ពិភពលោកនេះ មានទ្វីបទាំងអស់ចំនួន ៧ រួមមានដូចជា អាស៊ី, អាហ្វ្រិក, អាមេរិកខាងជើង, អាមេរិកខាងត្បូង, អឺរ៉ុប, អូសេអានី និងអង់តាទិក។ ក្នុងនោះមានប្រទេសខ្លះ គឺស្ថិតនៅជាប់ក្នុងទ្វីប២តែម្តង រួមមានដូចខាងក្រោម៖
-រុស្ស៊ី៖ ជាប្រទេសធំជាងគេបំផុតក្នុងពិភពលោក ហើយភាគធំដីរុស្ស៊ី ដូចជាតំបន់ស៊ីបេរី ត្រូវបានរាប់ចូលក្នុងទ្វីបអាស៊ី និងមួយផ្នែកទៀតដែលមានរដ្ឋធានីមូស្គូ ស្ថិតក្នុងទ្វីបអឺរ៉ុប។

-ឥណ្ឌូណេស៊ី៖ ជាប្រទេសដែលមានកោះច្រើនជាងគេក្នុងពិភពលោក ក្នុងនោះកោះភាគច្រើនរួមទាំងរដ្ឋធានីហ្សាកាតា គឺស្ថិតក្នុងទ្វីបអាស៊ី (តំបន់អាស៊ីអាគ្នេយ៍) និងមានកោះខ្លះស្ថិតក្នុងទ្វីបអូសេអានី។ ក្នុងនោះ រួមមានកោះ New Guinea ផងដែរដែលបែងចែកដែនដីគ្នារវាងខេត្ត Papua និងប្រទេសប្រទេសប៉ាពូញ៊ូវហ្គីណេ។

-កាហ្សាក់ស្ថាន៖ ភាគច្រើនបំផុតនៃប្រទេសគឺស្ថិតនៅក្នុងទ្វីបអាស៊ី ប៉ុន្តែផ្នែកខ្លះនៅភាគលិចគឺជាប់ក្នុងទ្វីបអឺរ៉ុប។

-អេហ្ស៊ីប៖ ជាប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិក ប៉ុន្តែតំបន់ស៊ីណៃ ដែលនៅប៉ែកខាងកើតនៃព្រែកជីកស៊ុយអេ គឺនៅជាប់ក្នុងទ្វីបអាស៊ី (មជ្ឈិមបូព៌ា)។

-ប៉ាណាម៉ា៖ ជាប្រទេសដែលនៅស្ថិតចំណុចបែងចែករវាងអាមេរិកខាងជើង និងអាមេរិកខាងត្បូង។

-តួកគី៖ ក្រុងអ៊ីស្តានប៊ុល នៃប្រទេសនេះ គឺស្ថិតនៅចំណុចខណ្ឌចែករវាងអឺរ៉ុប និងអាស៊ី។

-ដាណឺម៉ាក៖ ប្រទេសនេះស្ថិតក្នុងទ្វីបអឺរ៉ុប ប៉ុន្តែដោយសារដាណឺម៉ាកជាម្ចាស់កោះ Greenland ដែលស្ថិតនៅអាមេរិកខាងជើង គេក៏អាចចាត់ទុកថា ដាណឺម៉ាកជាប្រទេសមួយជាប់ក្នុងទ្វីប២ផងដែរ។

ក្រៅពីនេះក៏មានដូចជា ប្រទេសអាហ្ស៊ែបៃហ្សង់ អាមេនី និងហ្សកហ្ស៊ី ជាប្រទេសជាប់គ្នា ហើយក៏ជាប្រទេសដែលមានផ្នែកខ្លះស្ថិតក្នុងទ្វីបអាស៊ី និងអឺរ៉ុបដូចគ្នាដែរ៕

