ពិភពលោក ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍នាពេលថ្មីៗនេះកំពុងតែជួបព្រឹត្តិការណ៍បម្រែបម្រួលអាកាសធាតុ។ គេសង្កេតឃើញថា រៀងរាល់ឆ្នាំ តំបន់អាស៊ីអាគ្នេយ៍យើង មានធាតុអាកាសមិនប្រក្រតី និងកាចសាហាវ ដែលអាចសម្លាប់មនុស្ស និងបំផ្លាញទ្រព្យសម្បត្តិអស់រាប់ពាន់លានដុល្លារ។
ថ្ងៃនេះដែរ Sabay សូមបង្វែរចំណាប់អារម្មណ៍ប្រិយមិត្តមកស្គាល់ នូវគ្រោះមហន្តរាយធម្មជាតិចំនួន ២ ដែលបំផ្លាញទ្រព្យសម្បត្តិអស់ច្រើនជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍។
១- រញ្ជួយដី និងរលកយក្សស៊ូណាមីឆ្នាំ២០០៤៖ គ្រោះមហន្តរាយដ៏សាហាវនេះបានកើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤ ដោយប៉ះពាល់ប្រទេសអាស៊ីអាគ្នេយ៍ដូចជា ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ក្រៅពីតំបន់យើងរញ្ជួយដីនេះក៏ប៉ះដល់ឥណ្ឌា បង់ក្លាដេស ម៉ាល់ឌីវ ស្រីលង្កា និងសូម៉ាលី ទៀតផង។ មហន្តរាយនេះសម្លាប់មនុស្សពី ២៣ម៉ឺន ទៅ២៨ម៉ឺននាក់ និងបំផ្លាញទ្រព្យសម្បត្តិអស់ ១៥ប៊ីលានដុល្លារកាលពីឆ្នាំ២០០៤ ដែលប្រហែលនឹង ២៣ប៊ីលានដុល្លារអាមេរិកក្នុងតម្លៃលុយបច្ចុប្បន្ន។
នាពេលនោះដែរ កម្ពុជាបានបរិច្ចាគទឹកប្រាក់ ៤ម៉ឺនដុល្លារអាមេរិកទៅកាន់ឥណ្ឌា ឥណ្ឌូណេស៊ី ស្រីលង្កា និងប្រទេសថៃ។
រូបភាពនៅកោះស៊ូម៉ាត្រា ឥណ្ឌូនេស៊ី
២- ស៊ីក្លូនណាហ្គីស (Cyclone Nargis)៖ ខ្យល់ព្យុះស៊ីក្លូននេះប៉ះពាល់ទៅដល់ប្រទេសមីយ៉ាន់ម៉ា កាលពីខែឧសភា ឆ្នាំ២០០៨។ ព្យុះនេះសម្លាប់ជីវិតមនុស្ស អស់យ៉ាងតិច ១៣ម៉ឺននាក់ និងបំផ្លាញទ្រព្យសម្បត្តិអស់ជិត ១៣ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០០៨ ដែលប្រហាក់ប្រហែល ១៧,៥ប៊ីលានដុល្លារនាពេលបច្ចុប្បន្ន។ កម្ពុជាបានបរិច្ចាគទឹកប្រាក់ ៥ម៉ឺនដុល្លារអាមេរិកទៅកាន់មីយ៉ាន់ម៉ា ដើម្បីជាជំនួយដល់ជនរងគ្រោះ៕