ក្នុងសង្គ្រាមលោកលើកទី១ (១៩១៤-១៩១៨) ប្រទេសជាច្រើនជុំវិញពិភពលោក ជាពិសេសនៅទ្វីបអាស៊ី ត្រូវបានពួកអាណានិគមកេណ្ឌទ័ពយកទៅច្បាំងនៅទ្វីបអឺរ៉ុប។ យ៉ាងណាមិញ មានតែរដ្ឋឯករាជ្យចំនួន ៤ប៉ុណ្ណោះនៅអាស៊ីបានបញ្ជូនកងទ័ពរបស់ខ្លួន ដើម្បីច្បាំងក្នុងសង្គ្រាមនេះ។
រដ្ឋទាំង ៤នោះមានដូចជា៖
ចិន៖ ជាគោលការណ៍ចិនប្រកាសខ្លួនថាជារដ្ឋអព្យាក្រឹត្យក្នុងសង្គ្រាមរបស់ពួកអឺរ៉ុប។ យ៉ាងណាមិញ នៅឆ្នាំ១៩១៥ ខាងរដ្ឋាភិបាលមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយពួកអង់គ្លេស ដោយបញ្ជូនកងពលកម្មជាង ២០ម៉ឺននាក់ ដើម្បីរៀបចំគ្រឿងបន្លាស់ និងជួសជុលរថក្រោះ ព្រមទាំងដឹកជញ្ជូនស្បៀង និងគ្រាប់កាំភ្លើងជាដើម។ ប្រវត្តិវិទូមួយចំនួនយល់ថា ចិននៅពេលនោះ ចង់ពង្រីកមុខមាត់របស់ខ្លួននៅអាស៊ីបូព៌ា ក្រោយពីអាប់ឱនដោយការជ្រៀតជ្រែករបស់ពួកអឺរ៉ុប និងជប៉ុន។

ជប៉ុន៖ ចក្រភពនៃអាស៊ីបូព៌ានេះចូលរួមសង្គ្រាមតាំងពីដើមទីតែម្ដង។ ជប៉ុនដើរតួនាទីយ៉ាងសំខាន់ខាងកងទ័ពជើងទឹក នៅមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ដោយច្បាមយកដែនដីអាណានិគមរបស់ពួកអាល្លឺម៉ង់ (ភាគច្រើនជាកោះនៅមហាសមុទ្រទាំងពីរ)។ ជប៉ុននៅពេលនោះ ចង់បង្កើនឥទ្ធិពលរបស់ខ្លួន នៅលោកខាងកើត។

ស្យាម/សៀម៖ រាជាណាចក្រនៃអាស៊ីអាគ្នេយ៍នេះ បានប្រកាសសង្គ្រាមទល់នឹងអាល្លឺម៉ង់នៅឆ្នាំ១៩១៧។ ប្រទេសនេះ បានបញ្ជូនទាហានជាង ១ពាន់នាក់ ដើម្បីធ្វើការផ្នែកវេជ្ជសាស្ត្រ និងផ្នែកម៉ាស៊ីនជាដើម។ សៀមនៅពេលនោះ មានបំណងពង្រីកមុខមាត់របស់ខ្លួននៅឆាកអន្តរជាតិ ក្នុងនាមជារដ្ឋអធិបតេយ្យ។

ពែរ្ស (Persia/ អ៊ីរ៉ង់បច្ចុប្បន្ន)៖ រាជាណាចក្រនេះជាទីលានប្រយុទ្ធរវាងក្រុមសម្ព័ន្ធមិត្ត និងក្រុមអ័ក្សស៊ីស (អាល្លឺម៉ង់ ចក្រភពអូតូម៉ង់ ជាដើម)។ កងទាហានក្នុងស្រុក បានព្យាយាមរើបម្រាស់ ចេញពីឥទ្ធិពលនៃមហាអំណាចទាំងពីរ។

ចំណែកឯកម្ពុជាវិញ ស្ថិតក្រោមអាណានិគមបារាំង បានបញ្ជូនទ័ពជាង ១ពាន់នាក់ វៀតណាមជាង ១០ម៉ឺននាក់ ដើម្បីចូលរួមក្នុងសមរភូមិខាងលិចនៃទ្វីបអឺរ៉ុប ។ ចំពោះឥណ្ឌាវិញ ក្នុងនាមជាដែនដីអាណានិគមអង់គ្លេស មានទ័ពជាង ១លាននាក់ បម្រើការក្នុងសង្គ្រាមរបស់អឺរ៉ុប ៕
