ព្រឹត្តិការណ៍

សត្វជិត ៥ លានក្បាល បានស្លាប់នៅរដូវរងា ដ៏អាក្រក់បំផុត ក្នុងរយៈពេលកន្លះ សតវត្ស នៅម៉ុងហ្គោលី

ប្រភព ៖ AFP

ម៉ុងហ្គោលី ៖ សហព័ន្ធអន្តរជាតិ នៃកាកបាទក្រហម បានព្រមានថា ប្រទេសម៉ុងហ្គោលី កំពុងត្រជាក់ក្នុងរដូវរងា ដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលកន្លះសតវត្ស ជាមួយនឹងលក្ខខណ្ឌធ្ងន់ធ្ងរ ដោយបានសម្លាប់សត្វជាង ៤.៧ លានក្បាល និងគំរាមកំហែង ដល់ជីវភាពរស់នៅ ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារ របស់មនុស្សរាប់ពាន់នាក់ ។

ស្ថានភាពធ្ងន់ធ្ងរត្រូវគេស្គាល់ថា ជា dzud ត្រូវបានកំណត់លក្ខណៈដោយសីតុណ្ហភាពធ្លាក់ចុះ និងព្រិលជ្រៅ និងទឹកកកដែលគ្របដណ្តប់ តំបន់វាលស្មៅ និងកាត់ផ្តាច់លទ្ធភាព ទទួលបានអាហារ សម្រាប់បសុសត្វ ។ ប្រជាជនម៉ុងហ្គោលីប្រហែល ៣០០,០០០ នាក់ជាអ្នកចិញ្ចឹមតាមបែបប្រពៃណី ហើយពឹងផ្អែកលើ គោក្របី ពពែ និងសេះ សម្រាប់ធ្វើជាអាហារ និងលក់នៅទីផ្សារ ។

លោក Alexander Matheou នាយកប្រចាំតំបន់ IFRC ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក បានប្រាប់ CNN កាលពីថ្ងៃព្រហស្បតិ៍ថា សម្រាប់ប្រជាជនទាំងនោះ ដែលពឹងផ្អែកទាំងស្រុង លើសត្វចិញ្ចឹមរបស់ពួកគេ ដើម្បីរស់រានមានជីវិត ពួកគេបានក្លាយទៅជាទុរគត ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ឥឡូវនេះពួកគេមួយចំនួន លែងអាចចិញ្ចឹមខ្លួនឯង ឬកម្ដៅផ្ទះបានហើយ ។

យោងតាម IFRC បានឲ្យដឹងថា ចាប់តាំងពីខែវិច្ឆិកាមក យ៉ាងហោចណាស់ គ្រួសារអ្នកចិញ្ចឹមចំនួន ២,២៥០ក្បាល បានបាត់បង់សត្វចិញ្ចឹម របស់ពួកគេច្រើនជាង ៧០ភាគរយ ។ អង្គការនេះបានបន្ថែមទៀតថា បច្ចុប្បន្ននេះមានគ្រួសារជាង ៧ ពាន់គ្រួសារខ្វះអាហារគ្រប់គ្រាន់។ dzud បានប៉ះពាល់ដល់បីភាគបួន នៃប្រទេស ប៉ុន្តែលក្ខខណ្ឌត្រូវបានគេរំពឹងថានឹងកាន់តែអាក្រក់ នៅពេល ដែលរដូវរងានៅតែបន្ត ។
លោក Matheou បាននិយាយថា ឥឡូវនេះវាដល់រដូវផ្ការីក ប៉ុន្តែរដូវរងាកំពុងអូសបន្លាយនៅប្រទេស ម៉ុងហ្គោលី នៅតែមានព្រិលនៅលើដី ហើយសត្វពាហនៈ នៅតែងាប់ ។ រដ្ឋាភិបាល ម៉ុងហ្គោលីបានប្រកាសស្ថានភាព នៃការត្រៀមខ្លួនជាស្រេច កាលពីខែមុនដែល នឹងមានរយៈពេលរហូតដល់ថ្ងៃទី ១៥ ខែឧសភា ហើយកាលពីថ្ងៃអង្គារ IFRC បានបើកការអំពាវនាវ សម្រាប់មូលនិធិ ដើម្បីកាត់បន្ថយការឈឺចាប់ របស់ប្រជាជន ដែលបានបាត់បង់ជីវភាពរស់នៅ ៕
ដោយ៖លីភីលីព

Most Popular

To Top