ព្រឹត្តិការណ៍

ជិះកង់តាមស្ពាន ​ប្រាសាទ​តាកែវ នឹងទទួលបានអារម្មណ៍ប្លែកខ្លាំង ខុសពីជិះកង់​តាមផ្លូវធម្មតា

អាជ្ញាធរជាតិអប្សរា បានសាងសង់ស្ពានផ្លូវកង់ ស្របតាមស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរ ក្នុងរមណីយដ្ឋានអង្គរ ឱ្យកាន់តែងាយស្រួល ។

លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមសង់ផ្លូវកង់ ក្នុងរមណីយដ្ឋានអង្គរ នៅឆ្នាំ២០២០ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត ។ ផ្លូវកង់ក្នុងរមណីយដ្ឋាន អង្គរប្រវែងសរុបជាង ២៣គីឡូម៉ែត្រ ហើយក្នុងនោះក៏មានឆ្លងស្ទឹង ចំនួន៤ទីតាំងផងដែរ។

ស្ពានផ្លូវកង់ប្រាសាទតាកែវ គឺជាទីតាំងមួយក្នុងចំណោម ៤ទីតាំងខាងលើ ដែលអាជ្ញាធរជាតិអប្សរា សាងសង់សម្រួលដល់អ្នកជិះកង់ ដោយចង់បែងចែកឱ្យដាច់រវាងផ្លូវឬស្ពានធ្វើដំណើរទូទៅ និងផ្លូវកង់។ ស្ពាននេះមានទទឹង២.៥ម៉ែត្រ និងបណ្ដោយ៦៥ម៉ែត្រ។ ចំណែកស្ពានកង់៣ទីតាំងទៀត រួមមាន ស្ពានអង្គរ ស្ពានក្រាំងក្រូច និងស្ពាននាគព័ន្ធ។ ក្រៅពីនេះ​ ក៏មានស្ពានខ្នាតតូចឆ្លងកាត់២ទីតាំងទៀត ដូចជាកសិន្ធុយសោធរ និងអតីតទ្វារទឹកនាគព័ន្ធ ។

គោលបំណងសំខាន់ នៃការបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ គឺការចង់បែងចែកឱ្យដាក់ពីគ្នារវាងផ្លូវ ចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់កីឡាជិះកង់ ការកាត់បន្ថយគ្រោះថ្នាក់នៅ​លើដងផ្លូវរវាងអ្នកជិះយានយន្ត និងអ្នកជិះកង់ ពិសេសកាត់បន្ថយផ្សែងយានយន្ត​ដែលប៉ះពាល់ដល់ថ្មប្រាសាទ ។

ចំពោះរចនាបថនៃការសង់ស្ពានកង់នេះ លោក សុខ សូសិលា បញ្ជាក់ថា បានជ្រើសរើសការរៀបចំបែបសាមញ្ញស្រដៀងនឹងធម្មជាតិជុំវិញ ដោយមិនបង្កើតអ្វីដែលថ្មីលេចធ្លោពេកទេ គឺស្របតាមគោលគំនិតរបស់ថ្នាក់ដឹកនាំថា ការអភិរក្សដើរស្របនឹងការអភិវឌ្ឍ។

ជាមួយគ្នានេះ លោក សុខ សូសិលា សំណូមពរឱ្យភ្ញៀវទេសចរ ចូលរួមលើកតម្កើងការជិះកង់ ឱ្យបានកាន់តែច្រើននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងបំណងដើម្បីសុខភាព​ ប្ដូរបរិយាកាសថ្មី ព្រោះថាការជិះកង់ធ្វើឱ្យយើងមានពេលគ្រប់គ្រាន់ សម្រាប់ការទស្សនា ឬសិក្សាពីធម្មជាតិនៅជុំវិញ ពិសេសលុបបំបាត់ផ្សែងពុល ដែលបង្កគ្រោះថ្នាក់ដល់ការអភិរក្សប្រាសាទ ៕

Most Popular

To Top