ចិន ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ម្ចាស់រថយន្ត Rolls-Royce នៅទីក្រុងក្វាងចូវ ប្រទេសចិន បានបដិសេធ សំណង ពីអ្នកបើកបររថយន្ត ដឹកទំនិញក្រោយពីមានការប៉ះទង្គិចគ្នា បន្តិចបន្តួច បន្ទាប់ពីបានប្រឈមមុខ នឹងការរិះគន់ជុំវិញការចោទប្រកាន់ថា ឧបទ្ទវហេតុនេះត្រូវបានរៀបចំឡើង សម្រាប់ការចាប់អារម្មណ៍តាមអ៊ីនធើណេត ។
គ្រោះថ្នាក់នេះបានកើតឡើង នៅពេលរថយន្តដឹកទំនិញ មិននឹកស្មានដល់បានបត់ចូល ហើយបានបុកជាមួយរថយន្ត Rolls-Royce ពណ៌ផ្កាឈូក ដែលមានតម្លៃជាង ៦ លានយ័នស្មើនឹង៨៣០ ,០០០ ដុល្លារអាមេរិក ។ ម្ចាស់រថយន្តមានឈ្មោះថា លោកស្រី Zhu បានយកឧបទ្ទវហេតុនេះ ដោយបង្ហោះរូប Selfie ជាមួយរថយន្តដែលរងការខូចខាត នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយដាក់ចំណងជើងថា ដោយសារខ្ញុំមិនអាចប្តូរវាបាន ខ្ញុំនឹងទទួលយកវា ។
ទោះបីជាអ្នកបើកបរឡានដឹកទំនិញមានកំហុសក៏ដោយ លោកស្រី Zhu បានប្រកាសកាលពីថ្ងៃទី ៧ ខែវិច្ឆិកាថា លោកស្រីនឹងមិនទាមទារសំណងទេ បន្ទាប់ពីដឹងថា អ្នកបើកបរដែលមាននាមត្រកូល Li មានការលំបាកផ្នែកហិរញ្ញវត្ថុ និងមិនអាចសងការខូចខាតបានទេ។ លោកស្រីបានពណ៌នាហេតុការណ៍នោះថា ជា «ពរជ័យ» និងបង្ហាញជំនឿថា «អំពើល្អកើតឡើងចំពោះអ្នកដែលធ្វើល្អ» ។
កាយវិការរបស់លោកស្រី Zhu បានរីករាលដាលយ៉ាងឆាប់រហ័ស ដោយមានអ្នកតាមដាន Douyin របស់លោកស្រីកើនឡើងដល់ទៅជាង ១.៤ លាននាក់ ខណៈអ្នកនិយមលេងអ៊ីនធើណេតបានសរសើរលោកស្រីចំពោះទ្រព្យសម្បត្តិ និងក្តីមេត្តារបស់លោកស្រី។
ទោះជាយ៉ាងណាក៏ដោយ នៅពេលរឿងរ៉ាវកាន់តែមានភាពទាក់ទាញនោះ ពាក្យចចាមអារ៉ាមបានចាប់ផ្តើមសាយភាយតាមអ៊ីនធើណេត ដោយចោទប្រកាន់លោកស្រី Zhu ពីបទបង្កជម្លោះជាមួយ Li ដើម្បីភាពល្បីល្បាញ។ អ្នកខ្លះថែមទាំងបានអះអាងថា អ្នកទាំង ២ នាក់ជាអ្នកស្គាល់គ្នាយូរមកហើយ ដោយលើកយករូបថតចាស់ជាភស្តុតាង៕