ប្រទេសដែលមានទំនាក់ ទំនងការទូតជាផ្លូវការ ដំបូងបង្អស់ជាមួយកម្ពុជា ក្នុងសម័យទំនើបគឺ សហរដ្ឋអាមេរិក ។ នេះបើតាមបញ្ជីទំនាក់ទំនងការទូត របស់កម្ពុជា ដែលរៀបរៀង ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
អាមេរិកបានបង្កើត ទំនាក់ទំនងការទូត ជាមួយកម្ពុជានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០ ពោល គឺនៅពេលកម្ពុជានៅមិនទាន់ទទួលបានឯករាជ្យពេញ លេញពីបារាំងនៅឡើយ។
ទំនាក់ទំនងការទូតនេះ ជាទំនាក់ទំនងផ្លូវការរវាងរដ្ឋ និងរដ្ឋ ហើយទំនាក់ទំនងនេះបានសេចក្ដីថា រដ្ឋទាំងពីរទទួលស្គាល់គ្នា ហើយរាប់អានគ្នាស្មើមុខ ស្មើមាត់នឹងគ្នា។
នេះមិនមែនបានសេចក្ដីថា កម្ពុជានៅមុនឆ្នាំ១៩៥០ មិនដែលប្រាស្រ័យទាក់ទង ជាមួយប្រទេសផ្សេងនោះដែរ។
ក្នុងប្រវត្តិសាស្ត្រជាង ២ពាន់ឆ្នាំនេះ កម្ពុជាធ្លាប់មានទំនាក់ទំនង បែបនយោបាយ ពាណិជ្ជកម្ម និងវប្បធម៌ ជាមួយប្រទេសនានាលើលោកអស់ពេលជាយូរ លង់ណាស់មកហើយ។
នគរ ឬ រដ្ឋទាំងនោះរួមមាន រាជវង្សនានានៅស្រុកចិន រដ្ឋនានានៅអាស៊ីអាគ្នេយ៍ទាំងដីគោក និងដីកោះ រដ្ឋមួយចំនួននៅឥណ្ឌា មជ្ឈិមបូព៌ា ហើយថែមទាំងមានកំណត់ត្រា មួយចំនួនបានចុះផ្សាយថា នគរខ្មែរ ធ្លាប់រកស៊ីជាមួយពួកអឺរ៉ុបអស់រាប់រយឆ្នាំមកហើយ៕