ព្រឹត្តិការណ៍

ព្រះលាន​ជល់ដំរី! គ្រឹះជញ្ជាំងស្រុត និងទ្រេតខ្លាំង បណ្ដាលមកពីឬសឈើដុះចាក់ចូលក្នុងគ្រឹះ

ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិ អប្សរា ដែលសហការជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) កំពុងដំណើរការជួស ជុលរចនាសម្ពន្ធមួយ ចំនួនរបស់ព្រះលានជល់ដំរី ដែលរងការខូចខាត ឱ្យប្រសើរឡើងវិញ ។

អ្នកគ្រប់គ្រងគម្រោង មូលនិធិបេតិកភណ្ឌកូរ៉េ លោក PARK JIMIN មានប្រសាសន៍ថា ការជួសជុលព្រះលានជល់ ដំរីកំពុងធ្វើនៅទីតាំង ចំនួន២ផ្សេងគ្នា គឺមួយស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងមួយទៀត នៅផ្នែកខាងត្បូង ប្រវែង១៥ម៉ែត្រ។ ក្នុងដំណើរការជួសជុលក្រុមអ្នកបច្ចេកទេស ផ្តោតការអនុវត្តលើការងារសំខាន់ៗមួយចំនួនដូចជា ពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្នុង និងខាងក្រោម ព្រមទាំងរៀបផ្គុំជញ្ជាំងនៃខឿនដែលទ្រេត និងថ្មពុកផុយឱ្យល្អឡើងវិញ ទៅតាមទម្រង់ដើម ។

លោក PARK JIMIN បានឱ្យដឹងទៀតថា តាមការរកឃើញនៅទីតាំងទាំងពីរនេះ មានសភាពប្រហាក់ប្រហែលគ្នា គឺផ្ទៃជញ្ជាំងបានទ្រេតខ្លាំង អាចនឹងរលំ ព្រមទាំងថ្មបាយក្រៀម និងថ្មភក់ខ្លះបានពុកផុយបណ្ដាលមកពីអាយុកាល និងទឹកភ្លៀងហូរច្រោះ ខាងក្រោមធ្វើឱ្យគ្រឹះខាងក្រោមបាតបង់លំនឹង។

លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា មូលហេតុសំខាន់ៗមួយចំនួនដែលធ្វើឱ្យគ្រឹះជញ្ជាំងស្រុត និងទ្រេតខ្លាំង ដោយសារតែគ្រឹះ ខាងក្រោមមាន កន្លែងខ្លះស្រុត បណ្ដាលមកពីឬសឈើដុះចាក់ ចូលទៅក្នុងរចនាសម្ពន្ធ ធ្វើឱ្យថ្មមួយចំនួន រំកិលចេញពីទីតាំងដើមបង្កើត បានជាប្រហោង នៅតាមចន្លោះថ្ម ជាហេតុធ្វើឱ្យទឹកហូរ ច្រោះចូលទៅតាមប្រហោងថ្ម នាំល្បាយដីខ្សាច់ចេញមកក្រៅជាដើម។

ជាច្រើនខែមកនេះ ក្រុមអ្នកជំនាញបានរើថ្មកម្រាល និង ជញ្ជាំងខឿនមួយផ្នែកដែលក្រៀកចេញ ដើម្បីពិនិត្យមើលស្ថានភាព ជញ្ជាំងថ្មបាយក្រៀម និងរៀបថ្មភក់ ថ្មបាយក្រៀមទាំងនោះទៅតាមកន្លែងដើមឡើងវិញ ហើយចំពោះកន្លែងខ្លះដែលថ្មខូច គឺព្យាយាមជួសជុល ប៉ុន្តែ បើនៅតែមិនអាចជួសជុលបានទេ គឺត្រូវដាក់ថ្មថ្មីតិចតួចដើម្បីជំនួស៕

Most Popular

To Top