យោងតាមសេចក្តីណែនាំ ស្តីពីការរៀបចំពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ គ.ស.២០២៤ បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ មានរយៈពេល៤ថ្ងៃ ប្រព្រឹត្តទៅតាមដំណើរ សង្ក្រាន្តដូចតទៅ៖
ថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ មេសា គ.ស.២០២៤ មហាសង្ក្រាន្ត ម៉ោង ២២:១៧នាទី ២៤វិនាទី ជាថ្ងៃចូលឆ្នាំរោង ឆស័ក ។
ថ្ងៃអាទិត្យ ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា គ.ស.២០២៤ ជាវារៈវ័នបត
ថ្ងៃចន្ទ ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ មេសា គ.ស.២០២៤ ជាវារៈវ័នបត្រ
ថ្ងៃអង្គារ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ មេសា គ.ស.២០២៤ វេលាម៉ោង ០២ និង ១៥នាទី ០០វិនាទី ជាវារៈឡើងស័ក គម្រប់ ៤ថ្ងៃ សេចបរិបូណ៍ ចូលឆ្នាំរោង ឆស័ក មហាសករាជ ១៩៤៦ ចុល្លសករាជ ១៣៨៦ តទៅ។
ក្នុងអំឡុងពិធីបុណ្យ ចូលឆ្នាំថ្មីនេះ ក្រសួងបានណែនាំឱ្យគ្រប់វត្តរៀបចំពិធីបុណ្យ សាសនាតាមវត្តអារាម ស្របតាមប្រពៃណី សាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធីស្រោចស្រពសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម ។ ក្រសួង ក៏បានណែនាំឱ្យរៀបចំលេង ល្បែងប្រជាប្រិយនានា ក្នុងវត្តអារាម ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ ចត្រង្គ ឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយខែ្មរដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ឆៃយុំា ត្រុដិជាដើម ៕
