ព្រឹត្តិការណ៍

ធនាគារ ABA បន្ថែមដើមទុន 220 លានដុល្លារ ប្ដេជ្ញារួមចំណែកដល់ ការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា 

ភ្នំពេញ ៖ ABA ដែលជាធនាគារ ពាណិជ្ជធំបំផុត នៅកម្ពុជា បានទទួលការអនុម័ត សម្រាប់ការបន្ថែមដើមទុន ចំនួន 220 លានដុល្លារ ពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ខ្លួន ។ 

ការបន្ថែមថ្មីនេះ បានធ្វើឲ្យមូលធនសរុប របស់ភាគហ៊ុនិក សម្រេចឈានដល់ 2.2 ពាន់លានដុល្លារអាមេរិក ដោយពង្រឹងជំហរ របស់ខ្លួនជាតួអង្គនាំមុខគេ នៅក្នុងវិស័យធនាគាររបស់កម្ពុជា ។ 

ការសម្រេចចិត្ត របស់ភាគហ៊ុនិក ក្នុងការបង្កើនដើមទុននេះ គឺជាការគាំទ្រប្រកប ដោយអានុភាពដល់ មាគ៌ារីកចម្រើនរបស់ធនាគារ ABA និងការប្តេជ្ញាចិត្តឥតងាករេ របស់ខ្លួនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ 

គួរកត់សម្គាល់ផងដែរថា រាល់ប្រាក់ចំណេញទាំងអស់ ភាគហ៊ុនិក មិនដែលដកចេញពី ABA មួយកាក់មួយសេន ចេញឡើយ ។ ផ្ទុយទៅវិញ ពួកគាត់បន្តដាក់ប្រាក់ ចំណេញរបស់ពួកគាត់ទាំងអស់ទៅក្នុង ABA វិញ ដោយផ្តោតលើវឌ្ឍនភាពបន្ត នៃបច្ចេកវិទ្យាទំនើបៗ  និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ លើធនធានមនុស្សរបស់ធនាគារ។ 

ជំរុញដល់ស្ថិរភាពហិរញ្ញវត្ថុ និងបច្ចេកវិទ្យា 

ការបន្ថែមដើមទុនថ្មីនេះ មិនត្រឹមតែជួយពង្រឹងស្ថិរភាព ហិរញ្ញវត្ថុរបស់ ABA ឲ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានគាំទ្រដល់ចក្ខុវិស័យរបស់ធនាគារ សម្រាប់កំណើនប្រកបដោយចីរភាព និងនវានុវត្តផងដែរ ។ ជាមួយនឹង មូលដ្ឋានដើមទុន កើនឡើងដ៏ធំនេះ ធនាគារស្ថិតក្នុងជំហរដ៏រឹមាំ អាចគ្រប់គ្រងស្ថានភាព មិនប្រាកដ ប្រជានៃសេដ្ឋកិច្ច ដោយធានាបាននូវស្ថិរភាព និងភាពធន់របស់ខ្លួន ក្នុងទិដ្ឋភាពហិរញ្ញវត្ថុរបស់កម្ពុជា។ 

ដើមទុនថ្មីនេះនឹងពន្លឿនបន្ថែមដល់ការវិនិយោគរបស់ ABA នៅក្នុងបច្ចេកវិទ្យាទំនើប ពង្រឹងសេវាធនាគារឌីជីថលរបស់ខ្លួន និងគាំទ្រដល់ភាពរីកចម្រើន របស់សហគ្រាសធុនតូច និងមធ្យម ។ ដោយផ្តោតលើផ្នែកអាទិភាពទាំងនេះ ABA មានគោលបំណងផ្ដល់អានុភាពដល់បណ្ដាអាជីវកម្មក្នុងស្រុក និងជំរុញសកម្មភាព សេដ្ឋកិច្ចនៅគ្រប់វិស័យ ខណៈដែលខ្លួនបន្តបម្រើអតិថិជន ជាមួយសេវាធនាគារ កាន់តែងាយ ស្រួលប្រើប្រាស់ មានប្រសិទ្ធភាព និងសុវត្ថិភាព ខ្ពស់ជាលំដាប់ ។ 

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានមានប្រសាសន៍ថា “ការបង្កើនដើមទុននេះ គឺជាឧទាហរណ៍ជាក់ស្ដែងមួយ នៃការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងសេដ្ឋកិច្ចជាតិ ដោយសារទំនុកចិត្ត ជាបន្តបន្ទាប់ របស់ភាគហ៊ុនិកយើង មកលើប្រទេសកម្ពុជា និងលើ ABA ផ្ទាល់ ។ ការបន្ថែមដើមទុននេះ អាចឲ្យយើងបន្តផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម រក្សាការវិនិយោគ ជាបន្ដបន្ទាប់លើបច្ចេកវិទ្យាទំនើបៗ និងផ្តល់សេវាកម្មហិរញ្ញវត្ថុល្អឯក ខណៈដែលខ្លួនកំពុងរួមចំណែក ដល់វឌ្ឍនភាព សេដ្ឋកិច្ចរបស់កម្ពុជា”។ 

ការរួមវិភាគទាន ជាបន្ដបន្ទាប់ ទៅក្នុងសេដ្ឋកិច្ចជាតិ 

ធនាគារ ABA ក៏ប្រតិបត្តិខ្លួន ជាពលរដ្ឋសាជីវកម្មគំរូមួយ នៅក្នុងប្រទេសកម្ពុជា ផងដែរ ដោយទទួលបាន វិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ 2019 មក។ 

ការទទួលស្គាល់នេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ឥតឈប់ឈររបស់ ABA ចំពោះតម្លាភាព និងអភិបាលកិច្ច ពន្ធសាជីវកម្មល្អ។ ធនាគារបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅតាមបទប្បញ្ញត្តិពន្ធដាររបស់កម្ពុជា ដោយបង់ពន្ធយ៉ាងពេញលេញ និងមានតម្លាភាព100%។ ធនាគារក៏មានកិត្តិយស ទទួលបានលិខិតថ្លែងអំណរគុណ ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែឧសភា ឆ្នាំ2022 សម្រាប់ជាការទទួលស្គាល់ លើកិច្ចខិតខំប្រឹងប្រែងទាំងនេះ។ 

គិតតែលើឆ្នាំ 2023 ABA បានបង់ពន្ធលើប្រាក់ចំណូល និងចំណាយលើពន្ធផ្សេងៗទៀត ប្រមាណ 85 លានដុល្លារ​។ ហើយគិតត្រឹម 8ខែដំបូងនៃឆ្នាំ 2024 ធនាគារបានបង់ពន្ធជូនរដ្ឋ រួចរាល់ប្រមាណ 80 លានដុល្លារ។  

សរុបពីឆ្នាំ 2009 ដល់ឆ្នាំ  2024 មក ABA បានរួមចំណែកបង់ពន្ធ ជូនរដ្ឋប្រមាណ 446 លានដុល្លារ ដោយថវិកាទាំងនេះ បានរួមចំណែកគាំទ្រ ដល់គំនិតផ្ដួចផ្ដើមនានា របស់រដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ពន្ធ សម្រាប់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ទាំងមូល។ 

ការវិនិយោគជាយុទ្ធសាស្ដ្រ លើការអភិវឌ្ឍ ធនធានមនុស្ស 

កំណើនគួរឲ្យកត់សម្គាល់ របស់ធនាគារ ABA ដែលសម្រេចបាន មិនមែនអាស្រ័យលើត្រឹម ហិរញ្ញវត្ថុរឹងមាំ និងនវានុវត្តន៍ ផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារការ ប្តេជ្ញាចិត្តឥតងាករេ របស់ខ្លួនក្នុងការ អភិវឌ្ឍធនធាន មនុស្សផងដែរ ។ ជាមួយការបង្កើត ឱកាសការងារជាង 9,300 ធនាគារផ្តោតការ យកចិត្តទុកដាក់ យ៉ាងខ្លាំង លើការបណ្ដុះបណ្ដាល បំពាក់បំប៉នបុគ្គលិក និងលើកកម្ពស់វប្បធម៌ នៃការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ 

ការវិនិយោគជាបន្តបន្ទាប់របស់ ABA ក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ធានាថា បុគ្គលិករបស់ខ្លួនត្រូវ បានបំពាក់បំប៉នជាមួយនឹងជំនាញយ៉ាងច្បាស់លាស់ ដើម្បីបំពេញតម្រូវការ របស់អតិថិជន ដែលបន្ដកើនឡើង និងបញ្ហាប្រឈមនៃទិដ្ឋភាព ហិរញ្ញវត្ថុដែលកំពុង ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។ 

តាមរយៈកម្មវិធីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សិក្ខាសាលាពង្រឹងជំនាញ និងឱកាសនានាសម្រាប់វឌ្ឍនភាពការងារ ធនាគារគាំទ្រការអភិវឌ្ឍន៍ខ្លួន និងវិជ្ជាជីវៈរបស់បុគ្គលិក ដោយពង្រឹងសមត្ថភាព របស់ពួកគេក្នុងការជំរុញការច្នៃប្រឌិត និងផ្តល់សេវាកម្មកម្រិត ខ្ពស់បំផុតជូនអតិថិជន។ 

កម្លាំងដ៏រឹងមាំ គួបផ្សំនឹងបច្ចេកវិទ្យា ដ៏ទំនើប បានធ្វើឲ្យ ABA រក្សាតំណែងជាធនាគារ នាំមុខនៅលើទីផ្សារ និងបន្តកំណត់ ស្តង់ដារថ្មីៗ នៅក្នុងឧស្សាហកម្ម ធនាគាររបស់កម្ពុជា។ 

អំណរគុណចំពោះទំនុកចិត្ត និងការគាំទ្រ របស់អតិថិជន 

ការរីកចម្រើនគួរឲ្យកត់សម្គាល់ របស់ធនាគារនៅក្នុងកំណើន មូលដ្ឋានអតិថិជន ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់ខ្លួនចំពោះឧត្តភាព ។ បច្ចុប្បន្ននេះ ធនាគារ ABA បម្រើអតិថិជនជាង 4 លាន ដោយក្នុងនោះ 3.8 លានជាអ្នកប្រើប្រាស់កម្មវិធី ABA Mobile។ 

កំណើនយ៉ាងឆាប់រហ័សនេះ សបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីជំនឿចិត្ត និងទំនុកចិត្ត ដែលអតិថិជនខ្មែរយើង មានមកលើធនាគារ ។ យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់អតិថិជនគ្រប់រូប សម្រាប់ការបន្តស្រឡាញ់ គាំទ្រឥតងាករេ និងការប្តេជ្ញាចិត្ត របស់ពួកគាត់ ដែលបានក្លាយជាចលករ ដ៏សំខាន់មួយក្នុង ការពង្រឹងជំហររបស់ ABA ក្នុងនាមជាធនាគារឌីជីថល ឈានមុខគេនៅក្នុងប្រទេស ។ 

ការពង្រីកវត្តមានទីផ្សារ និង ឧត្តមភាពប្រកួតប្រជែង ជាមួយនឹង ដើមទុនបន្ថែមនេះ ធនាគារ ABA ត្រៀមរួចរាល់ ក្នុងការពង្រឹង និងពង្រីកឧត្តមភាព របស់ខ្លួនបន្ថែមទៀត នៅក្នុងវិស័យធនាគារ នៅកម្ពុជា ដែលពោរពេញ ដោយការប្រកួតប្រជែង ។ ធនាគារបន្តបង្ហាញភាពល្អ ឯកលេចធ្លោរបស់ខ្លួន ជាមួយនឹងផលិតផលហិរញ្ញវត្ថុនវានុវត្ត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះនវានុវត្តន៍ឌីជីថល។ 

ខណៈដែលខ្លួនបន្តពង្រីកវត្តមាន និងសមត្ថភាពជាលំដាប់ ធនាគារ ABA នៅតែយកចិត្តទុកជានិច្ចដាក់ចំពោះបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជន និងរួមចំណែកដល់វឌ្ឍនភាពរបស់ប្រទេសជាតិទាំងមូល។ 

កំណើនរបស់ធនាគារ ABA ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ដោយគាំទ្រដល់គោល ដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព និងបរិយាបន្នរបស់ប្រទេស ។ ធនាគារត្រៀមខ្លួនជានិច្ច ក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋកម្ពុជាឲ្យបានកាន់តែច្រើន ដោយពង្រឹងតួនាទីរបស់ខ្លួនជាគ្រឹះស្ថាន ផ្ដល់សេវាធនាគារជាទីទុកចិត្ត និងសុវត្ថិភាពបំផុតនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។ 

ជារួមមក ខណៈដែលខ្លួនបន្តអភិវឌ្ឍ និងរីកចម្រើនទៅមុខ ធនាគារ ABA ប្ដេជ្ញាគាំទ្រជានិច្ច ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយធានាថា ABA នៅតែនាំមុខគេក្នុងវិស័យសេវាហិរញ្ញវត្ថុ របស់ប្រទេសយើង ដោយផ្តល់នូវគុណតម្លៃ និងគុណប្រយោជន៍ដល់ភាគហ៊ុនិក អតិថិជន និងសហគមន៍ទាំងមូល ។

Most Popular

To Top