ប្រទេសចិន បានកាន់កំណត់ត្រាជាប្រទេស ដែលមានប្រជាជនច្រើនជាងគេ លើលោកអស់រយៈពេលច្រើនទសវត្សរ៍ ប៉ុន្តែឥឡូវនេះ ចិន បានរបូតតំណែងនេះហើយ ដោយក្នុងនោះប្រទេសឥណ្ឌា បានចូលជំនួស ។
តាម worldometers គិតត្រឹមឆ្នាំ ២០២៣ នេះ ចិន មានចំនួនប្រជាជនសរុបចំនួន 1,425,671,352នាក់ ស្ថិតក្នុងចំណាត់លេខ២ ក្រោមឥណ្ឌាដែលមានប្រជាជនសរុបចំនួន 1,428,627,663នាក់។ លំដាប់លេខ៣ នាមជាប្រទេសមានប្រជាជនច្រើនជាងគេ គឺសហរដ្ឋអាមេរិកជាមួយតួលេខ ប្រជាជនសរុបគិតត្រឹមឆ្នាំ ២០២៣ ចំនួន 339,996,563។
តាមវិទ្យុបារាំង មិនត្រឹមតែមានបញ្ហាកំណើនប្រជាជន ចិនក៏កំពុងមានអត្រាប្រជាជនវ័យចំណាស់ច្រើនថែមទៀត ជាហេតុធ្វើឲ្យប្រទេសនេះប្រឈមនឹងបញ្ហាផលិតភាព។ ក៏ដូចគ្នាដែរ បញ្ហានេះ បានដាក់សំពាធកាន់តែខ្លាំងទៅដល់វិស័យឧស្សាហកម្មក្នុងស្រុក ដែលត្រូវការកម្លាំងពលកម្មមនុស្សជាគោល។
ប្រឈមនឹងបញ្ហាប្រជាសាស្ត្រនេះរបស់ចិន បានក្លាយជាមូលហេតុសំខាន់១ ក្នុងចំណោមមូលហេតុផ្សេងទៀត ដែលរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចឈានទៅស្មើសេដ្ឋកិច្ចអាមេរិក ដែលមានគម្លាតគ្នា ២០% គិតត្រឹមពេលនេះ ពោលគឺទំហំសេដ្ឋកិច្ចអាមេរិកមានចំនួនជាង ២០ពាន់ពាន់លានដុល្លារ ឯចិនមានជាង ១៦ពាន់ពាន់លានដុល្លារ ប៉ុណ្ណោះ។
ជាក់ស្ដែង ស្ថាប័នជំនាញមួយចំនួន ដែលធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ច ចិន នឹងអាចស្មើអាមេរិកនៅត្រឹមឆ្នាំ ២០២៦ នោះ ឥឡូវបានព្យាករណ៍ជាថ្មីថា ស្ថានភាពនេះ អាចត្រូវពន្យាដល់ឆ្នាំ ២០៣០ ឬ ២០៣៥ ទើបសេដ្ឋកិច្ចចិន អាចឈានទៅស្មើសេដ្ឋកិច្ចអាមេរិកបាន៕