ព្រឹត្តិការណ៍

កំណត់​អត្តសញ្ញាណ និងស្គាល់​ទីតាំង​នៃថ្មជាង ៤០០ដុំ ដែល​គរ​នៅខាងត្បូង ឆៀង​លិចប្រាសាទបាយ័ន

ក្រុមអ្នកជំនាញ ​ជួសជុល​នៅខឿនរួតទី១ របស់ប្រាសាទបាយ័ន ឱ្យដឹងថា ក្នុងចំណោមថ្មចំនួនប្រមាណ២០០០ដុំ ​គរនៅទីតាំងខាងត្បូង​ឆៀងខាងលិច​ប្រាសាទ​បាយ័ន ដែលចាប់ផ្តើម​រើ តាំងពីពាក់កណ្តាលខែ​មករា ឆ្នាំ​២០២៤ ត្រូវបានរកឃើញ​ចំនួនជាង ៤០០ដុំ ដែលអាច​កំណត់អត្តសញ្ញាណ​បានថា គឺជាថ្មធ្លាក់មកពីថែវទី២ និងកំពូលព្រហ្មមុខបួន ​នៅជ្រុង​និរតីនៃ​ប្រាសាទ​បាយ័ន។ ប៉ុន្តែ​ចំពោះថ្ម​ជាច្រើនទៀត គេមិនទាន់ដឹង​ថា មានប្រភព​មកពីណា​នៅឡើយ ។

បុគ្គលិក​ជួសជុល​ប្រាសាទ ​របស់អាជ្ញាធរជាតិអប្សរា និងជា​អ្នកជំនាញ​រកថ្ម លោក ញ៉ុក ឡូ ឱ្យដឹងថា ក្នុងការរើគំនរថ្ម​ទិសខាងត្បូង​ប៉ែកខាងលិច​របស់ប្រាសាទបាយ័ន​នៅជំហានដំបូង​នេះ បាន​រកឃើញថ្ម និងអាចកំណត់អត្តសញ្ញាណ ជាច្រើនប្រភេទដូចជា ថ្មផ្តែរ ថ្មចិញ្ចើមព្រហ្ម ថ្មទងត្រចៀករបស់ព្រហ្មមុខបួន ថ្មសរសរពេជ្រ ថ្មហោជាង និងដំបូលរបស់ប្រាសាទបាយ័ន ។ ដោយឡែក ថ្មមានចម្លាក់​ជាទង​ត្រចៀក បបេមាត់ទាំងនោះ បានជ្រុះធ្លាក់ពីកំពូលមុខព្រហ្មលេខ២៧ រួមទាំងធ្លាក់ពីថែវទី២ ដែលនៅទល់មុខ និងគំនរថ្មនេះតែម្តង។

អ្នកជំនាញរូបនេះ បញ្ជាក់ទៀត​ថា ចំពោះដុំថ្មដែលអាច​កំណត់អត្តសញ្ញាណ​បាន គឺត្រូវរៀបទុកមួយផ្នែកសម្រាប់​យកមក​ផ្គុំគ្នា​ឡើងវិញ។ រីឯថ្មមួយចំនួនទៀត មិនទាន់អាចកំណត់អត្តសញ្ញាណបានត្រូវទុកដាច់ ដោយឡែកជាបណ្តោះអាសន្នសិន។

ស្ថាបត្យករ និងជាអ្នកគ្រប់គ្រង​ការដ្ឋាន​ ជួសជុល​ខឿនរួតទី១​ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា មុននឹងឈានដល់​ការជួសជុលថ្មកម្រាលដែលស្រុត និងជួសជុលប្រព័ន្ធបង្ហូរនៅទិសខាងត្បូងឆៀងខាងលិចនៅរួតទី១នៃប្រាសាទបាយ័នឡើងវិញ ជាដំបូង ក្រុមការងារត្រូវរើគំនរថ្ម ដែលនៅខាងក្រោយជញ្ជាំង រោងទងនៃទីតាំងជួសជុលជាចាំបាច់។

ការងារជំហានទី១ គឺត្រូវចុះបញ្ជីថ្មនីមួយៗ និងរើម្តងមួយៗ បែងចែកទៅតាមប្រភេទថ្ម ដើម្បីងាយស្រួលរកតួនាទី និងទីតាំងរបស់វា លើកលែងតែថ្មដំបូលទាំងអស់ហ្នឹង ត្រូវយកចេញទៅខាងក្រៅ រៀបគរលើគ្នាឱ្យមានសណ្ដាប់ធ្នាប់ អ្វីដែលយើងចង់បាន គឺរកឃើញផ្នែកខាងលើបំផុត នៃតួប្រាង្គមុខបួន។

កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងទៀតថា ជាផែនការ ក្រុមការងារ នឹងព្យាយាមរុករកទីតាំងដើមរបស់គំនរថ្មនីមួយៗ ហើយបើសិនមានលទ្ធភាព នឹងរៀបចំថ្មដែលរកឃើញទាំងអស់ នោះទៅទីតាំងដើមវិញ នាពេលអនាគត៕

Most Popular

To Top