ក្រុមការងារជូសជុល ប្រាសាទបុរាណ របស់អាជ្ញាធរជាតិអប្សរា នៅការដ្ឋានប្រាសាទតាព្រហ្ម បានប្រទះឃើញចម្លាក់បដិមាបុរាណ ធ្វើពីថ្មភក់ចំនួន៦ដុំ នៅក្នុងការដ្ឋាន ដែលពួកគេកំពុងតែជួសជុល។

បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន មានប្រសាសន៍ថា ចម្លាក់ថ្មបុរាណដែលគេប្រទះឃើញនោះ មានដូចជា
រូបព្រះពុទ្ធគង់ភ្នែន ប្រក់នាគចំនួន២

រូបលោកកេស្វរៈចំនួន១


រូបព្រះពុទ្ធគង់ភ្នែនប្រក់ នាគបាក់ព្រះកេសទម្រង់សមាធិ និងបាក់ព្រះហស្តទាំងសងចំនួន២ និងថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងទៀត។



អ្នកស្រី នេត ស៊ីមន បន្តទៀតថា រូបចម្លាក់ទាំងនោះ បានកប់នៅក្រោមកំណកដី របស់ខឿន ខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្ម ហើយក្រុមការងារ បានប្រទះឃើញ នៅពេលដែលអាជ្ញាធរជាតិ អប្សរាសហការជាមួយស្ថាប័ន ស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ចាប់ផ្ដើមការងារជួស ជុលខ្លោងទ្វារនេះឡើងវិញ ដោយបានរើថ្ម នៃរចនាសម្ពន្ធខ្លោងទ្វារ ដែលនៅរាយប៉ាយ ដើម្បីរៀបចំទៅតាមទីតាំង ដើមឡើងវិញតាមបច្ចេកទេស អាណាស្ទីឡូ កាលពីពាក់កណ្ដាលខែវិច្ឆិកា ៕
