នៅក្នុងពេលបច្ចុប្បន្ននេះ អត្រាប្ដូរប្រាក់ពីដុល្លារ មករៀលគឺ ខ្ទង់ ១ដុល្លារ=៤ ០០០រៀល រាប់ឆ្នាំមកហើយ ។ យ៉ាងណាមិញ នៅថ្ងៃនេះដែរចង់បង្វែរចំណាប់អារម្មណ៍ប្រិយមិត្តមកដឹង ពីប្រវត្តិនៃអត្រាប្ដូរប្រាក់ ពីលុយខ្មែររៀល ទៅលុយដុល្លារអាមេរិក។
តាមពិតទៅ ១ដុល្លារ ដូរបានខ្ទង់ ៤ ០០០រៀលគឺ ចាប់តាំងពីឆ្នាំ១៩៩៨ ។ ដោយនៅពេលនោះ ជាមធ្យមអត្រាប្ដូរប្រាក់ ១ដុល្លារ=៣ ៧៤៤,៤២រៀល។ នេះបើតាមការចងក្រងទិន្នន័យ របស់ធនាគារពិភពលោក ។
ទិន្នន័យនេះរៀបឡើងបន្តិចម្ដងៗ នៅចុងទសវត្សឆ្នាំ១៩៩០ និងដើមឆ្នាំ២០០០ ។ លុះនៅឆ្នាំ២០០៤ អត្រាដូរលុយ ១ដុល្លារ លោតទៅដល់ ៤ពាន់រៀលតែម្ដង ជាមួយនឹងចំនួនពិតប្រាកដនោះគឺ ១ដុល្លារ=៤ ០១៦,២៥រៀល។ ចំនួននេះមានឡើងមានចុះ ដោយ ១ដុល្លារ ដូរបាន ៤ពាន់ ឬ ៤ ១០០រៀល រហូតដល់បច្ចុប្បន្ន ។
សូមជម្រាបផងដែរថា នៅទសវត្សឆ្នាំ១៩៦០ ១ដុល្លារ ដូរបាន ៣៥រៀល អត្រានេះបានលោតឡើង ១ដុល្លារ ដូរបានខ្ទង់ ២៥០រៀលនៅឆ្នាំ១៩៧៣។ ចាប់តាំងពីឆ្នាំ១៩៧៣ រហូតដល់ទសវត្ស ១៩៨០ ខាងធនាគារពិភពលោកមិនបានកត់ត្រាទិន្នន័យនៃអត្រាប្ដូរប្រាក់នោះទេ។
លុះនៅឆ្នាំ១៩៩០ ១ដុល្លារ=៤២៦រៀល ហើយចំនួននេះបានឡើងជារៀងរាល់ថ្ងៃរហូតដល់ឆ្នាំ១៩៩១ លុយ ១ដុល្លារ ដូរបាន ៧០០រៀល ហើយនៅឆ្នាំ១៩៩២ ដូរបាន ១ ២០០រៀល ។ នៅក្នុងជំនាន់នោះ អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិ ឬ អាជ្ញាធរអ៊ុនតាក់បានចូលមកគ្រប់គ្រងទឹកដីខ្មែរបណ្ដោះអាសន្ន ដោយបណ្ដាលឱ្យមានលំហូរចូលនូវលុយដុល្លារអាមេរិកច្រើនសន្ធឹកសន្ធាប់ ហើយធ្វើឱ្យលុយរៀលមានអតិផរណាយ៉ាងខ្លាំង។
ក្រោយៗមក លុយរៀលក៏នៅបន្តចុះថ្លៃបន្តទៀត ដោយ ១ដុល្លារដូរបានខ្ទង់ ២ ទៅ ៣ពាន់រៀល នៅពាក់កណ្ដាលទសវត្ស១៩៩០។ បន្ទាប់ពីស្រុកខ្មែរមានរដ្ឋាភិបាលស្ថិរភាពទើបអត្រាប្ដូរប្រាក់ នៅរាងថេរដល់បច្ចុប្បន្ន ៕