ព្រឹត្តិការណ៍

ដឹងទេ! អង្គរវត្ត ពុំមែន​ជាឈ្មោះ​ដើម របស់​ប្រាសាទ​នេះឡើយ

អង្គរវត្ត ឬ អង្គរតូច គឺមិនមែនជាឈ្មោះដើម នៃមហាប្រាសាទនេះឡើយ ពោលគឺធ្លាប់មានការផ្លាស់ប្ដូរឈ្មោះដល់ទៅ៣លើក ចាប់តាំងពីពេលកសាងឡើង ដំបូងនាដើមសតវត្សរ៍ទី១២ រហូតដល់ការរកឃើញសាជាថ្មីដោយជនជាតិបារាំង នាពាក់កណ្ដាលទីពីរនៃសតវត្សរ៍ទី១៩។

នាដើមសតវត្សរ៍ទី១២ នៅពេលកសាងឡើងដំបូង ក្រោមស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២ ព្រះអង្គបានប្រទាននាមដល់មហាប្រាសាទនេះថា «ព្រះបរមវិស្ណុលោក» ដែលមានន័យថា «ឋានព្រះវិស្ណុដ៏ប្រសើរឧត្តម» ។ សំណង់សាសនាដ៏ធំជាងគេនេះ ត្រូវបានកសាងឡើង ក្នុងព្រះរាជបំណងឧទ្ទិសថ្វាយ «ព្រះវិស្ណុ» ដែលជាព្រះមហាអាទិទេពមួយព្រះអង្គ ក្នុងព្រហ្មញ្ញសាសនា ហើយត្រូវបានព្រះមហាក្សត្រ ព្រះបាទសូរ្យវរ្ម័នទី២ លើកតម្កើងគោរពបូជាយ៉ាងខ្លាំងសម្បើម ។

ក្រោយមក «ព្រះបរមវិស្ណុលោក» ក៏ដូចជារាជធានី ស្រីយសោធរបុរៈ គឺក្រុងអង្គរបច្ចុប្បន្ន ក៏ត្រូវបានគេទុកចោលកណ្ដាលព្រៃព្រឹក្សាអស់កាលរាប់រយឆ្នាំ ពោលគឺចាប់ពីការចាកចោលក្រុងយសោធរបុរៈនាគ្រិស្តសករាជ ១៤៣១ ក្នុងរជ្ជកាលព្រះបាទស្រីសុយោពណ៌ទី២ ឬ ព្រះបាទពញាយ៉ាត។ រហូតដល់រជ្ជកាល ព្រះបាទសម្ដេច ព្រះបរមរាជាធិរាជ រាមាធិបតី (បរមរាជាទី៤) នាសម័យលង្វែក សតវត្សរ៍ទី១៦ ទើបព្រះអង្គបានយាងទៅគង់ នៅខេត្តមហានគរមួយរយៈ (ក្រុងអង្គរ) ហើយបានរៀបចំឱ្យមានទីវត្តអារាម មានព្រះសង្ឃគង់នៅ មានប្រជាពុទ្ធបរិស័ទរស់នៅ និងទំនុកបម្រុងចំពោះសាសនាជាហូរហែ ។

ពេលនោះហើយ ដែលប្រាសាទព្រះបរមវិស្ណុលោក ត្រូវបានព្រះមហាក្សត្រ ព្រះបាទបរមរាជាទី៤ ប្រោសព្រះរាជទាននាមថ្មីថា «ព្រះមហានគរឥន្រ្ទ ប្រត្ថព្រះពិស្ណុលោក» អានថា ព្រះ មហា នគរ អ៉ិនទ្រៈ ប្រាត់ថៈ ព្រះពិស្ណុ លោក។ «ឥន្រ្ទប្រត្ថ» ជាភាសាសំស្រ្កឹត ដែលបានក្លាយទៅជាភាសាបាលី «ឥន្ទបត្ត» មានន័យថា ទីក្រុង របស់ព្រះឥន្ទ។លុះដល់សតវត្យរ៍ទី១៧ ឈ្មោះប្រាសាទ «ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក» ក៏បន្តប្ដូរមកហៅថា «ឥន្ទបត្តនគរស្រី សុធរពិស្ណុលោក»។ ដូចបានពន្យល់ខាងលើ ពាក្យ «ឥន្ទបត្ត» គឺជាពាក្យបាលី ដែលក្លាយមកពីពាក្យសំស្ក្រឹតថា «ឥន្ទ្រប្រត្ត»។ ចំណែកការផ្គុំជាមួយពាក្យ «សុធរ» គឺដើម្បីរំលឹកឈ្មោះដើមនៃទីក្រុងបុរាណនេះ គឺ «យសោធរបុរៈ»។

រហូតមកដល់សម័យក្រោយៗមក ប្រជានុរាស្ត្រក្នុងតំបន់អង្គរបច្ចុប្បន្ន ក៏ដូចជាជនបរទេសដែលបានប្រទះឃើញប្រាសាទអង្គរនៅក្នុងព្រៃ បានហៅកាត់ខ្លីត្រឹមថា «អង្គរវត្ត ឬ នគរវត្ត» ពីព្រោះនៅទីនោះមានវត្តអារាមព្រះពុទ្ធសាសនា (វត្តឥន្ទបត្តបុរីខាងជើង និងវត្តឥន្ទបត្តបុរីខាងត្បូង) មានព្រះសង្ឃគង់នៅ ហើយដោយសារទីតាំងនោះក៏ធ្លាប់ជាទីក្រុងបុរាណ ដែលមានប្រាសាទស្ថិតនៅផងដែរនោះ ពួកគេក៏កាត់ន័យថា ជានគរដែលមានវត្តស្ថិតនៅ (ANGKOR WAT)៕

Most Popular

To Top