ប្រទេសម៉ាឡេស៊ីមានស្ដេចថ្មីហើយ ដែលស្ដេចនោះមានព្រះនាម ព្រះចៅស៊ុលតង់អ៊ីប្រាហ៊ីម។ ព្រះអង្គជាស៊ុលតង់នៃរដ្ឋចូហរ (Johor) ដែលជារដ្ឋម៉ាឡេស៊ី ជាប់នឹងសិង្ហបុរី។
ព្រះចៅស៊ុលតង់អ៊ីប្រាហ៊ីម បានគ្រងរាជ្យនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ ។ ព្រះអង្គជាស្ដេចស៊ុលតង់ម៉ាឡេស៊ី ទី១៧ ដែលគ្រងរាជ្យបន្ទាប់ ពីស្ដេចស៊ុលតង់រដ្ឋប៉េណាំង ព្រះចៅ Al-Sultan Abdullah Sultan Ahmad Shah។
ស្ដេចថ្មីរបស់ម៉ាឡេស៊ី ត្រូវបានគេស្គាល់ថា ជាសេដ្ឋីរាប់ពាន់លានដុល្លារ ដែលមានឡាន ម៉ូតូទំនើបៗ។ ស្ដេចថ្មីនេះចង់ក្លាយជាស្ដេចសកម្ម ដោយព្រះអង្គចង់ ឱ្យក្រុមហ៊ុនប្រេងរដ្ឋ Petroliam Nasional និងអង្គភាពប្រឆាំងអំពើពុករលួយ រាយការណ៍ទៅព្រះអង្គ ។
នៅក្នុងប្រព័ន្ធដឹកនាំរដ្ឋម៉ាឡេស៊ី ប្រទេសអាស៊ីអាគ្នេយ៍មួយនេះជារដ្ឋសហព័ន្ធ និងជាប្រទេសរាជានិយមអាស្រ័យធម្មនុញ្ញ។ រាជានិយមប្រទេសនេះដឹកនាំដោយរាជវង្ស ៩ត្រកូល ដែលដឹកនាំរដ្ឋទាំង៩ នៅម៉ាឡេស៊ី ។
ស្ដេចម៉ាឡេស៊ីត្រូវបានជ្រើសរើសចេញពីក្សត្រនៃរដ្ឋនីមួយៗ ហើយមានអាណត្តិ៥ឆ្នាំ។ នៅតាមច្បាប់ ការជ្រើសរើសនេះធ្វើឡើងតាមការបោះឆ្នោត តែតាមការជាក់ស្ដែង ការជ្រើសរើសនេះ កើតចេញពីការដាក់វេនគ្នា៕