នៅក្នុងពេលបច្ចុប្បន្ននេះ យើងអាចនិយាយបានថា ជាសកលភាវូបនីយកម្មពិភពលោកដែរ ក្នុងនោះយើងសង្កេតឃើញថា មានឥទ្ធិពលយ៉ាងច្រើនទាំងបច្ចេកទេស ទាំងវប្បធម៌ បានជ្រាបចូលប្រទេសមួយ ទៅប្រទេសមួយផ្សេងទៀត។
ទន្ទឹមនឹងមានបច្ចេកវិទ្យាថ្មី កើតឡើងច្រើនក៏ដោយ ក៏យើងសង្កេតឃើញថា ប្រជាជន នៅតាមប្រទេសជាច្រើន នៅមិនទាន់បោះបង់ចោល នូវទស្សនះជំនឿពីអតីតកាលរបស់ខ្លួន នោះនៅឡើយទេ គឺពួកគេនៅតែបន្តគោរពជំនឿនេះ តាំងពីដូនតារហូតមកដល់ពេលឥឡូវ។
ជាក់ស្ដែងប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលស្ថិតនៅក្នុងចំណោមប្រទេសខាងលើនេះដែរ។ ប្រជាជនភាគច្រើនប្រទេសនេះ នៅតែរក្សាអបិយជំនឿមួយ ដែលយើងហៅថា ជំនឿអ្នកតា នៅស្ទើរតែគ្រប់ទីកន្លែងក្នុងផ្ទៃប្រទេស។ ទោះបីជាប្រទេសនេះបានផ្លាស់ប្ដូរមកកាន់ពុទ្ធសាសនាហើយក្ដី ក៏ជំនឿលើអ្នកតា នៅតែបន្តមានដដែរ ។
អ្នកតាមិនត្រឹមតែឃើញមាន នៅតាមផ្លូវតាមភូមិ តាមផ្ទះប៉ុណ្ណោះទេ តែលើសពីនេះទៀត ជាពិសេស យើងឃើញ មានការសាងសងខ្ទមអ្នកតា នៅតាមវត្តអារាមពុទ្ធសាសនា បែបថេរចាទទៀតផង។
អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវ ជាច្រើន បានបញ្ចោញយោបល់ខុសៗ គ្នាអំពីបញ្ហានេះ ។ មតិខ្លះយល់ថាអ្នកតា គឺ ជាព្រលឹងរបស់បុព្វបុរស ឬជំពូកមនុស្សជាវីរបុរស (អ្នកខ្លាំងពូកែ) ប្រចាំស្រុកឬតំបន់ណាមួយ ។ បើមានសេចក្តីជំពាក់ចិត្ត ដោយកិច្ចការណាមួយក្នុងលោក លុះស្លាប់ហើយតែង តែកើតទៅជាអ្នកតា , ដូចជាឧកញ៉ាសួគ៌ាលោកមឿង ចៅហ្វាយខេត្តពោធិ៍សាត់ ដែលស្លាប់ក្នុងពេលធ្វើសឹក ព្រះចន្ទរាជានោះ គេថាទៅកើតជាអ្នក តាឃ្លាំងមឿង នៅខេត្តពោធិ៍សាត់សព្វថៃ្ងនេះ ។ ឯអ្នកខ្លះយល់ថា ៖ ពួកបុព្វបុរសមានជីតាជាដើម (ពុំចាំបាច់ជាមនុស្សមានមហិទ្ធិប្ញទ្ធិទេ) នៅពេលស្លាប់ហើយ តែងទៅកើតជាខ្មោចមួយពួកនៅចាំថែរក្សា កូនចៅដែលនៅរស់។ ដូច្នេះពាក្យ“អ្នកតា”បានក្លាយទៅជាខ្មោចមួយពួក ដែលនៅរក្សាមនុស្ស ។ មតិខ្លះទៀតថា៖ “អ្នកតា” ក្លាយចេញមកពីពាក្យថា “ទេវតា” ។នៅជំនាន់ដើមប្រហែល ជាហៅថា “អ្នកតាទេវតា” យូរៗមកកាត់ចោល “ ទេវ” ចេញនៅត្រឹមតែ“អ្នកតា” ហើយហៅជាប់រៀងមកដល់សព្វថៃ្ងនេះ ដោយហេតុ មនុស្សបុរាណកាល នៅពេលនិយាយ ហៅឈ្មោះអ្នកធំច្រើនដាក់ពាក្យថា “អ្នក”នៅខាងដើម ។ ដូចយ៉ាងហៅព្រះសង្ឃថា“អ្នកយើង”ហៅស្តេច ថា“អ្នកព្រះបាទជាអម្ចាស់”។ ដូចច្នេះពាក្យ “អ្នកតា” ក្នុងទីនេះចាស់បុរាណសំដៅយកភូមិទេវតា គឺទេវតាជាន់ទាប ដែលអាស្រ័យនៅស្ថានមនុស្សលោកនេះ។
អ្នកតាមានពីរប្រទេស ១- ពួកទេវតារក្សា ព្រះនគរប្រជាជនខ្មែរតែងហៅថា “អ្នកតាព្រះស្រុក” សម័យក្រុងឧដុង្គមានអ្នកតាឃ្លាំងមឿង នៅខាងត្បូងព្រះបរមរាជវាំង និងអ្នកតាដំបងដែកនៅភ្នំព្រះរាជទ្រព្យជាអ្នកតាព្រះស្រុក ។ នៅក្រុងភ្នំពេញមានអ្នកតាព្រះចៅនៅវត្តភ្នំជាអ្នកតាព្រះស្រុក ។ ២- អ្នកតារក្សាខេត្តស្រុកទាំងឡាយគេហៅថា “អ្នកតាចាស់ស្រុក” ។ អ្នកតាក្រុមនេះជាចន្ទល់ចម្ពាមរបស់ អ្នកតាព្រះស្រុក។នៅក្នុងប្រទេសខ្មែរ មានអ្នកតាជាច្រើននៅពាសពេញតាមភូមិ, ស្រុក, ខេត្តដូចជាអ្នកតាឃ្លាំងមឿងនៅខេត្តពោធិសាត់, អ្នកតាដំបងដែកនៅភ្នំជីសូរ (ក្នុងខេត្តតាកែវ), អ្នកតាជំទាវម៉ៅនៅតាមបណ្តោយផ្លូវជាតិលេខ៤ (ភ្នំពេញទៅក្រុងព្រះសីហនុ) ជាដើម ។ អាស្រ័យដោយមានអ្នកតាជាច្រើនបែបនេះ ទើបពុទ្ធសាសនបណ្ឌិត្យសម័យដើម បានចងក្រង ទុកក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៨ ដែលមានរៀបរាប់ចាប់ តាំងពីដើមកំណើតដំបូង របស់អ្នកតានីមួយៗ ។ ចំពោះរូបតំណាងអ្នកតាខ្លះវិញ ពុំប្រាកដថា ជារូបបុព្វបុរស កាលនៅរស់ទេ គឺគេគ្រាន់តែធ្វើរូបសន្មតិ, អ្នកតាខ្លះទៀត មានរូបតំណាងជាដុំថ្មតែប៉ុណ្ណោះ ។ ចំពោះការគោរពបូជាមានខុសប្លែកគ្នា ទៅតាមតំបន់នីមួយៗ ។
ហេតុអ្វីបានជាប្រជាជនខ្មែរមានជំនឿលើអ្នកតា?តាមសៀវភៅ “ទំនៀមទម្លាប់និងពិធីបុណ្យផ្សេងៗ”បានសរសេរបកស្រាយថា៖ មូលហេតុ ដែលរាប់អានអ្នកតា រហូតដល់ទៅខ្មោច, អារក្ស, បិសាចផ្សេងៗ ជាប់មកពីទំនៀមទម្លាប់មនុស្សក្នុងជាន់ដើម ពីក្នុងសម័យ ដែលមិន ទាន់កើតមានអ្នកប្រាជ្ញ ព្រះពុទ្ធជាដើមក្នុងលោក មានអ្នកល្ងង់ខ្លៅច្រើន ជាអ្នកប្រកបដោយសេចក្តីតក់ស្លុតក្នុងរឿងស្លាប់ និងរឿងដែលមិនសមប្រកបច្រើន ។ ហេតុនោះកាលណាគេឃើញអ្វីប្លែកចម្លែកអស្ចារ្យក្នុងចិត្ត គេក៏ស្មានថារបស់នោះ គង់មានអានុភាពជួយខ្លួនបាន ទើបនាំគ្នាបន់បួងសួងសុំឱ្យសម្រេច តាមសេចក្តីប្រាថ្នាជាទីពឹងទៅ។
ទោះជាយ៉ាងនោះក្តី ជំនឿលើអ្នកតានៅតែស្ថិតជាប់ក្នុងផ្នត់គំនិត និងដួងព្រលឹងខ្មែរជានិច្ច ទោះតិចឬច្រើនក៏ដោយ ដូចជា នៅពេលអ្នកណាមានជំងឺ ឬហៅថាអ្នកតាកាច់អាសន្នអន្ធក្រ ឬជួបប្រទះនូវមហន្តរាយផ្សេងៗ គេតែងរកគ្រឿងសំណែនទៅសែនអ្នកតា ។ នៅពេលគេកើតទុក្ខព្រួយចិត្តខ្លាំង គេរមែងរំលឹកគុណដល់អ្នកតា ៕