ជារៀងរាល់ឆ្នាំ មហោស្រពសិល្បៈ បុណ្យភូមិតែងតែត្រឡប់មកវិញ ជាមួយរូបតំណាងនៃឆ្នាំនីមួយៗ ដែលជាការកែច្នៃថ្មី និងរចនាឡើងដោយកូនខ្មែរពិតៗ។ អ្វីកាន់តែពិសេសនៅក្នុងឆ្នាំនេះ ស្នាដៃរូបនិមិត្តតំណាងអោយ មហោស្រពសិល្បៈ បុណ្យភូមិ គឺជាស្នាដៃរបស់យុវជនខ្មែរកម្ពុជាក្រោម។

បុណ្យភូមិ មានសោមនស្ស ក្នុងការណែនាំអ្នកស្រុកបុណ្យភូមិមកស្គាល់ រូបនិមិត្ត ថ្មីនៃមហោស្រពសិល្បៈ និងវប្បធម៌បុណ្យ ភូមិ២០២៤ «អង្គព្រះនាងសោមា» ជាគំនូររចនាក្រោមស្នាដៃសិល្បករខ្មែរ កម្ពុជាក្រោមមួយនេះ បញ្ជាក់ពីការសាទរ និងរម្លឹកទៅដល់ការកកើតនៃទឹកដីដ៏អស្ចារ្យ ក្រោមការគ្រប់គ្រង និងដឹកនាំរបស់ព្រះនាងសោមា លោមព្រះកាយដោយ នាគរាជ នៃឆ្នាំរោង ក្នុងពុទ្ធសករាជថ្មីនេះ តំណាងអោយភាពមុះមុត អង់អាច ក្លាហាន ។

លោក ស៊ី ម៉េត
បើលោកអ្នកមើល អោយកាន់តែច្បាស់ រូបអង្គនាងសោមា បានរចនាឡើងយ៉ាងល្អិតល្អន់ នៃក្បាច់ក្បូររបស់ខ្មែរ មានរំលេចនូវផ្កាកេសរកូល (អ័រគីដេភាសាបរទេស)ផងដែរ ។ លោក ស៊ី ម៉េត យុវជនខ្មែរកម្ពុជាក្រោមដែលជាអ្នករចនា រូបនិមិត្តនេះ ឡើងបានលើកឡើងថា «ព្រះមាតានាគផ្សំជាមួយផ្កាកេសរកូលផ្កាដ៏ស្រស់ស្អាតទាំងនេះ យើង គិតហាក់ដូច ជាដុះនៅបរទេស ប៉ុន្តែ ផ្កា កេសរកូលព្រៃទាំង នេះ ពិត ជា បាន លេច ចេញ ជា យូរ មក ហើយ ក្នុង ទឹក ដី ខ្មែរវាពិតជាអស្ចារ្យណាស់»។

លោកក៏ប្រាប់ពីអត្ថន័យ នៃគំនូរ របស់លោកថា «នាងនាគ វិលត្រលប់មកវិញម្តងទៀតហើយ នឹងកក្រើកដែនដីអាណាចក្រ មហានគរ មួយនេះវិញ នាងនាគភ្ញាក់ហើយ គ្រប់ សេចក្តី នឹក រលឹក របស់ មនុស្ស លោក ទាំង ឡាយ ធ្វើ ឲ្យ នាងនាគ កក្រើក ឡេីង ម្តង ទៀត ។ ក្នុង បច្ចុប្បន្ន ខ្មែរ សព្វ ថ្ងៃ នៅ តែមិនជឿថា មាននាគ ប៉ុន្តែ ក្នុង ជំនាន់ ព្រះបាទ ជ័យវរ្ម័ន ទី២ គឺ ទ្រង់ គោរព ស្តេច នាគខ្លាំងណាស់ ហើយ បណ្តាំ នាងនាគ បានផ្តាំថា មនុស្ស លោក ចង់ ស្គាល់ នាងនាគ លុះត្រាតែ មនុស្ស យល់ អត្ថន័យ លេី សិលាចារឹក ដែល បានចារ ព្រោះ នាងនាគ ដឹង ច្បាស់ ណាស់ ថា ពេល អនាគត មនុស្ស នឹងភ្លេច នាងនាគ ។»
លោកបន្ថែមថា ពីមុនលោកបានមើលគំនូររបស់បុណ្យភូមិហើយមានក្តីប្រាថ្នាថា រូបលោកនឹងមានឱកាសក្លាយ ជាសិល្បករឌីជីថលគូរសម្រាប់កម្មវិធីបុណ្យភូមិ ហើយឥឡូវនេះលោកបានធ្វើបានហើយ។

សូមបញ្ជាក់ថា «អង្គព្រះនាងសោមា» គឺជារូបតំណាងអោយមហោស្រពសិល្បៈ បុណ្យភូមិលើកទី១១ ខណ:ដែល កាលពីឆ្នាំទី១០ រូបតំណាងអោយបុណ្យភូមិគឺជា ទេវតាទន្សាយ ដែលជាការរចនាឡើងដោយយុវជន សេរី (សុបិន្ត)។ បុណ្យភូមិឆ្នាំនេះនឹងរៀបចំឡើងនៅថ្ងៃទី ០៥ ០៦ ០៧ ខែមេសា ២០២៤ ជាមួយនឹងសកម្មភាព ទស្សនីយភាព ការដាក់តាំងបង្ហាញស្នាដៃសិល្បៈ ផ្សេងៗជាច្រើន៕
