តារាចម្រៀងអាមេរិកអ្នកនាង Taylor Swift បានប្រកាសបោះឆ្នោត ជូនអ្នកស្រីកមលា ហារីស (Kamala Harris) អនុប្រធានាធិបតី និងបច្ចុប្បន្នជាបេក្ខជនប្រធានធិបតីសហរដ្ឋអាមេរិក នៃគណបក្សប្រជាធិបតេយ្យ ។ នេះបើតាមការបង្ហោះនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាមកាលពីព្រឹកមិញនេះ។
អ្នកចម្រៀងរូបនេះបានសរសេរថា៖ «ខ្ញុំនឹងបោះឆ្នោតជូនអ្នកស្រីកមាលា ហារីស និងលោក ធីម វ៉ល្ហ្ស៍ (Tim Walz បេក្ខភាពអនុប្រធានាធិបតីរបស់អ្នកស្រីហារីស) សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២៤»។

អ្នកនាង Swift បានសរសេរបន្តថា អ្នកនាងនឹងបោះឆ្នោតជូនអ្នកស្រីហារីស ដោយសារតែអ្នកស្រីជាមេដឹកនាំដ៏ពូកែមួយរូប ដែលមានចរិតលក្ខណៈអត់ធ្មត់ ជាជាងការបង្កចលាចល។
ជាមួយគ្នានេះដែរ អ្នកនាង Swift បានធ្វើការថ្កោលទោសទៅក្រុមយុទ្ធនាការឃោសនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ដែលយករូបអ្នកនាងទៅកាត់តក្នុងវីដេអូ បង្កើតដោយប្រព័ន្ធបញ្ញាសប្បនិមិត្ត AI។ ក្នុងវីដេអូ AI នោះ អ្នកនាង Swift បានប្រកាសគាំទ្រលោក ត្រាំ។

សូមជម្រាបផងដែរថា លោក ត្រាំ ហាក់ដូចជាមិនសូវទទួលបានការគាំទ្រ ពីសំណាក់តារាហូលីវូដប៉ុន្មាននោះទេ ។ មួយផ្នែកនៃមូលហេតុនេះគឺ ដោយសារតែហូលីវូដមានទីតាំងនៅរដ្ឋកាលីហ្វរញ៉ា ហើយរដ្ឋនេះឯងជាមូលដ្ឋាន នៃការគាំទ្រនៃគណបក្សប្រជាធិបតេយ្យ ដែលមាននិន្នាការបែបសេរីនិយម ស្របពេលដែលគណបក្សសាធារណរដ្ឋ ដែលជាបក្សរបស់លោកត្រាំ មាននិន្នាការបែបអភិរក្ស ៕
