ច្បាប់ដែលតាក់តែងដំបូងគេក្នុងលោក គឺហៅថា «ច្បាប់ហាម៉ូរ៉ាប៊ី – Code of Hammurabi» ក្នុងសម័យចក្រភពបាប៊ីឡូន (បច្ចុប្បន្នក្នុងប្រទេសអ៊ីរ៉ាក់)។ ច្បាប់នេះ គឺបង្កើតឡើងដោយស្តេច Hammurabi ដែលគ្រងរាជ្យពីឆ្នាំ ១៧៩២ – ១៧៥០ មុនគ.ស។
ច្បាប់នេះមានមាត្រាចំនួន ២៨២ សម្រាប់ប្រើប្រាស់ក្នុងការដាក់ទោសពិន័យដល់ប្រជាជនទូទៅ និងកងទ័ព ព្រមទាំងការធ្វើជំនួញ។ ក្នុងច្បាប់នេះ ឧទាហរណ៍ថា បើអ្នកធ្វើឱ្យភ្នែកគេខ្វាក់ នោះភ្នែករបស់អ្នកនឹងត្រូវគេធ្វើឱ្យខ្វាក់វិញដូចគ្នា។
ច្បាប់ហាម៉ូរ៉ាប៊ី ត្រូវបានចារឆ្លាក់ជាភាសា Akkadian នៅលើថ្មខ្មៅធំមួយដែលមានរាងដូចជាម្រាមដៃមនុស្ស។ ថ្មនេះត្រូវបានរកឃើញនៅក្នុងឆ្នាំ១៩០១។ អ្នកប្រវត្តិសាស្រ្តជឿជាក់ថា ថ្មខ្មៅនេះត្រូវបាននាំយកទៅកាន់ក្រុង Susa (បច្ចុប្បន្ន អ៊ីរ៉ង់) ដោយអ្នកគ្រប់គ្រងអំណាចនៅចក្រភព Elamite (ពីឆ្នាំ ២៧០០ – ៥៣៩មុនគ.ស) បន្ទាប់ពីវាយលុកឈ្នះលើចក្រភពបាប៊ីឡូន៕

