ទីអច្ឆរិយៈក្នុងពិភពលោក លែងមានចំនួន៧ទៀតហើយ ពោលគឺត្រូវបានបង្កើនមួយទៀត ដែលជាប្រាសាទអង្គរវត្តរបស់កម្ពុជា ។ ប្រាសាទដែលជាសំណង់សាសនាដ៏ធំជាងបំផុតមួយនេះ បានយកឈ្នះក្រុង Pompeii របស់ប្រទេសអ៊ីតាលី ដោយបានក្លាយជាទីអច្ឆរិយៈទី៨ របស់ពិភពលោក។
សូមបង្ហាញទីអច្ឆរិយៈពិភពលោកទាំង៨ រួមមានដូចខាងក្រោមនេះ៖
១. មហាកំពែង នៅប្រទេសចិន: មានប្រវែងសរុបប្រមាណ ២ម៉ឺនគីឡូម៉ែត្រ កសាងឡើងដំបូងបង្អស់ដោយអធិរាជ Qin Shi Huang នៅសតវត្សទី ៣ មុនគ.ស ដើម្បីទប់ទល់នឹងការឈ្លានពាន ។

២. ប្រាសាទ Chichen Itza នៅប្រទេសម៉ិចស៊ីកូ: ចាប់ផ្តើមកសាងនៅចន្លោះ ស.វទី៥ ដល់ ១៣ នៃគ.ស ដោយអរិយធម៌ Mayo-Toltec។ ចំនួនជណ្តើររបស់ប្រាសាទនេះ មានចំនួន៣៦៥កាំ គឺស្មើនឹងចំនួន ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ដែលបញ្ជាក់ពីភាពខ្លាំងក្លាផ្នែកតារាសាស្រ្តរបស់សម័យកាលនោះ។

៣. ប្រាសាទ Petra នៅប្រទេសហ្សកដានី: ចាប់ផ្តើមកសាងនៅស.វទី៥ មុនគ.ស ធ្វើចេញពីរូងភ្នំុដោយកុលសម្ព័ន្ធ Nabataean ដោយប្រាសាទនេះ ត្រូវបានយកធ្វើជាមជ្ឈមណ្ឌលពាណិជ្ជកម្មយុទ្ធសាស្រ្តមួយ ដែលមានទីតាំងស្ថិតនៅចន្លោះ ក្រុង Jerusalem, Amman, Damascus និង សមុទ្រក្រហម។

៤. ប្រាសាទ Machu Picchu នៅប្រទេសប៉េរូ: ចាប់ផ្តើមកសាងនៅនៅអំឡុងឆ្នាំ ១៤៥០-១៤៦០ ដោយចក្រភព Incan ស្ថិតនៅកម្ពស់ ២៤៣០ម៉ែត្រពីនីវ៉ូសមុទ្រ។ កាលពីស.វទី១៦ តំបន់នេះ ត្រូវបានយកធ្វើជាទីតាំងបះបោរប្រឆាំងនឹងពួកអេស្ប៉ាញ។

៥. រូបសំណាក់ Christ the Redeemer នៅប្រទេសប្រេស៊ីល កសាងនៅក្នុងឆ្នាំ ១៩២២-១៩៣១ មានកម្ពស់ ៣៩ម៉ែត្រ និងទម្ងន់ ៦៣៥តោន។ រូបសំណាក់នេះ ជាសំណង់ដែលខ្ពស់ជាងគេបង្អស់នៅតែឯង ក្នុងក្រុង Rio de Janeiro។

៦. ប្រាសាទ Colosseum នៅប្រទេសអ៊ីតាលី: កសាងក្នុងអំឡុងឆ្នាំ ៧០-៧២នៃគ.ស ដោយអធិរាជ Verpasian ក្នុងសម័យចក្រភពរ៉ូម។ នៅស.វទី៨០ នៃគ.ស ប្រាសាទនេះត្រូវបានយកធ្វើជាទីកន្លែងប្រកួតមួយ ដែលមានរយៈពេល ១០០ថ្ងៃ។ យ៉ាងណាមិញ មកដល់បច្ចុប្បន្ន ប្រាសាទនេះនៅសល់សំណង់ដើម ប្រមាណ ២ភាគ៣ប៉ុណ្ណោះ។

៧. ប្រាសាទ Taj Mahal នៅប្រទេសឥណ្ឌា: កសាងក្នុងអំឡុងឆ្នាំ ១៦៣២-១៦៥៣ ដោយអធិរាជ Shah Jahan ដើម្បីរំលឹកដល់ព្រះមហេសីរបស់ទ្រង់ ព្រះនាម Mumtaz Mahal។

៨. ប្រាសាទអង្គរវត្ត នៅកម្ពុជា: ចាប់ផ្តើមកសាងនៅ ស.វទី១២នៃគ.ស ដោយព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទនេះត្រូវបានរចនាដើម្បីតំណាងភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អាទិទេព និងទេវតាក្នុងទេវកថាហិណ្ឌូ ដែលមានកសិណ ឬគូទឹកព័ទ្ធជុំវិញប្រហែលជា ១៦គីឡូម៉ែត្រ ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង ១៥០០ម៉ែត្រ x ទទឹង១៣០០ម៉ែត្រ លើ២០០ម៉ែត្រ ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង ២៥០ម៉ែត្រ ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម៕

