លោកWarren Buffett មានឈ្មោះពេញថា Warren Edward Buffett បច្ចុប្បន្នលោកអាយុ៨៣ឆ្នាំហើយ។ លោក គឺជាមហាសេដ្ឋីទី២របស់អាមេរិក និងទី៣ របស់ពិភពលោក បន្ទាប់ពីលោក Bill Gates និង លោកCarlos Slim ជនជាតិម៉ិកស៊ីកូ។ ប៉ុន្តែកាលពីឆ្នាំ២០០៨កន្លងទៅលោកធ្លាប់ជាមហាសេដ្ឋីមួយរបស់ពិភពលោក។ លោក Buffett សព្វថ្ងៃមានមុខដំណែងជាប្រធានក្រុមប្រឹក្សាភិបាលជានាយកប្រតិបត្តិ និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនប័ណ្ណភាគហ៊ុនមួយឈ្មោះ Berkshire Hathaway។
មិនត្រឹមតែជាអ្នកជំនួញដ៏ជោគជ័យដាច់គេម្នាក់ លោកក៏ជាជនល្បីល្បាញ ផ្នែកសប្បុរសធម៌ម្នាក់ផងដែរ ដែលធ្វើឲ្យមនុស្សជាច្រើនស្គាល់ និងគោរពស្រលាញ់លោកជាខ្លាំង ។ ប៉ុន្តែអ្វីដែលអស្ចារ្យជាងនេះទៅ ទៀតនោះ គឺភាពមានបាន និងល្បីល្បាញ របស់លោកកើតពីជីវិត អតីតកាលដ៏សាមញ្ញមួយប៉ុណ្ណោះ ព្រោះលោក Buffett ធ្លាប់មានប្រវត្តិជាអ្នកលក់ស្ករគ្រាប់ នៅសំយាបផ្ទះគេជារៀងរាល់ថ្ងៃ ដើម្បីរកលុយផ្គត់ផ្គង់ខ្លួនឯង ។
ប្រវត្តិសង្ខេប នៃខ្សែជីវិតរបស់លោក Warren Buffet
លោកWarren Buffett បានកើតនៅថ្ងៃទី៣០ខែសីហាឆ្នាំ១៩៣០ ក្នុងក្រុង Omaha រដ្ឋ Nebraska សហរដ្ឋអាមេរិក។ លោក ជាកូនប្រុសម្នាក់ក្នុងចំណោមកូនបីនាក់ ដែលមានឪពុកជាអ្នកនយោបាយព្រមទាំងជាអ្នកជំនួញលោក Howard Buffett និងអ្នកស្រី Leila។ នៅឆ្នាំ១៩៤២ ក្រុមគ្រួសាររបស់លោកបានផ្លាស់មករស់នៅក្រុង Washington D,C ពេលនោះលោកមាន វ័យទ្រើសបន្តិច ហើយបានចូលរៀននៅអនុវិទ្យាល័យមួយឈ្មោះAlice Deal ហើយ៥ឆ្នាំក្រោយមកលោកបានរៀន ចប់វិទ្យាល័យមួយឈ្មោះWoodrow Wilson នៅក្នុងក្រុង ហើយចូលរៀនបន្តនៅមហាវិទ្យាល័យមួយឈ្មោះWharton Business នៅអាយុ១៦ឆ្នាំ។
ត្បិតថាមានឪពុកជាអ្នក នយោបាយ មានជីវភាពបង្គួរហើយក៏ដោយ Buffett ជាក្មេងដ៏ឆ្លាតម្នាក់ និងចេះលុយតាំងពីតូច ដូចនេះតាំងពីគេចូលរៀន វិទ្យាល័យរហូតមកដល់មហាវិទ្យាល័យគេមិនដែលយកលុយពីផ្ទះឡើយ ពោលគឺគេចេះផ្ញើខ្លួននឹងខ្លួនឯងរហូតមក ដោយមិនពឹងពាក់លើគ្រួសារឡើយ។ កាលពីនៅរៀនអនុវិទ្យាល័យ ជាង៣ឆ្នាំ លោកបានដើរលក់ស្ករគ្រាប់ កូកាកូឡា និងទស្សនាវដ្ដីពីផ្ទះមួយទៅផ្ទះមួយ ដែលអាចសន្សំលុយបានយ៉ាងច្រើន។
តែមួយរយៈក្រោយមក ពេលលោកមកដល់វិទ្យាល័យបានបែកគំនិត ចូលលុយគ្នាជាមួយមិត្តម្នាក់ទៀតបានប្រាក់២៥ដុល្លារទិញធុងម៉ាស៊ីន Game ដាក់តាមហាងកាត់សក់ក្នុងតំបន់ ដោយរំពឹងថា នឹងបានចំណូល ច្រើនជាងមុន។ពិតជាដូចការរំពឹងទុកមែន តែប៉ុន្មានខែសោះ ម៉ាស៊ីនGame របស់លោកមានគេចូលលេងយ៉ាងច្រើន ហើយលោកក៏បានទិញវាដាក់ បន្ថែមនៅតាមបណ្ដាហាងកាត់សក់ជាច្រើនទៀត។ប៉ុន្តែយ៉ាងណាក៏ដោយនៅប៉ុន្មានឆ្នាំក្រោយមកលោកបានសម្រេចបោះបង់មុខរបរGame ព្រោះលោកចាប់អារម្មណ៍ខ្លាំងពីផ្សារភាគហ៊ុន។
នៅពេលជិតបញ្ចប់មហាវិទ្យាល័យទៅហើយ នៅឆ្នាំ១៩៥០ លោកបានប្ដូរទៅរៀន ក្នុងសាកលវិទ្យាល័យ Nebraska-Lincoln និងបានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ គ្រប់គ្រងជំនួញនៅទីនោះ នៅវ័យ១៩ឆ្នាំ។ ២ឆ្នាំក្រោយមក លោកBuffett ត្រូវបានកូនស្រីមហាសេដ្ឋីទី១៥៣ក្នុងលោក នាង Susan Thompson ស្រលាញ់ជាខ្លាំងពួកគេបានរៀបការនៅឆ្នាំក្នុងឆ្នាំ១៩៥២ ហើយបច្ចុប្បន្នពួកគេមានកូនបីនាក់។
ជីវិតនៅក្នុងមុខជំនួញ
ដំបូងឡើយនៅឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៤ បន្ទាប់ពីបានបញ្ចប់មហាវិទ្យាល័យលោកBuffett បែកពីឪពុកម្ដាយទាំងស្រុងហើយ បានចូលធ្វើការជា អ្នកលក់ប័ណ្ណភាគហ៊ុន នៅក្រុមហ៊ុនមួយឈ្មោះថា Buffett-Falk & Co.,និង ធ្វើជាគ្រូបង្រៀនសាកលវិទ្យាល័យមួយផងដែរ។នៅឆ្នាំ១៩៥៤ លោកបានចេញពីក្រុមហ៊ុន នោះដោយគ្មានលុយច្រើនទេ ប៉ុន្តែដោយលោកមានសមត្ថភាព និងបទពិសោធន៍ច្រើន លោកត្រូវបានគេហៅមកធ្វើការ នៅក្រុមហ៊ុនGraham-NewmanCorp ជាអ្នកវិភាគមូលបត្រវិញម្ដង ។ លោកបានធ្វើការនៅទីនោះ អស់រយៈពេល២ឆ្នាំទៀត ពីឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៥៦ សរុបទៅលោកធ្វើការឲ្យគេអស់ជាង៦ឆ្នាំ។
យ៉ាងណាក៏ដោយនៅឆ្នាំ១៩៥៦ ដោយសារលោកចេះ សន្សំលុយ និង ចាយយ៉ាងត្បិតត្បៀតអំឡុងពេលដែលលោកធ្វើការឲ្យគេនោះ លោកបានសល់លុយច្រើនគួរសមដែរ។ ពេលនោះហើយ ដែលលោកបានបែកគំនិត មកបើកក្រុមហ៊ុនខ្លួនឯងដ៏តូចមួយទទួលប្រឹក្សាផ្នែកភាគហ៊ុន។ ក្រុមហ៊ុននោះ ឈ្មោះBuffett Partnership, Ltd.,។
រហូតដល់ឆ្នាំ១៩៦០ ក្រុមហ៊ុនរបស់លោក Buffett មានការរីកចម្រើនជាខ្លាំង និង មានដៃគូជំនួញដល់ទៅ៧ ប្រតិបត្តិការរួមមាន៖ Buffett Associates, Buffett fund, Dacee, Emdee, Glenoff, Mo-Buff និង Underwood។ ហើយក្រោមនៅឆ្នាំ១៩៧០ លោកបានរំលាយក្រុមហ៊ុននោះ ហើយបើកក្រុមហ៊ុនផ្សារភាគហ៊ុនថ្មីមួយទៀត គឺក្រុមហ៊ុន Berkshire Hathaway Inc, ដែលមកដល់បច្ចុប្បន្ននេះ វាជាក្រុមហ៊ុនផ្សារភាគហ៊ុនធំជាងគេនៅអាមេរិក ហើយលោកជាក្រុមប្រឹក្សាភិបាល និង ជានាយកប្រតិបត្តិ និង ជាម្ចាស់ភាគហ៊ុនផ្ទាល់ខ្លួន។
ចាប់ពីពេលដែលលោកបានបើកក្រុមហ៊ុនថ្មីនៅឆ្នាំ១៩៧០នោះមក បានធ្វើឲ្យជោគជតារាសីរបស់លោក Buffett មានការកើនឡើងឥតឈប់ឈរ។ លោកអាចចំណេញបានប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃទាំងមិនដឹងខ្លួន ដែលនេះកាន់តែធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។ ការវិវត្តន៍នៃជំនួញរបស់លោកកាន់តែកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ បានធ្វើឲ្យលោក Buffettបានសម្រេចបំណងដ៏ធំ គឺលោកអាចក្លាយជាអ្នកជំនួញឈានមុខគេបង្អស់ទាំងអ្នកជំនួញចាស់ និង អ្នកជំនួញថ្មី។
រហូតឆ្នាំ២០០៨ជារឿងមួយដែលមិនគួរឲ្យជឿលោកត្រូវបានទស្សនាវដ្ដីពិភពលោក Forbes បានចុះផ្សាយថាជាបុរសដ៏មានទ្រព្យជាងគេបំផុតនៅក្នុងពិភពលោក ដែលមានទឹកប្រាក់ប្រមាណជាង៥០ពាន់លានដុល្លារ។ ប៉ុន្តែនៅឆ្នាំ២០១៤នេះលោកបានរំកិលទៅលេខ៣ វិញបន្ទាប់ពីលោក BillGates និង លោក CarlosSlim ដោយមានលុយ ៦៧ពាន់លានដុល្លារ។
លោកក៏ជាជនល្បីល្បាញ ផ្នែក សប្បុរសធម៌ម្នាក់ផងដែរ ដែលធ្វើឲ្យមនុស្សជាច្រើនស្គាល់ និង គោរពស្រលាញ់លោកជាខ្លាំង ហើយ លោកបានធ្លាប់សន្យាថា នឹងបរិច្ចាគទ្រព្យ៩៩% របស់ខ្លួនទៅឲ្យបុព្វហេតុសប្បុរសធម៌។ ចាប់តាំងពីឆ្នាំ១៩៩៩ លោក Buffett បានទទួលងារជាកំពូលអ្នកគ្រប់គ្រងហិរញ្ញវត្ថុប្រចាំសតវត្សទី២០ ដោយក្រុមអ្នកជំនួញពិភពលោក ហើយឆ្នាំ ២០០៧គាត់មានឈ្មោះនៅក្នុងបញ្ជីមនុស្សដែលមានសក្ដានុពលបំផុតក្នុងពិភពលោករបស់ទស្សនាវដ្ដី The Time។ លោកក៏ធ្លាប់បានទទួលរង្វាន់មេដាយសេរីភាពមួយ ពីប្រធានាធិបតីអាមេរិកអូបាម៉ា ផងដែរកាលពីឆ្នាំ២០១១។
ដំបូន្មានដ៏ល្អៗ របស់លោកសម្រាប់មនុស្សជំនានក្រោយ
លោក Warren Buffett មិនត្រឹមតែជាមនុស្សដ៏អស្ចារ្យ និង ជាសប្បុរសជននោះទេ តែគាត់ក៏បានចែករំលែកពីទស្សនះ ពីភាពជោគជ័យរបស់គាត់ ទៅកាន់មនុស្សជំនាន់នៅទូទាំពិភពលោកដើម្បីក៏សាងខ្លួនជាមនុសសជោគជ័យដូចជារូបលោក។ តែវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលមនុស្សជាច្រើនចង់ក្លាយ ជាអ្នកមានដូចលោក Warren Buffett តែយ៉ាងណាមិញក៏អរគុណដល់គាត់ដែលបានផ្តល់ដំបូន្មានល្អៗសម្រាប់ក្មេងៗជំនាន់ក្រោយដែលដើរតាមគន្លងរបស់គាត់ជាច្រើនឆ្នាំមកនេះ។ ខាងក្រោមនេះជាដំបូន្មានដ៏ល្អបំផុតទាំងប្រាំបួនរបស់លោកមហាសេដ្ឋី Warren Buffett ៖
១. វិនិយោគរយៈពេលវែង (Play the long Game)
ដើម្បីរកលុយអ្នកវិនិយោគមិន គួរ ទិញភាគហ៊ុនដោយមានគោលបំណង ដើម្បីតែលក់ចេញមួយមុខគត់នោះទេ។ លោក Warren Buffett ធ្លាប់បានលើកឡើងជាលើកដំបូង នៅក្នុងលិខិតរបស់ម្ចាស់ភាគហ៊ុន (shareholders’ letter) កាលពីឆ្នាំ១៩៨៨ ថា៖ ការកាន់ភាគហ៊ុនដែលយើងពេញចិត្តគឺ «ជារៀងរហូត»។ លោក Warren Buffett បានបន្តថាភាគហ៊ុនគួរតែលក់ចេញវិញនៅពេលដែលអ្នកត្រូវការលុយចំនេញទាំងនោះ មិនមែនលក់ចេញនៅពេលដែលអ្នកគិតថាជាយុទ្ធសាស្ត្រតបស់អ្នកនោះទេ។
២. រៀនអ្វីដែលថ្មីជានិច្ច និងត្រូវចេះបន្ទាបខ្លួន (Always learn new things and be humble)
ជាច្រើនឆ្នាំកន្លងទៅ Warren Buffett បានផ្តល់ដំបូន្មានដល់សហគ្រិនម្នាក់ ដោយគាត់បានប្រាប់សហគ្រិនម្នាក់នោះឱ្យរៀនពីអ្វីថ្មីៗ ប្រឈមមុខនឹងឱកាស និងតែងតែបន្ទាបខ្លួនជានិច្ច។ ទោះបីជាវាមិនមែនជាដំបូន្មានលើការវិនិយោគក៏ដោយ តែវាគឺជាយុទ្ធសាស្រ្តរបស់សហគ្រិនម្នាក់ៗក្នុងអាជីវកម្មឆ្លាតវៃ។ លោក Warren Buffett តែងតែអានកាសែតជារៀងរាល់ព្រឹក និងអានសៀវភៅពេញមួយថ្ងៃ ព្រោះទាំងនេះគឺជារបៀបដែលយើងនឹងទទួលបានចំណេះដឹង។
៣. វិនិយោគលុយផ្ទាល់ខ្លួន (Invest your own money)
ការវិនិយោគដោយប្រើប្រាល់លុយ កម្ចីនឹងធ្វើឱ្យមានហានិភ័យច្រើនជាងការវិនិយោគដោយប្រើប្រាស់ លុយផ្ទាល់ខ្លួន ប្រសិនបើការវិនិយោគនោះបរាជ័យ។ លោកបាននិយាយថា៖ អ្នកនឹងសម្រេចចិត្តធ្វើរឿងមិនល្អនៅពេល ដែលភាគហ៊ុនដែលអ្នកប្រើលុយកម្ចីយកមក វិនិយោគនោះធ្លាក់ចុះ មួយវិញទៀតបើអ្នកប្រើលុយផ្ទាល់ខ្លួន អ្នកនឹងមិនចាំបាច់ភ័យរឿងជំពាក់បំណុលគេនៅពេលដែលភាគហ៊ុនអ្នកធ្លាក់ចុះ។
៤. កសាងទំនាក់ទំនងឱ្យបានល្អ (Build relationships and treat people well)
លោក Warren Buffett ធ្លាប់បានទៅសាកលវិទ្យាល័យមួយនៅរដ្ឋ Iowa និងបានផ្តល់ដំបូន្មានពីភាពជោគជ័យនិស្សិតនៅទីនោះ។ ពួកគេពិតជាបានភ្ញាក់ផ្អើលជាមួយ និងពាក្យពេជ្យការនិយាយស្តីរបស់គាត់ ពួកគេនិយាយថាលោក Warren Buffett បានបង្រៀនពួកគេឱ្យយល់ថា «អ្នកមិនអាចជំនួសទំនាក់ទំនង និងឥរិយាបថរបស់អ្នក ជាមួយនិងចំនេះដឹងលើអាជីវកម្មបានទេ» ។
៥. សម្លឹងមើលទៅអនាគត មិនមែនពីអតីតកាល (Look to the future, not the past)
លោក Warren Buffett បានសរសេរកាលពីឆ្នាំ ១៩៥១ ថា៖ «ជាការពិតអ្នកវិនិយោគិននៅថ្ងៃនេះមិនទទួលបានប្រាក់ចំណេញពីកំណើនសេដ្ឋកិច្ចកាលពីម្សិលមិញនោះទេ» ហើយប្រយោគនេះគឺនៅតែជាការពិតដល់សព្វថ្ងៃ។ គាត់និយាយថា អ្នកវិនិយោគគួរតែសម្លឹងមើលពីអនាគត និងមិនគួរចាញ់បោកអតីតកាលដែលគ្មាននិរន្តរភាពនោះទេ។
៦. កុំសន្មតថាការចំណាយខ្ពស់គឺមានន័យថាសេវាកម្មល្អ (Don’t assume a higher cost equals superior service)
លោក Warren Buffett បាននិយាយថា អ្នកមានមួយចំនួនចូលចិត្តវិនិយោគលើអ្វីដែលថ្លៃ ដោយគិតថាការចំណាយច្រើនគឺស្មើនឹងមានគុណភាពល្អ។ គាត់បន្តថា៖ «ទាំងអ្នកវិនិយោគខ្នាតធំ និងអ្នកវិនិយោគខ្នាតតូចគួរតែប្រកាន់យកនូវមូលនិធិលិបិក្រមដែលមានតម្លៃទាប» ។
៧. ជៀសវាងតាមការនឹកឃើញរបស់ខ្លួន (Avoid herd mentality)
កាលពីឆ្នាំ២០០៤ គាត់បាននិយាយថា «ត្រូវមានចិត្តលោភលន់នៅពេលអ្នកផ្សេងកំពុងតែខ្លាច ហើយខ្លាចនៅពេលដេលអ្នកផ្សេងកំពុងតែលោភលន់»។ យុទ្ធសាស្ត្ររបស់លោក Warren Buffett គឺទិញពេលដែលវាចុះថោក ហើយលកវិញនៅពេលដែលវាឡើងថ្លៃ។
៨. ដឹងថាពេលណាដែលត្រូវដកខ្លួន (Know when to cut your losses)
គាត់បានលើកជាឧទាហរណ៍ពីប្រវត្តិកាលពីកាត់នៅក្មេង ដោយពេលនោះគាត់ភ្នាល់ចាញ់ការប្រណាំងសេះមួយ គាត់មិនអស់ចិត្តក៏ទៅចាក់ម្តងទៀត ហើយលទ្ធផលគឺគាត់នៅតែចាញ់ម្តងទៀត។ គាត់បន្តថាពេលខ្លះ នៅពេលដែលអ្នកបន្តធ្វើរឿងបរាជ័យដដែលៗ វានឹងធ្វើឱ្យអ្នកកាន់តែលង់ខ្លួនជ្រៅទៅៗ ជាការដែលល្អអ្នកគួរតែដឹងថាពេលណាដែលអ្នកត្រូវដកខ្លួន។
៩. កុំផ្តោតសំខាន់លើប្រាក់ខ្លាំងពេក (Don’t focus too much on the money)
លោក Warren Buffett បានឱ្យដំបូន្មានថា៖ កុំគិតពីរឿងលុយខ្លាំងពេក ពិតណាស់ថាមានលុយ គឺល្អតែអ្នកដែលជួយជំរុញនិងគាំទ្រអ្នករហូតដល់មានថ្ងៃនេះគឺសំខាន់ជាង។ គាត់បានប្រាប់ទៅកាន់និស្សិតម្នាក់ថា «នៅពេលដែលអ្នកមានអាយុស្មើខ្ញុំ អ្នកនឹងដឹងថាជោគជ័យពិតគឺមនុស្សដែលអ្នកគិតថាតែងតែស្រឡាញ់អ្នក ពិតជាស្រឡាញ់អ្នក» ៕