ព្រឹត្តិការណ៍

បណ្តា​ធនាគារ ​កណ្តាល​ សម្រុក​ទិញមាស​ស្តុកទុក ​ច្រើនលើស​ពីការរំពឹង ដោយសារ​មូលហេតុ ​ដ៏ស្រួចស្រាល​មួយ​នេះ

របាយការណ៍​ របស់​ក្រុមប្រឹក្សាមាស​ពិភពលោក បាន​ឱ្យដឹងថា ក្នុងរយៈពេល ៩ខែ​ នៃឆ្នាំ​២០២៣នេះ បណ្តាធនាគារ​កណ្តាល​ បានបង្កើនការទិញ​មាស​សរុបប្រមាណ ៨០០តោន​ឯណោះ កើនឡើង ១៤% ដែលលើសពីការរំពឹងទុក ។ ការទិញ​មាស​ដ៏ច្រើន​សន្ធឹកសន្ធាប់នេះ កើនឡើង​ខ្លាំង​គឺបន្ទាប់ពី​ការផ្ទុះសង្គ្រាម​រវាង​អ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែល​បារម្ភពីការផ្គត់ផ្គង់ថាមពល ។

ក្នុងចំណោម​នោះ អ្នក​ដែល​ប្រមូល​ទិញមាស​ច្រើនជាងគេ ​គឺ​ធនាគារ​កណ្តាលចិន ចំនួន ១៨១តោន បន្ទាប់មកគឺ ប៉ូឡូញ ៥៧តោន និងតួកគី ៣៩តោន។

ក្រៅពីមូលហេតុ ដ៏ខាងលើនេះ ក៏នៅមាន​កត្តាដទៃទៀតដែរ ​ដែលជំរុញ​ការទិញមាស ។ បញ្ហា​អតិផរណា និង​ការធ្លាក់ចុះរូបិយបណ្ណ​ក្នុងប្រទេស​ជាច្រើនធៀប​នឹង ​លុយដុល្លារអាមេរិក បាន​បង្ខំឱ្យពួកគេ​ត្រូវបង្កើន​ការស្តុកទុកមាស ដើម្បីទប់ទល់​នឹងវិបត្តិនេះ ។

លោក John Reade ប្រធាន​អ្នកយុទ្ធសាស្រ្ត​ទីផ្សារ ​របស់​ក្រុមប្រឹក្សា​មាស​ពិភពលោក បាន​រំពឹងថា សម្រាប់រយៈពេល​ពេញ​មួយឆ្នាំនេះ ការទិញមាស​នឹងកើនលើសជាងឆ្នាំមុនដែលមានចំនួន ១០៨១តោន ៕

Most Popular

To Top