ឆាមីសួរ គឺជាមុខម្ហូបមួយប្រភេទ ដែលគេតែងធ្វើជាចង្ហាន់យកទៅប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ តើមូលហេតុអ្វីបានជាចាស់ៗផ្ដាំឲ្យកូនចៅធ្វើម្ហូបនេះទៅវត្ត?
ព្រះភិក្ខុ ធួន ច័ន្ទថន គង់នៅវត្តសន្សំកុសល រាជធានីភ្នំពេញ បានមានសង្ឃដីកាថា ការចម្អិនមីសួរ ឬគុយទាវ ដើម្បីធ្វើជាចង្ហាន់យកទៅវត្តនេះ គឺដោយសារតែមានជំនឿមួយទាក់ទងនឹងប្រេតមួយពួក។ ប្រេតទាំងនោះមានមាត់តូចប៉ុនគូថម្ជុល មិនអាចបរិភោគចំណីអាហារដែលមានទំហំធម្មតាបានទេ។
ដូចនេះហើយទើបពុទ្ធបរិស័ទដែលភ័យខ្លាចញាតិការបស់ខ្លួនមានបាបកម្មធ្លាក់ទៅចាប់កំណើតជាប្រេតជំពូកនេះ ពួកគាត់នាំគ្នាចម្អិនមីសួរយកទៅវត្តដើម្បីអាចឲ្យប្រេតទាំងនោះទទួលយកអាហារបាន ព្រោះគ្មាននរណាម្នាក់អាចដឹងនោះឡើយថា បុព្វការីជនរបស់ខ្លួនបានចាប់កំណើតជាអ្វីឲ្យប្រាកដ។
តាមឯកសារមួយចំនួនបានបង្ហាញថា ពពួកប្រេតដែលមានលក្ខណៈដូចដែលព្រះភិក្ខុ ធួន ច័ន្ទថន លើកឡើងខាងលើ គឺត្រូវនឹងពពួកប្រេតឈ្មោះ “សុចិមុខ”។ តាមរយៈសៀវភៅកំណាព្យល្បើកប្រេត របស់លោក សុង ស៊ីវ បានសរសេរថាប្រេតឈ្មោះ សុចិមុខ នេះគឺជាប្រភេទប្រេតមួយពួកដែលមានខ្លួនធំប៉ុនភ្នំ ដៃជើងវែងៗ តែមាត់វិញស្រួច រន្ធមាត់ប៉ុនគូថម្ជុល ក្បាលធំត្រមែង ភ្នែកលៀនក្រឡោត ក្រចកដៃវែងៗ កើតស្រែងស៊ីជុំជិត សាច់ពកធំៗដូចជាថ្ម ស្បែកក្រាស់គគ្រាត ស្លែដុះព្រោងព្រាត សក់ក្បាលពុកមាត់ និង ពុកចង្កាដុះដូច ព្រឹក្សា។
ពួកប្រេតប្រភេទនេះច្រើនរស់នៅតាមព្រៃជ្រៅ និង ភ្នំគិដ្បកូដ។ ប្រេតនេះផឹកទឹកមិនចូល ស៊ីបាយមិនរួច ព្រោះតែមាត់តូចពេក រស់នៅដោយភាពស្រេកឃ្លានរងកម្មវេទនាខ្លោចផ្សារ ក៏ព្រោះតែជាតិមុនមិនខិតខំសន្សំបុណ្យកុសល មានទ្រព្យ ប៉ុន្តែបង្អត់មិនទិញចំណីអាហារអីឲ្យមាតាបិតាពិសា គម្រិះម៉ៅស្វិតហួសកម្រិត៕