សម្ដេចព្រះនរោត្ដម សីហនុ កាលនៅសោយរាជ្យជាលើកទី១ ធ្លាប់ប្រទានដំរីស ដ៏កម្រមួយនៅកម្ពុជា ទៅកាន់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក Harry S. Truman កាលពីឆ្នាំ១៩៥១ ។

លោក Harry S. Truman និង សម្ដេចព្រះនរោត្ដម សីហនុ
យោងតាមអ្នកស្រាវជ្រាវអាមេរិក Kenton Clymer បានឲ្យដឹងថា សម្ដេចសីហនុបានប្រទានដំរីសដ៏កម្រនេះ ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-សហរដ្ឋអាមេរិក ដោយពេលនោះសហរដ្ឋអាមេរិក គាំទ្រចលនាប្រឆាំងអាណានិគមនិយម ខណៈកម្ពុជាស្ថិតក្រោមការត្រួតត្រារបស់បារាំង ។
លោក Clymer បានសរសេរក្នុងសៀវភៅ សហរដ្ឋអាមេរិក និងកម្ពុជា ១៨៧០-១៩៦៩៖ ពីភាពងឿងឆ្ងល់ ទៅភាពតតាំងគ្នា លោក Truman ចង់បានសត្វខ្លាទេ តែដោយសារតែមានការសរសេរសំបុត្រ ពីសំណាក់សិស្សអនុវិទ្យាល័យមួយក្រុម ទើបលោកព្រមទទួលសត្វដំរីសនេះ។
ដំរីសនេះគ្រោង នឹងដាក់នៅក្នុងសួនសត្វរដ្ឋធានីវ៉ាស៊ីងតោន តែជាអកុសល សត្វដំរីនេះបានបាត់បង់ជីវិតនៅទីក្រុង Cape Town អាហ្វ្រិកខាងត្បូង។
សហរដ្ឋអាមេរិក បានផ្សារភ្ជាប់ទំនាក់ទំនងការទូត ជាមួយកម្ពុជាកាលពីឆ្នាំ១៩៥០ ពោលក្នុងរាជ្យសម្ដេចនរោត្ដម សីហនុ និងអាណត្តិប្រធានាធិបតីរបស់លោក Truman។ ក្នុងឆ្នាំ២០២០នេះ ប្រទេសទាំងពីរមានទំនាក់ទំនង ជាមួយគ្នារយៈពេល ៧០ឆ្នាំហើយ៕
