បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក សយ សុភារិន្ទ ឱ្យដឹងថា រយៈពេលបីខែនេះ ក្រុមការងាររបស់លោក បានខិតខំប្រឹងប្រែងជួសជុល បង្កាន់ដៃនាគ និងខឿនជណ្តើរផ្នែកខាងត្បូង របស់ប្រាសាទអង្គរវត្ត បានសម្រេចជាង៩០ភាគរយហើយ។
លោក សុភារិន្ទ បន្តថា ក្រុមការងារបានជួសជុល ពង្រឹងគ្រឹះខឿនជណ្តើរ និងបង្កាន់ដៃនាគ ដោយបែងចែកជា៣ដំណាក់កាល គឺ៖
ដំណាក់កាលទី១ ជួសជុលពង្រឹងខឿនជណ្តើរ ដែលស្រុត ដោយរៀបថ្មខឿន ទាំងឡាយដែលក្រៀកហែកឱ្យត្រូវតាមលំនាំដើម និងស្តារប្រព័ន្ធរំដោះទឹកបុរាណឡើងវិញ ។
ដំណាក់កាលទី២ គឺជួសជុលក្បាលនាគ ដែលមិនមានលំនឹងឱ្យឈររឹងមាំឡើងវិញ ដោយថែមថ្មថ្មីជំនួសខ្លួននាគដែលបាត់បង់ផង។
ដំណាក់កាលទី៣ ជួសជុលបង្កាន់ដៃនាគប្រវែង ១៥ម៉ែត្រ រួមទាំងរចនាសម្ពន្ធនៃគ្រឿងបង្គុំនាគ ដើម្បីឱ្យខ្លួននាគរត់ត្រង់ស្មើគ្នាដូចដើមឡើងវិញ។ ក្នុងនោះការជួសជុលតួខ្លួននាគ និងក្បាលនាគ សម្រេចបានប្រវែងសរុប១៨ម៉ែត្រ។
លោក សយ សុភារិន្ទ បញ្ជាក់ថា ការងារជួសជុលបង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូង នៃប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមជួសជុល តាំងតែពីពាក់កណ្ដាលខែកក្កដា ។ ចំណែកការងារមួយចំនួនទៀត ដែលនៅសេសសល់មានដូចជា ការដាប់រំលីងថ្មតួខ្លួននាគថ្មី ការបុកបង្ហាប់ដី នៅតាមជើងទ្រខាងក្រោម នៃទ្រនាប់ជើងនាគ ការពារការហូរច្រោះទឹក និង ការបញ្ចៀសការខូចខាតជាបន្តទៀត ហើយគ្រោងនឹងបញ្ចប់ នៅមុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ៕