ថ្ងៃនេះ នាំប្រិយមិត្តទាំងអស់គ្នា ឲ្យទៅស្គាល់អំពីបុត្រី ទាំង៧ របស់កបិលមហាព្រហ្មដែល ដាក់វេនគ្នាចុះមករក្សា មនុស្សលោកតាមឆ្នាំ និងថ្ងៃនីមួយៗជារៀងរាល់ឆ្នាំ មួយវិញទៀត ក៏ចង់ឲ្យប្រិយមិត្តឈប់យល់ច្រឡំទៀតថា ទេពធីតា រៀងរាល់ឆ្នាំក្នុងពិធីចូលឆ្នាំថ្មី ដែលនឹងយាងមកថែរក្សាជម្ពូទ្វីពមនុស្សលោក នឹងជិះសត្វតំណាងឱ្យពង្សធាតុ នៃសត្វតាមឆ្នាំនោះទេ។
ឈ្មោះទេពធីតាមហាសង្ក្រាន្តទាំង៧តំណាងថ្ងៃនីមួយៗមានដូចខាងក្រោម៖
១.បើសង្ក្រាន្តចូលចំថ្ងៃអាទិត្យគឺ ត្រូវវេនបុត្រីទី ១ ព្រះនាម ទុង្សាទេវី ទ្រង់អម្ពរពណ៌ក្រហម សៀតផ្កាទទឹម សោយផ្លែឧទុម្ពរ (ផ្លែល្វា) ជាភក្សាហារ អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ និងគង់លើពាហនៈ ស្តេចគ្រុឌ។

២.បើសង្ក្រាន្តចូលចំថ្ងៃច័ន្ទគឺ ត្រូវវេនបុត្រីទី ២ ព្រះនាម គោរាគទេវី ទ្រង់អម្ពរពណ៌លឿង សៀតផ្កាអង្គារបុស្ស សោយប្រេងជាភក្សាហារ អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ និងគង់លើពាហនៈ សត្វខ្លា។

៣.បើសង្ក្រាន្តចូលចំថ្ងៃអង្គារគឺ ត្រូវវេនបុត្រីទី ៣ ព្រះនាម រាក្យសាទេវី ទ្រង់អម្ពរពណ៌ខ្មៅ សៀតផ្កាឈូក សោយលោហិតជាភក្សាហារ អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ និងគង់លើពាហនៈ សត្វសេះ។

៤.បើសង្ក្រាន្តចូលចំថ្ងៃពុធគឺ ត្រូវវេនបុត្រីទី ៤ ព្រះនាម មណ្ឌាទេវី ទ្រង់អម្ពរពណ៌អន សៀតផ្កាចម្ប៉ា សោយទឹកដោះសិប្បីជាភក្សាហារ អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ និងគង់លើពាហនៈ សត្វលា។

៥.បើសង្ក្រាន្តចូលចំថ្ងៃព្រហស្បតិ៍គឺ ត្រូវវេនបុត្រីទី ៥ ព្រះនាម កិរិណីទេវី ទ្រង់អម្ពរពណ៌បៃតង សៀតផ្កាមណ្ឌា សោយសណ្ដែក ល្ង ជាភក្សាហារ អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង និងគង់លើពាហនៈ សត្វដំរី។

៦.បើសង្ក្រាន្តចូលចំថ្ងៃសុក្រគឺ ត្រូវវេនបុត្រីទី ៦ ព្រះនាម កិមិរាទេវី ទ្រង់អម្ពរពណ៌ស សៀតផ្កា ចង្កុលណី សោយចេកណាំវ៉ាជាភក្សាហារ អាវុធស្តាំព្រះខ័ន ឆ្វេងពិណ និងគង់លើពាហនៈ សត្វក្របី។

៧.បើសង្ក្រាន្តចូលចំថ្ងៃសៅរ៍គឺ ត្រូវវេនបុត្រីទី៧ ព្រះនាម មហោទរាទេវី ទ្រង់អម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត សោយសាច់ទ្រាយជាភក្សាហារ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ គង់លើពាហនៈ សត្វក្ងោក៕

