លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញ និង អាជ្ញាធរដែនដី កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤ បានអញ្ជើញទៅថ្វាយបង្គំ ព្រះតេជព្រះគុណ សាយ ជីវ័ន ព្រះគ្រូចៅអធិការវត្តព្រះហស្ថក្បាល ដែលស្ថិតនៅក្នុងភូមិព្រះហស្ថក្បាល ឃុំផ្ទះរ៉ុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះព្រះអង្គ បានបង្ហាញវត្ថុបុរាណចំនួនបី រួមមាន៖
១. ក្រឡធំលាបស្រទាប់ រលោងពណ៌ត្នោត ជាប្រភេទកម្រ ព្រោះក្រឡនេះមានទំហំធំនិងមានរូបរាងល្អពេញលេញ ដែលមិនធ្លាប់ប្រទះឃើញ នាពេលកន្លងមក ។ តាមរយៈការវិភាគលើរូបរាង សាច់ដី ក្បាច់លម្អ និងស្រទាប់រលោងក្រុមការងារជំនាញបានសន្និដ្ឋានថា ក្រឡធំនេះផលិតឡើង នៅសម័យអង្គរនារវាងស.វ.ទី១២-១៣។ ដោយឡែកតួនាទីនៃការប្រើប្រាស់ក្រឡធំនេះ ក្រុមការងារកំពុងវិភាគបន្ថែម។

២. ក្អមទឹកសម័យអង្គរនារវាងស.វ.ទី៩-១០។ ក្អមប្រភេទនេះ ជាប្រភេទភាជន៍រឹងគ្មានស្រទាប់រលោង ហើយច្រើនប្រទះឃើញនៅក្រុមឡបង្កោងនិងតានី ក្នុងតំបន់អង្គរ។

៣. ដាវត្រួតពលសម័យបារាំងនារវាងឆ្នាំ១៨៦៣-១៩៤០ បានប្រទះឃើញនៅក្នុងបរិវេណវត្តកាលពី១០ឆ្នាំមុន។

ក្រោយពិនិត្យឃើញវត្ថុបុរាណ ទាំងបីខាងលើ លោកជំទាវបណ្ឌិតសភាចារ្យ បានទូលស្នើសុំវត្ថុបុរាណទាំងនោះ យកមករក្សាទុកនៅសារមន្ទីរជាតិ ដើម្បីអភិរក្ស ដាក់តាំងបង្ហាញ និង ផ្សព្វផ្សាយជូនដល់សាធារណជនជាតិ និងអន្តរជាតិឈ្វេងយល់ពីភាពសំបូរ បែបនៃមរតកវប្បធម៌ខ្មែរដែលបន្សល់ទុក ក្រៅពីរូបចម្លាក់និងប្រាង្គប្រាសាទ ។ ម្យ៉ាងទៀត វត្ថុបុរាណទាំងនេះ ជាផ្នែកមួយនៃការបង្ហាញពីបរិបទ នៃប្រវត្តិសាស្ត្រនិងការវិវត្តអារ្យធម៌ខ្មែរ សម័យអង្គររហូតដល់សម័យអាណានិគមបារាំង ។ ដោយការឈ្វេងយល់ពីឧត្តមប្រយោជន៍ រួមសម្រាប់ជាតិ ព្រះគ្រូចៅអធិការ បានយល់ព្រមប្រគល់វត្ថុបុរាណ ទាំងនោះតាមការស្នើសុំ។

លោកជំទាវបណ្ឌិតសភា ចារ្យរដ្ឋមន្ត្រី ក៏បានថ្វាយនូវសេចក្តីអរព្រះគុណ ប្រគេនចំពោះព្រះគ្រូចៅអធិការ និងអាជ្ញាធរដែនដី ដែលយល់ព្រមប្រគល់ វត្ថុបុរាណមករក្សាទុក នៅសារមន្ទីរជាតិ ។ បច្ចុប្បន្ន វត្ថុបុរាណទាំងបីមុខកំពុងរក្សាទុក នៅក្នុងរោងជាងជួសជុល នៃសារមន្ទីរជាតិកម្ពុជា៕
