មហាជន ជាពិសេសប្រិយមិត្ត ដែលនិយមចូលចិត្ត ទទួលទានអាហារ បែបប្រពៃណី សម្លចាណាង ជាមួយមី នោះអ្នកដឹងហើយថា ចាណាង មានឱជារសឈ្ងុយឆ្ងាញ់កម្រិតណា ទើបអាចទាក់ចិត្តឱ្យគ្រប់គ្នា បានទទួលទានហើយ ចង់ទទួលទានទៀតជាមួយ លក្ខណះពិសេស របស់សម្លប្រចាំខេត្ត រតនគិរី នេះ។

សម្ល «ចាណាង» ជាសម្លប្រពៃណី របស់ជនជាតិដើមភាគតិច ខេត្តមណ្ឌគិរី និងរតនគិរី ។ បច្ចុប្បន្ននេះ សម្ល ចាណាង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ន ដែលរស់នៅភ្នំពេញ បើទោះជាសម្លមួយប្រភេទនេះ ជាសម្លជនជាតិក៏ដោយ ។ នេះក៏ព្រោះតែ លក្ខណះពិសេសនៃសម្ល ទាំងការផ្សំគ្រឿង បន្លែស្ល និងប្រភេទជ្រើសរើស សាច់យកមកចម្អិនជាដើម។
មនុស្សមិនតិចអ្នកទេ ដែលបានភ្លក់រស់ជាតិសម្លចាណាង និងបានបង្ហាញ់អារណ្មណ៍របស់ពួកគេថា ពិតជាឆ្ងាញ់ រហូតមានការ កើនឡើងនៃការបើកហាង លក់ជាច្រើនកន្លែងនៅ រាជធានីភ្នំពេញ។ ចាណាង ឆ្ងាញ់មិនមែនគ្រាន់តែផ្សំគ្រឿង ត្រូវតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវដឹងពីរបៀបញុំាថាតើត្រូវបន្ថែមរបស់ ពិសេសអ្វីខ្លះឱ្យកាន់តែឆ្ងាញ់។

អ្នកស្រី សុខ ឯម ជាជនជាតិភាគតិច គ្រឹង និងជាអាជីវករបើកហាងលក់ ចាណាង មួយកន្លែងនៅម្ដុំ ទួលគោក បានឱ្យដឹងថា ដើម្បីចម្អិនសម្លចាណាង ឱ្យឆ្ងាញ់មួយចាន យើងត្រូវមាន ៖ ស្បែកគោ ឬ ស្បែកក្របី,ជើងជ្រូក ឆ្អឹងជំនីសាច់ជ្រូក ,សាច់គោ,សាច់ក្របី ។ យើងអាចដាក់បន្លែ បន្ថែម មានដូចជាពោតខ្ចី, ម្ទេសក្រៀម រឺម្ទេសស្រស់ ។ ទំពាំងស្ងួតរឺទំពាំងស្រស់,ក្តាត,ផ្លែពពាយ,អំបិល, ប៊ីចេងស្ករ ។ តែសព្វថ្ងៃមានបងប្អូនខ្លះ យកស្លឹកពោត ស្លឹកល្វា ស្លឹកដើមស្រេង ស្លឹកដំឡូងឈើ ជំនួសការដាក់ស្លឹកស៊ុន រៀងឬសណ្តែកខ្មោច ។ ស៊ុងរៀង ជាភាសា ព្រៅ រីឯភាសាខ្មែរ ហៅថាដើម សណ្តែកខ្មោច ។ ហើយញុំា ចាណាង ឱ្យកាន់តែឆ្ងាញ់នោះ គឺមានរបស់ពិសេស ដែលមិនអាចរំលង បាននោះគឺ ខ្លាញ់មី អំបិលមី ក្រូចឆ្មា ថែមស្កបន្តិច និងចុងក្រោយដែលជួយ ឱ្យចាណាងមួយ ចានកាន់តែឆ្ងាញ់ និងមានសោភ័ណ្ឌភាព គឺបន្ថែមជាមួយ ម្ទេសបុកប្រហុក។

ដូច្នេះសម្រាប់បងបង្អូនដែលមានការចាប់អារម្មណ៍ លើម្ហូបមួយប្រភេទនេះ អាចសាកញុំាបានជាមួយសម្លចាណាង នេះនៅតាមហាងលក់ ឬអាចរៀនធ្វើញុំាខ្លួនឯងបាន ជាពិសេសនោះ គឺនៅហាង ចាណាងជនជាតិដើមភាគតិច Online ជាហាងលក់ចាណាង ដែលម្ចាស់ជាជនជាតិដើមភាគតិចគ្រឹងផ្ទាល់៕
