ដើម្បីធានាបាននូវសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឆ្លងចូលទស្សនាប្រាសាទអង្គរវត្ត ក្រោយពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ អាជ្ញាធរជាតិអប្សរា កំពុងរៀបចំដាក់របាសុវត្ថិភាព បង្ការគ្រោះថ្នាក់ ដោយយថាហេតុណាមួយ សម្រាប់ភ្ញៀវធ្វើដំណើរ នៅលើស្ពានហាលនេះ ។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា រចនាសម្ពន្ធរបស់ស្ពានហាល ត្រូវបានជួសជុលរួចរាល់ទាំងស្រុង នឹងបើកឱ្យភ្ញៀវជាតិ និងអន្តរជាតិ បានឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្តឡើងវិញ នាពេលខាងមុខ ។
ដោយគិតគូរខ្ពស់ អំពីសុវត្ថិភាព របស់ភ្ញៀវ ដែលបានផ្តោតការ ចាប់អារម្មណ៍ទៅ តែសម្រស់ របស់ស្ពាន ដែលទើបជួសជុលរួចរាល់ និងប្រាង្គប្រាសាទអង្គរវត្ត ដ៏ទាក់ទាញនោះ ភ្ញៀវអាចនឹងភ្លេចខ្លួនដើរហួសតួស្ពានអាចបណ្តាលឱ្យធ្លាក់ទឹក បង្កជាគ្រោះថ្នាក់ទៅវិញ អាជ្ញាធរជាតិអប្សរា កំពុងរៀបចំដាក់របាសុវត្ថិភាព នៅសងខាង នៃតួស្ពានហាលមានលក្ខណៈជាខ្សែបង្កប់ស្ទើរ តែមិនអាចមើលឃើញនិងភ្នែកឡើយ។ ប៉ុន្តែ នៅពេលដើរចូលទៅកៀក ភ្ញៀវទេសចរនឹង ទទួលបានការពញ្ញាក់អារម្មណ៍ ឱ្យបង្កើនការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរ។

មួយវិញទៀត ឯកឧត្តម អគ្គនាយករង មានប្រសាសន៍បន្ថែមទៀតថា ដោយការព្រួយបារម្ភអំពីភាពសឹករិចរិលរបស់ថ្ម ទៅថ្ងៃអនាគត ដោយសារកំណើនរបស់ភ្ញៀវ ធ្វើដំណើរឆ្លងកាត់នោះ អាជ្ញាធរជាតិអប្សរា នៅតែបន្តរក្សាទុកស្ពានបណ្តែតទឹក ឱ្យបន្តដំណើរការដដែល ។ ដោយកំណត់ទិសដៅ ធ្វើដំណើរផ្សេងគ្នា គឺស្ពានហាលនឹងអនុញ្ញាត ឱ្យភ្ញៀវធ្វើដំណើរឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្ត ស្ពានបណ្តែតទឹកនឹង ជាទិសដៅសម្រាប់ភ្ញៀវចាកចេញ ពីទស្សនាប្រាសាទមកវិញ ៕

