ភ្នំពេញ ៖ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹក នាំក្រសួងអប់រំ យុវជន និងកីឡា ប្រធានសហព័ន្ធកីឡាជាតិ ជាពិសេសគ្រូបង្វឹក កីឡាករ-កីឡាការិនីទាំងអស់ បានរួមកម្លាំងគ្នា ប្រកបដោយស្មា រតីទទួលខុសត្រូវនិង ការប្តេជ្ញាចិត្តខ្ពស់រហូត ទទួលបានជ័យជម្នះ និងសមិទ្ធផលគួរជាទីមោទនៈជូនជាតិមាតុភូមិរបស់យើង ។
សម្តេចមធិបតី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងឱកាស ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជ័យលាភីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ការប្រកួតជើងឯកអាស៊ី ការប្រកួតជើងឯកពិភពលោក និងការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេម លើកទី២០ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា ក្រោមដំបូលនៃសុខសន្តិភាព ឯកភាពផ្ទៃក្នុងជាតិ ស្ថិរភាពនយោបាយ និងកំណើន សេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា ក៏បាននឹងកំពុងយកចិត្តទុកដាក់ យ៉ាងខ្លាំង លើវិស័យអាទិភាព អប់រំកាយនិងកីឡា តាមរយៈការជំរុញលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រគ្រប់រូបភាព ការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡានៅ តាមទីសាធារណៈ ដើម្បីបំផុសទឹកចិត្តប្រជាជនស្រឡាញ់កីឡា ចូលចិត្តកីឡា និងលេងកីឡា ។
បច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជា។ កីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីនិន្នាការ ឬពណ៌សម្បុរនយោបាយឡើយ ហើយ ពលរដ្ឋខ្មែរនាំគ្នាលេងកីឡាដើម្បីសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ពិសេសយុវជន ដូចពាក្យ ស្លោកថា “កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម” ។
សម្តេចមហាបវរធិបតីបានថ្លែងថា ដូច្នេះហើយ រាជរដ្ឋាភិបាលនឹង ខិតខំបន្តយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីបង្កលក្ខណៈល្អ ប្រសើរសម្រាប់ប្រជាជន ទូទៅក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជាឲ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្ដើមយកជ័យជម្នះជូនមាតុភូមិ។ កីឡារស់ក្នុងសន្តិភាព សន្តិភាពជា កូនសោរ នៃវឌ្ឍនភាពជាតិ ។
កីឡាមិនត្រឹមតែនាំមកនូវសុខភាព និងភាពសប្បាយរីករាយឲ្យយើងប៉ុណ្ណោះទេ តែថែមទាំងនាំមកនូវសាមគ្គី ភាព ចំណងមិត្តភាព និងកិច្ចប្រតិបត្តិការល្អទាំង សម្រាប់បុគ្គលខ្លួនឯង និងជាតិទាំងមូល ។
ជាក់ស្តែង ការរៀបចំព្រឹត្តិការណ៍កីឡា SEA Games 2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ទទួល បានមេដាយច្រើនលើស ពីការរំពឹងទុក ដោយកម្ពុជាទទួលបានមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរឹទ្ធ ១២៩គ្រឿង។ តាមរយៈព្រឹត្តិការណ៍កីឡា SEA Games នេះ កម្ពុជាទទួល បានប្រយោជន៍ធំៗ ២គឺ៖ ទី១ មុខមាត់ កិត្តិយសនិងកិត្យានុភាព ជាតិ លើឆាកអន្តរជាតិ និងទី២ រឹតចំណងការទូតនិង កិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជា មិត្តដែលបានចូលរួមការប្រកួត ដើម្បីប្រយោជន៍សេដ្ឋកិច្ច និងនយោបាយការទូតលើឆាកអន្តរជាតិ ។
ឈរលើលទ្ធផលថ្ងៃនេះ ខ្ញុំសង្ឃឹមថា កីឡាករ-កីឡាការិនីយើង នឹងខិតខំប្រឹងប្រែងហ្វឹក ហាត់បង្កើនសមត្ថភាព ត្រៀមខ្លួនក្នុងការប្រកួតលើកក្រោយៗទៀត ដើម្បីដណ្ដើមយកមេដាយ និង ជ័យជម្នះជូនជាតិឲ្យបានកាន់ច្រើន។ ក្នុងនាមរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តគាំទ្រកីឡាករ កីឡាការិនីយើង ទាំងស្មារតីនិងថវិកា ព្រមទាំង សូមអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមឧបត្ថម្ភគាំទ្រ វិស័យកីឡាឲ្យកាន់តែរីកចម្រើន និងមាននិរន្តភាព ដោយបន្តពង្រឹង ការប្រកួតជើងឯកជាតិ-អន្តរជាតិ និងការប្រកួតកីឡាថ្នាក់ជាតិ ឲ្យកាន់តែមានគុណភាព ឈានទៅរកស្ដង់ដាតំបន់ ។
ជាថ្មីម្តងទៀង ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ មន្ត្រីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ ព្រមទាំងគ្រូបង្វឹក កីឡាករ-កីឡាការិនីទាំងអស់ ដែលបាននាំមកនូវជ័យជំនះដ៏ត្រចះត្រចង់ ក្នុងការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ នេះ។ ខ្ញុំសូមពាំនាំប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ចំនួន ៣ ១៩៩ ៣០០ ០០០លានរៀល មកប្រគល់ជូនជ័យលាភីមេដាយមាស ប្រាក់ សំរឹទ្ធិ នៃការប្រកួតជើងឯក អាស៊ីអាគ្នេយ៍ ជើងឯកអាស៊ី ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេម លើកទី២០ ៕