កាលពីល្ងាចថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ ពិធីសម្ពោធជាផ្លូវការវីដេអូ បទចម្រៀង «ទេវរាជ» របស់អ្នកនាង ទេព បូព្រឹក្ស ត្រូវបានរៀបចំធ្វើឡើង នៅសាលមហោស្រពកោះពេជ្រ ដោយមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ រួមជាមួយសម្តេច ព្រះរាជបុត្រី ព្រះអនុជ នរោត្តមអរុណរស្មី សមាជិកព្រឹទ្ធសភា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាង និងអញ្ជើញជាអធិបតី ក៏ដូចជាវត្តមាន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី សិល្បករ សិល្បការិនី និងទស្សនិជនប្រហែល ៣០០០នាក់។

បទ «ទេវរាជ» គឺជាស្នាដៃនិពន្ធរបស់លោក ងួន ចាន់ដេវីត (G-Devith) និងច្រៀងដោយ អ្នកនាង ទេព បូព្រឹក្ស ព្រមដោយមានការសម្តែង សិល្ប:វប្បធម៌ជាច្រើនប្រភេទ។

អ្វីដែលកាន់តែពិសេស ក្រៅពីការសម្ពោធវីដេអូបទចម្រៀងនេះ ក៏ឃើញថា មានការបង្ហាញនូវទស្សនីយភាពអស្ចារ្យ និងជាទីភ្ញាក់ផ្អើលរំភើប មិនធម្មតាឡើយ ។ អ្វីដែលកាន់តែរំភើប ចំណូលពីការលក់សំបុត្រចំនួន ៧៣,៤៥២,០០០៛ និងថវិការបស់អ្នកនាង ទេព បូព្រឹក្ស ចំនួន ៨,០០០,០០០៛ ត្រូវបានប្រគល់ជូនសាលាមធ្យមវិចិត្រសិល្បៈសម្រាប់ការបណ្តុះបណ្តាលសិល្បៈវប្បធម៌ផងដែរ។

ដោយឡែក កម្មវិធីនេះដែរ ក៏ធ្វើឲ្យគ្រប់គ្នាមានការទាក់ចិត្តទាក់ភ្នែកពេញទំហឹងដែរ ដោយសារវត្តមានអ្នក ដែលបានចូលរួមគឺមកជាមួយនឹងការបង្ហាញឈុតបែបខ្មែរ សុទ្ធសាធ គួរឲ្យចង់ទស្សនា ។ ការរៀបចំខ្លួនរបស់គ្រប់គ្នា សបញ្ជាក់យ៉ាងច្បាស់ពីចេតនា នៃការអួតប្រាប់អន្តរជាតិនូវអ្វីដែលជាខ្មែរ ដែលគ្មានបរទេសណា អាចធ្វើតាមបានងាយៗឡើយ ។














