណ្ណោះ ព្រោះបើដាក់ P ពេលឈប់ស្តុប អ្នកអាចនឹងជួបហានិភ័យពីរយ៉ាង គឺនៅពេលមានរថយន្តដទៃបុកពីក្រោយ នោះរថយន្តអ្នកអាចនឹងខូចប្រអប់លេខ និងមួយទៀតសម្រាប់រថយន្តខ្លះ ពេលដាក់ P វានឹងបើកសោទ្វារអូតូតែម្តង បើកឱកាសដល់ពួកចោរកម្ម ហើយបើមានក្មេងទៀត ពួកគេអាចបើកទ្វាររថយន្តលេងទៀតផង ៕

