ក្នុងអំឡុងបេសកកម្ម អាប៉ូឡូទី១៧ នៅក្នុងឆ្នាំ១៩៧២ ដែលជាបេសកកម្ម មានមនុស្ស ដើរលើភពព្រះចន្ទចុងក្រោយបំផុត រួមមានអវកាសយានិកលោក Harrison Schmitt និងលោក Eugene Cernan គឺពេលនោះលោកទាំងពីរ បាននាំយកគំរូដី និងថ្ម ប្រហែល ១១០គីឡូក្រាម មកផែនដី ដើម្បីសិក្សាលម្អិត អំពីភពព្រះចន្ទនេះ ។
៥១ឆ្នាំក្រោយ ពោលគឺទើបតែថ្មីៗនេះ ក្រោយសិក្សាលម្អិតអំពីគំរូភពព្រះចន្ទនេះ អ្នកវិទ្យាសាស្រ្តបានប៉ាន់ស្មានថា ភពព្រះចន្ទអាចនឹងមានអាយុកាល ៤,៤៦ពាន់លានឆ្នាំទៅហើយ កើតឡើងក្រោយការកកើតឡើងប្រព័ន្ធព្រះអាទិត្យប្រមាណ ១១០លានឆ្នាំ ។
អ្នកវិទ្យាសាស្រ្តអះអាងថា ការដឹងអំពីអាយុកាល របស់ភពព្រះចន្ទកាន់តែច្បាស់ នឹងជួយឱ្យមនុស្សយើង កាន់តែយល់ច្បាស់អំពីប្រវត្តិនិងការវិវត្តរបស់ភពព្រះចន្ទ និងផែនដីរបស់យើង ។
សហនិពន្ធនៃការស្រាវជ្រាវនេះលោក Philipp Heck សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Chicago បានបញ្ជាក់ថា៖ «ប្រសិនបើគ្មានភពព្រះចន្ទទេ នោះជីវិតលើផែនដីយើង គឺនឹងមានសភាពខុសប្លែកពីបច្ចុប្បន្ន។ ព្រះចន្ទជាផ្នែកមួយនៃប្រព័ន្ធធម្មជាតិរបស់យើង ដែលយើងចង់ស្វែងយល់ឱ្យកាន់តែច្បាស់ ហើយការសិក្សារបស់យើងផ្តល់នូវប្រស្នាតូចមួយក្នុងរូបភាពទាំងមូលនោះ»។
គួរដឹងថា ការសន្និដ្ឋានអំពីអាយុកាលភពព្រះចន្ទនេះ គឺផ្អែកលើសារធាតុរ៉ែមួយ ក្នុងគំរូនោះហៅថា Zircon Crystal។ វាជាសារធាតុរ៉ែដំបូង ដែលកើតមាន ក្រោយការកកើតភពព្រះចន្ទ ដូច្នេះវាក៏អាចបង្ហាញ ប្រាប់ពីអាយុកាលរបស់ព្រះចន្ទផងដែរ ៕