តាំងពីកកើត នៃមនុស្សជាតិមក មនុស្សតែងតែស្វែងរកអ្វីៗ ដែលថ្មីជានិច្ចក្នុងការអភិវឌ្ឍជីវភាព រស់នៅប្រចាំថ្ងៃរបស់ខ្លួន ។ ក្នុងកំឡុងពេលនោះ មនុស្សត្រាច់ចរចេញពីព្រៃភ្នំ ហើយធ្វើកសិកម្មបង្កើតជាភូមិឋាន ក្រោយមករីកធំធាត់ក្លាយជាទីក្រុង ដែលនាំឲ្យគំនិតរីកចម្រើនជាលំដាប់ ។
អស់រយៈកាលជាច្រើនពាន់ឆ្នាំមក មនុស្សចាប់ផ្ដើមចេះប្រើប្រាស់សម្ភារៈដែលវិវត្តន៍ពីថ្ម រហូតដល់លោហៈ បន្ទាប់មកក៏រកឃើញម៉ាស៊ីន ។ គំនិតវិទ្យាសាស្ត្រទាំងនោះ បានញ៉ាំងឲ្យមានការផ្លាស់ប្ដូរមួយដ៏ធំក្នុងជីវិតដែលគេឲ្យឈ្មោះ បដិវត្តន៍ឧស្សាហកម្ម ។

មកទល់សព្វថ្ងៃនេះ បដិវត្តន៍ឧស្សាហកម្មមាន ៤ជំនាន់ ដែលរីកចម្រើនចាប់តាំងពីសតវត្សទី ១៨ មក។ បដិវត្តន៍ឧស្សាហកម្មទាំង ៤នោះមានដូចជា៖
បដិវត្តន៍ឧស្សាហកម្មជំនាន់ទី ១៖ កើតឡើងដំបូងនៅប្រទេសអង់គ្លេស កំឡុងពាក់កណ្ដាលសតវត្សទី ១៨។ បដិវត្តន៍ឧស្សាហកម្មនេះ ធ្វើឲ្យមនុស្សបង្កើនផលិតកម្មដោយប្រើប្រាស់ម៉ាស៊ីនដើរដោយចំហាយទឹក។

បដិវត្តន៍ឧស្សាហកម្មជំនាន់ទី ២៖ កើតឡើងនៅប្រទេសអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុននៅពាក់កណ្ដាលសតវត្សទី ១៩។ ក្នុងជំនាន់នោះ មនុស្សចេះប្រើប្រាស់ថាមពលអគ្គិសនី និងបង្កើនផលិតកម្មខ្លាំងជាងមុន។
បដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៣៖ កើតឡើងនៅពាក់កណ្ដាល និងចុងសតវត្សទី ២០ ដែលធ្វើឲ្យមានលក្ខណៈជាបដិវត្តន៍ឌីជីថល ដែលមនុស្សប្រើប្រាស់អេឡិចត្រូនិក និងព័ត៌មានវិទ្យា ដើម្បីបង្កើនផលិតកម្មដោយស្វ័យប្រវត្តិ។

បដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ៖ កើតឡើងក្នុងពេលបច្ចុប្បន្ននេះឯង ដោយអភិវឌ្ឍបន្ថែមលើបដិវត្តន៍ជំនាន់ទី ៣ ដែលបន្ថែមលើការប្រើប្រាស់មនុស្សយន្តជំនួសកម្លាំងពលកម្មមនុស្ស ៕
