លោក Tony Robbins គឺជាគ្រូបណ្ដុះបណ្ដាល អ្នកនិពន្ធសៀវភៅ អ្នកជំនាញលើកទឹកចិត្ត និងជាពាណិជ្ជករមួយរូបផងដែរ ។ លោកបានចាប់កំណើតនៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ១៩៦០ នៅក្នុងតំបន់ Hollywood រដ្ឋ California ។ បន្ទាប់ពីមានកុមារភាពដ៏លំបាក គាត់បានចាកចេញពីផ្ទះ ហើយទៅរស់នៅតែម្នាក់ឯង និងចាប់ផ្ដើមធ្វើការងារ ជាអ្នកផ្សព្វផ្សាយសិក្ខាសាលា អោយលោក Jim Rohn។ ចាប់តាំងពីពេលនោះមក លោកក៏បានចាប់ផ្ដើម បង្កើតនូវមុខជំនួញផ្ទាល់ខ្លួន ដោយធ្វើជាគ្រូបណ្ដុះបណ្ដាល និងជាអ្នកប្រឹក្សាពាណិជ្ជកម្ម ហើយក៏ចាប់ផ្ដើមផ្ដល់ការប្រឹក្សា ដល់មនុស្សទូទៅ តាមរយៈសិក្សាសាលានានារបស់ខ្លួន។
ពាណិជ្ជកម្មរបស់លោក ចាប់ផ្ដើមទទួលបានលទ្ធផលជាវិជ្ជមាន នៅពេលដែលលោកចាប់ផ្ដើមផលិត កម្មវិធីទូរទស្សន៍ ដើម្បីធ្វើការផ្សព្វផ្សាយពី សៀវភៅដែលខ្លួននិពន្ធ ក៏ដូចជាសេវាកម្មប្រឹក្សា យោបល់របស់លោកផងដែរ។ ឆ្លងកាត់រយៈពេលជាច្រើនឆ្នាំ លោកបានធ្វើការផ្ដល់ប្រឹក្សា និង បានជួយដល់សិល្បករ ពាណិជ្ជករល្បីៗ ព្រមទាំងមនុស្សជាច្រើនរូប អោយទទួលបានជោគជ័យ តាមរយៈសិក្ខាសាលាប្រចាំសប្ដាហ៍ សៀវភៅដែលលោកនិពន្ធ និងកិច្ចការសប្បុរសធម៌ផ្សេងៗ ។ អតិថិជនរបស់លោករួមមានបុគ្គលល្បីៗជាច្រើន ដូចជា កីឡាការនី Serena Williams តារាសម្ដែង Leonardo Dicaprio លោកស្រី Oprah Winfrey និង អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton ជាដើម ។
ក្រោយរយៈពេលជាង ៤០ឆ្នាំ នៅក្នុងពាណិជ្ជកម្មមួយនេះ លោកនៅតែជាគ្រូបណ្ដុះបណ្ដាលដែលលេចធ្លោ និងជោគជ័យបំផុតមួយរូប ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ៤៨០លានដុល្លា ហើយលោកទទួលចំណូលជាមធ្យមប្រហែល ៣០លានដុល្លាជារៀងរាល់ឆ្នាំ ។
ប្រសិនបើប្រិយមិត្តបានត្រៀមខ្លួនរួចរាល់ហើយ តោះមកតាមដានជាមួយនឹង ចំណេះ ទាំងអស់គ្នានូវ “រឿងរ៉ាវ ១៤ចំណុច ដែលប្រិិយមិត្តមិនបានដឹងពីគ្រូបណ្ដុះបណ្ដាលដ៏ល្បីល្បាញលោក Tony Robbins” ខាងក្រោម ៖
១) នៅពេលដែលលោកមានវ័យជំទង់ លោកត្រូវម្ដាយដេញចេញពីផ្ទះ
ឪពុកម្ដាយបង្កើត របស់លោក បានធ្វើការលែងលះគ្នា នៅពេលដែលលោកមានអាយុ៧ឆ្នាំ ហើយបន្ទាប់ពីនោះមក ម្ដាយរបស់លោក ចាប់ផ្ដើមមានទំនាក់ទំនង ជាមួយនឹងមនុស្ស ប្រុសជាច្រើននាក់ និងរៀបការជាច្រើនដង បន្តបន្ទាប់មកទៀត ។ ក្នុងនោះឪពុកចុងរបស់លោកម្នាក់ គឺជាកីឡាករបាល់បោះមួយ រូបឈ្មោះថា Jim Robbins ដែលទទួលលោក ធ្វើជាកូនបង្កើត នៅពេលដែលលោកមានអាយុ ១២ឆ្នាំ ។ ក្រោយពេលដែល ឪពុកចុងរូបនេះ បោះបង់គ្រួសារចោល ហើយចាកចេញពីម្ដាយរបស់លោក លោក Tony បានដើរតួនាទី ធ្វើជា អ្នករកប្រាក់មកផ្គត់ផ្គង់គ្រួសារ ។ ម្ដាយរបស់លោក បានក្លាយទៅជាមនុស្សញៀនស្រា និងត្រូវការប្រើប្រាស់ថ្នាំ ជាបន្តបន្ទាប់ដើម្បីព្យាបាលជំងឺនេះ ។
លោក Tony បានរៀបរាប់ថា ជីវិតក្រុមគ្រួសាររបស់លោកនៅពេល ដែលលោកមានវ័យជំទង់នោះ គឺពោរពេញទៅដោយភាពវឹកវរ នឹងបញ្ហា ហើយបន្ទាប់មកនៅពេលដែលលោកមានអាយុ ១៧ឆ្នាំ ម្ដាយរបស់លោកក៏បានដេញលោកចេញពីផ្ទះ។ បន្ទាប់ពីហេតុការណ៍នោះមក លោកមិនដែលត្រលប់ទៅវិញទេ ។ ជាច្រើនឆ្នាំ កន្លងមកទៀត ទើបលោកធ្វើការសម្រុះសម្រួល ជាមួយនឹងម្ដាយរបស់ខ្លួនវិញ ថែមទាំងបានទិញផ្ទះមួយខ្នង នៅជាប់ឆ្នេរសមុទ្រជូនគាត់ថែមទៀតផង កាលពីឆ្នាំ ១៩៩១ កន្លងទៅ ។
២) លោកលូតកម្ពស់ ប្រហែល ២៥ស.ម នៅឆ្នាំមួយកំឡុងពេល ដែលលោករៀន នៅវិទ្យាល័យ ដោយសារតែដុំសាច់ក្នុងខួរក្បាល
មនុស្សគ្រប់គ្នា ប្រាកដជាដឹងថា លោក Tony គឺពិតជាមានកម្ពស់ខ្ពស់ខ្លាំងណាស់ ប៉ុន្តែប្រហែលមានមនុស្សមិនច្រើនទេដែលបានដឹងពីមូលហេតុពិតប្រាកដទាក់ទងនឹងកម្ពស់របស់លោក។ នៅពេលដែលលោករៀននៅវិទ្យាល័យ ត្រឹមរយៈពេលមួយឆ្នាំប៉ុណ្ណោះ លោកលូតកម្ពស់ប្រហែល ២៥ស.ម ហើយក៏គ្មានមនុស្សណាម្នាក់បានដឹងដែរថា នេះគឺដោយសារតែលោក ដុះដុំសាច់នៅក្នុងខួរក្បាល ដែលជាមូលហេតុធ្វើអោយលោកលូតកម្ពស់ ។
៣) លោកធ្លាប់ធ្វើការ ជាអ្នកសម្អាតបន្ទប់ទឹក
បន្ទាប់ពីលោក ត្រូវបានម្ដាយបណ្ដេញចេញពីផ្ទះ លោកទទួលបានការងារ ធ្វើជាអ្នកសម្អាតបន្ទប់ទឹក ដែលអាចផ្ដល់ចំណូលអោយខ្លួនបាន ៤០ដុល្លា ក្នុងមួយសប្ដាហ៍។ បន្ទាប់ពីនោះមក លោកបានចាប់ផ្ដើមប្រឡូកក្នុងវិស័យការងារ និងធ្វើការផ្លាស់ប្ដូរការងារ ជាបន្តបន្ទាប់ ហើយចុងក្រោយលោកបាន ចាប់ផ្ដើមធ្វើជាជំនួយការ អោយគ្រូបណ្ដុះបណ្ដាលដ៏ល្បីមួយរូប គឺលោក Jim Rohn។ ការងាររបស់លោក គឺតម្រូវអោយលោកត្រូវធ្វើការទូរស័ព្ទ ទៅកាន់មនុស្សទូទៅ ហើយធ្វើការបញ្ចុះបញ្ចូលពួកគេអោយចូលរួមក្នុងសិក្ខាសាលា ដែលមានលោក Jim Rohn គឺជាអ្នកអត្ថាធិប្បាយ ។
ក្រោយពេលមើលឃើញពីកិច្ចខិតខំប្រឹងប្រែង និងសក្ដានុពលរបស់ Tony លោក Jim Rohn បានទទួលគាត់មកធ្វើជាកូនសិស្ស និងធ្វើការបណ្ដុះបណ្ដាលដោយផ្ទាល់។ លោក Jim Rohn បានបង្រៀនគាត់ថា កុំព្យាយាមសុំ អោយជីវិតមានភាពងាយស្រួល តែត្រូវសុំអោយខ្លួនឯងក្លាយទៅជាមនុស្សដែលរីកចម្រើន ។
៤) លោកត្រូវបានសាធារណជនចាប់អារម្មណ៍ជាលើកដំបូង នៅពេលដែលរូបគាត់ជួយព្យាបាលមនុស្សម្នាក់ពីជំងឺភ័យខ្លាចសត្វពស់ ដោយប្រើរយៈពេលត្រឹម ១៥នាទីនៅពេលដែលលោក Tony បានធ្វើការប្រកាសថា ខ្លួនអាចមានសមត្ថភាពធ្វើការព្យាបាលជំងឺភ័យខ្លាចរបស់មនុស្សម្នាក់បាន ដោយប្រើរយៈពេលត្រឹម ១៥នាទី លោកត្រូវបានវាយប្រហារដោយគ្រូពេទ្យចិត្តសាស្ដ្រមួយរូប តាមរយៈការផ្សាយក្នុងកម្មវិធីវិទ្យុមួយ ដោយបានលើកឡើងថា អ្វីដែលលោក Tony អះអាងគឺគ្រាន់តែជាការបោកប្រាស់និងជាការកុហកប៉ុណ្ណោះ។
លោក Tony ក៏បានធ្វើការភ្នាល់ជាមួយនឹងគ្រូពេទ្យរូបនោះ ដោយអោយគាត់នាំអ្នកជំងឺណាម្នាក់របស់ខ្លួនដែលខ្លាចសត្វពស់ មកជួបជាមួយ Tony ដើម្បីអោយគាត់ព្យាបាល។ ការភ្នាល់មួយនេះ បានក្លាយទៅជាទីចាប់អារម្មណ៍របស់សាធារណជន និងត្រូវបានផ្សព្វផ្សាយស្ទើរគ្រប់បណ្ដាញផ្សព្វផ្សាយនានា។ ជាលទ្ធផល ស្ដ្រីដែលជាអ្នកជំងឺដែលខ្លាចសត្វពស់ខ្លាំងបំផុត អស់រយៈកាល ៧ឆ្នាំមកហើយនោះ ត្រូវបានលោក Tony ជួយព្យាបាលអោយជាសះស្បើយដោយប្រើពេលត្រឹម ១៥នាទីប៉ុណ្ណោះ ហើយថែមទាំងហ៊ានអោយលោក យកសត្វពស់មកដាក់នៅលើ ស្មាដោយគ្មានភាពភ័យខ្លាចសូម្បីតែបន្តិច ។
ការទទួលយកការភ្នាល់ ពីមនុស្សដែលមិនពេញចិត្តនិងសំដីរបស់លោក គឺជាអត្តសញ្ញាណមួយរបស់លោក Tony ហើយវាតែងតែជួយអោយលោករឹតតែទទួលបាននូវភាពល្បីល្បាញ។
៥) សេវាកម្មប្រឹក្សាយោបល់ ដែលលោកផ្ដល់ជូនទៅ ដល់ក្រុមហ៊ុននានា គឺមានតម្លៃ ១លានដុល្លា ក្នុងចំណោមសេវាកម្មជាច្រើន របស់ខ្លួន លោក Tony គឺមានផ្ដល់ជាសេវាកម្មប្រឹក្សាយោបល់ ដល់ថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងពាណិជ្ជកម្មធំៗនានា។ លោក Tony បានធ្វើការបណ្ដុះបណ្ដាលដល់ អ្នកជំនាញ និងគ្រូបណ្ដុះបណ្ដាលជំនាន់ក្រោយជាច្រើនរូប ដែលត្រូវបានជួលធ្វើជាទីប្រឹក្សា ដោយក្រុមហ៊ុនធំៗ និងល្បីៗនានានៅទូទាំងពិភពលោក ក៏ប៉ុន្តែប្រសិនបើក្រុមហ៊ុនណាមួយ ត្រូវការជួលលោក Tony ដោយផ្ទាល់នោះ ក្រុមហ៊ុនទាំងនោះត្រូវធ្វើការចំណាយប្រាក់ក្រាស់បន្តិចហើយ ។
លោកត្រូវបានគេស្គាល់ថាជាអ្នកប្រឹក្សា និងគ្រូបណ្ដុះបណ្ដាលក្នុងមុខជំនួញដែលមានតម្លៃខ្លួនថ្លៃបំផុត ហើយតម្លៃនោះគឺ ១លានដុល្លាក្នុងមួយឆ្នាំ បូកបន្ថែមនូវផលចំណេញមួយភាគ របស់ក្រុមហ៊ុននោះក្នុងឆ្នាំដដែលនោះផងដែរ។ លោកបានបញ្ជាក់ថា លោកអាចទាញផលចំណេញពីការវិនិយោគ (RoI) បានរហូតដល់ ៧០០% ប្រៀបនឹងទឹកប្រាក់វិនិយោគដំបូង។
៦) លោកមានគម្រោងផ្គត់ផ្គង់ ម្ហូបអាហារដល់ជនក្រីក្រ អោយបានមួយពាន់លាននាក់ នៅក្នុងរយៈពេល ១០ឆ្នាំបន្ទាប់ ប្រិយមិត្តប្រាកដជាបានដឹង ហើយថា កុមារភាពរបស់លោក Tony គឺមានភាពលំបាកកម្រិតណា ក្រុមគ្រួសាររបស់លោក គឺមានជីវភាពខ្សត់ខ្សោយ សូម្បីតែប្រាក់ដើម្បីទិញអាហារក៏មានភាពខ្វះខាតដែរ។ ដូច្នេះនៅពេលដែលលោកចាកចេញពីផ្ទះ នៅអាយុ ១៧ឆ្នាំ ហើយអាចរកប្រាក់បានដោយខ្លួនឯង លោកបានជួយចំណាយថ្លៃម្ហូបអាហារពេលល្ងាចអោយដល់ ក្រុមគ្រួសារពីរ ក្នុងឱកាសបុណ្យ Thanksgiving។ នៅឆ្នាំបន្ទាប់លោកក៏បានឧបត្ថម្ភ ដល់ក្រុមគ្រួសារចំនួនបួនផ្សេងគ្នា ហើយលោកបានព្យាយាមឧបត្ថម្ភ ដល់ក្រុមគ្រួសារដទៃទៀត អោយបានចំនួនពីរដងជារៀងរាល់ឆ្នាំ ។
នៅពេលដែលលោកទទួលបាននូវភាពជោគជ័យ ពិតប្រាកដរបស់ខ្លួន លោកបានធ្វើការចំណាយថ្លៃអាហារពេលល្ងាចជូនដល់មនុស្សក្រីក្រ ចំនួន៤លាននាក់ជារៀងរាល់ឆ្នាំ អស់រយៈពេល ១២ឆ្នាំមកហើយ។ បន្ទាប់មកនៅពេលដែលលោក ទទួលបានប្រាក់កក់មុន ចំនួន ៥លានដុល្លា ពីការលក់សៀវភៅដែលចេញផ្សាយក្នុងឆ្នាំ ២០១៧ របស់ខ្លួនដែលមានចំនងជើងថា “Unshakeable: Your Financial Freedom Playbook” លោកក៏បានធ្វើការបរិច្ចាគថវិកាទាំងអស់ ទៅអោយអង្គការសប្បុរសធម៌មួយដែលមានឈ្មោះថា “Feeding America”។ បន្ទាប់មក លោកក៏បានសួរទៅកាន់ សកម្មជនដែលធ្វើការនៅក្នុងអង្គការនោះថា តើដើម្បីអោយជនក្រីក្រចំនួន ១០០លាននាក់ អាចបរិភោគអាហារមួយពេលបាន តើត្រូវការចំណាយប្រាក់ប៉ុន្មាន? បន្ទាប់ពីទទួលបានចំលើយ លោកក៏បានធ្វើការបរិច្ចាគប្រាក់ ទៅអោយអង្គការនោះ លើសពីចំនួនដែលពួកគេត្រូវការថែមទៀតផង ដើម្បីអាចអោយអ្វីៗអាចដំណើរការទៅបានដោយរលូន ។
គម្រោងចុងក្រោយរបស់លោក គឺធ្វើការចំណាយថ្លៃអាហារអោយដល់ជនក្រីក្រ អោយបានចំនួនមួយពាន់លាននាក់ នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត។
៧) អំឡុងពេលសិក្ខាសាលាមួយរបស់គាត់ លោក Tony ត្រូវបញ្ចេញសកម្មភាពស្មើនឹង ការរត់ ម៉ារ៉ាតុងមួយដូចគ្នាដែរ
លោកបានបញ្ជាក់ថា ក្នុងកំឡុងពេលធ្វើសិក្ខាសាលា ដែលមានមនុស្សចូលរួមច្រើនបំផុត ដែលលោកត្រូវធ្វើបទបង្ហាញខ្លាំងនោះ សកម្មភាពដែលលោកធ្វើ គឺប្រៀបបីដូចជាការរត់ម៉ារ៉ាតុងមួយយ៉ាងដូច្នោះដែរ ។
ប្រសិនបើប្រិយមិត្ត ធ្លាប់មានឱកាសបានចូលរួម ឬបានទស្សនាការធ្វើបទបង្ហាញរបស់គាត់ ប្រិយមិត្តប្រាកដជាបានដឹងថា គាត់បញ្ចេញសកម្មភាពច្រើន និងខ្លាំងប៉ុណ្ណា។ កំឡុងពេលធ្វើបទបង្ហាញ លោកតែងតែរត់ចុះឡើង សន្ទនា និងប្រាស្រ័យទាក់ទងដោយផ្ទាល់ ជាមួយនឹងអ្នកចូលរួមទាំងឡាយ។ ប្រសិនបើគិតជាចំងាយដែលលោកដើរ គឺជាង ៣០គីឡូម៉ែត្រឯណោះ ហើយសកម្មភាពទាំងនេះលោកធ្វើនៅលើឆាកដោយផ្ទាល់ ដោយមិនមានការសម្រាកនោះទេ។ ទោះបីជាបែបណាបន្ទាប់ពីការធ្វើ បទបង្ហាញរួចម្ដងៗ លោកតែងតែសម្រាក និងព្យាបាលរាងកាយតាមលក្ខណៈ Cryotherapy ដើម្បីអោយរាងកាយបានវិលទៅរកភាពដើមវិញបានឆាប់។
៨) ផ្ទះរបស់លោកគឺជាវិមានដ៏ធំស្កឹមស្កៃនៅជិតឆ្នេរ Palm Beach រដ្ឋ Floridaផ្ទះរបស់លោក គឺជាវិមានដ៏ធំស្កឹមស្កៃ ស្ថិតនៅជិតឆ្នេរសមុទ្រ Palm Beach ក្នុងរដ្ឋ Florida ដែលមានតម្លៃ ២៤,៧៥ លានដុល្លា។ មូលហេតុសំខាន់មួយ ដែលលោកផ្លាស់ប្ដូរទីលំនៅ ទៅរស់នៅក្នុងរដ្ឋ Florida ពីព្រោះនៅទីនោះ មិនមានច្បាប់តម្រូវអោយបង់ពន្ធលើ អចលនទ្រព្យនោះទេ ទោះបីជាតម្លៃរបស់អចលនទ្រព្យនោះខ្ពស់ប៉ុណ្ណាក៏ដោយ។
៩) សិល្បករដែលលោកចូលចិត្តបំផុតនោះគឺលោក Sean Combs (ឬ Diddy)
លោក Tony បានប្រាប់ថាការកម្សាន្ដដោយការស្ដាប់តន្ត្រី គឺជួយបង្កើនដល់គំនិតច្នៃប្រឌិត និងបង្កើនកម្លាំងជម្រុញទឹកចិត្តរបស់លោកបានផងដែរ។ លោកក៏បានបញ្ជាក់ថា លោកចូលចិត្តស្ដាប់បទចម្រៀង រ៉េបបំផុត ហើយបទចម្រៀងដែលលោកចូលចិត្តបំផុត គឺបទចម្រៀងដែលច្រៀងដោយ Diddy។
១០) អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton បានទូរស័ព្ទស្វែងរកការប្រឹក្សាពីលោក Tony បន្ទាប់ពីគាត់ត្រូវបានតុលាការចេញដីការកោះហៅ
ប្រសិនបើប្រិយមិត្តមិនទាន់ភ្លេចនោះទេគឺ កាលពីឆ្នាំ ១៩៩៨ អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton បានជាប់ពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវផ្លូវភេទ ជាមួយនឹងបុគ្គលិកហាត់ការនៅឯសេតវិមាន គឺនាង Monica Lewinsky។ ខណៈពេលជាមួយគ្នានោះដែរ លោកក៏ត្រូវបានអ្នកនាង Paula Jones ប្ដឹងពីបទបៀតបៀនកេរ្ដិ៍ខ្មាសបន្ថែមទៀត ហើយនៅយប់មុនពេលដែលតុលាការកោះហៅរូបលោកទៅឆ្លើយបំភ្លឺ លោកប្រធានាធិបតីបានទូរស័ព្ទស្វែងរកការប្រឹក្សា ពីលោក Tony ដោយផ្ទាល់តែម្ដង។
ដំបូន្មានដែល Tony ប្រាប់ទៅលោកប្រធានាធិបតីនៅពេលនោះគឺ សួរបញ្ជាក់ពីអ្វីដែលលោក Clinton ចង់បន្សល់ទុក តើជាកេរ្ដិ៍ឈ្មោះមិនល្អ ឬជាទំនួលខុសត្រូវពិតប្រាកដ ក្នុងនាមជាមនុស្សប្រុសម្នាក់។
១១) លោកធ្លាប់បដិសេធផ្ដល់ការប្រឹក្សាដល់កីឡាករលោក Alex Rodriguez
លោក Tony ធ្លាប់ត្រូវបានបុគ្គលល្បីៗជាច្រើន ស្នើសុំការប្រឹក្សាយោបល់ ហើយក្នុងចំណោមបុគ្គលល្បីទាំងនោះមានម្នាក់ គឺជាអតីតកំពូល Super Star Baseball ដែលលេងអោយក្លឹប Yankee នោះគឺកីឡាករ Alex Rodriguez។ លោក Alex បានព្យាយាមទាក់ទងលោក Tony ដើម្បីស្វែងរកជំនួយ ក្នុងរឿងចម្រូងចម្រាសមួយ ទាក់ទងនឹងការប្រើប្រាស់ថ្នាំកម្លាំងខុសច្បាប់ ខណៈពេលដែលលោកនៅជាកីឡាករនៅក្នុងក្លិប Yankee នៅឡើយ។ ប៉ុន្តែលោក Tony បានបញ្ជាក់ថា រូបលោកគឺគ្មានពេលវេលាគ្រប់គ្រាន់ ដែលនៅសេសសល់សម្រាប់ផ្ដល់ការប្រឹក្សា ដល់លោក Alex ឡើយ។
១២) លោកមាន Resort កម្រិតផ្កាយ ៥ មួយកន្លែងនៅក្នុងប្រទេស Fiji
នេះជាទីកន្លែងដែលលោក ពេញចិត្តបំផុតនៅក្នុងពិភពលោក ហើយដោយសារតែមូលហេតុនេះហើយ ទើបបានជាគាត់បានទិញវាយកមកធ្វើជាកម្មសិទ្ធ។ វាក៏ជាទីកន្លែងដែលលោក ប្រើប្រាស់ដើម្បីរៀបចំកម្មវិធីសិក្ខាសាលារបស់ខ្លួនផងដែរ។ លោកស្រី Oprah Winfrey ក៏បានចាត់ទុកទីនេះថាជាទីកន្លែងស្នាក់នៅ ដែលលោកស្រីពេញចិត្តបំផុតរបស់ខ្លួនផងដែរ។
ចំពោះតម្លៃស្នាក់នៅទីនោះវិញ គឺក្នុងមួយយប់ត្រូវការចំណាយប្រាក់ប្រមាណ ១១៤៥ ដុល្លា។
១៣) លោកបានទិញយន្ដហោះផ្ទាល់ខ្លួនមួយគ្រឿង នៅក្នុងឆ្នាំ២០១៥
បន្ទាប់ពីហោះហើរ តាមក្រុមហ៊ុន អាកាសចរណ៍ជាច្រើន រួមទាំងជួលយន្ដហោះឯកជនផ្សេងៗជាច្រើនលើកច្រើនសារផងនោះ ទីបំផុតលោកក៏បានសម្រេចចិត្ត ទិញយន្ដហោះផ្ទាល់ខ្លួនមួយគ្រឿងពីលោក Micky Arison ម្ចាស់ក្លិបបាល់បោះ Miami Heat និងជាម្ចាស់ក្រុមហ៊ុន Carnival Cruise Line Miami ក្នុងតម្លៃប៉ានស្មានចំនួន ៥០លានដុល្លា ។
១៤) លោកបានជួបស្គាល់ ជាមួយនឹងអតីតភរិយាទីមួយ និងភរិយាបច្ចុប្បន្នរបស់លោក តាមរយៈកម្មវិធីសិក្ខាសាលារបស់ខ្លួន
លោកបានជួបជាមួយនឹង អតីតភរិយាទីមួយរបស់ខ្លួន គឺលោកស្រី Becky Robbins នៅក្នុងកម្មវិធីសិក្ខាសាលាមួយរបស់ខ្លួន ហើយអ្នកទាំងពីរក៏បានរៀបការនៅក្នុងឆ្នាំ ១៩៨២។ នៅក្នុងឆ្នាំ ១៩៩៦ លោកក៏បានធ្វើការលែងលះ ជាមួយនឹងភរិយាទីមួយរបស់ខ្លួន។
នៅក្នុងឆ្នាំ ១៩៩៩ លោកបានជួបស្គាល់ជាមួយនឹងភរិយាទីពីររបស់ខ្លួន គឺលោកស្រី Sage Robbins នៅក្នុងកម្មវិធីសិក្ខាសាលាមួយរបស់ខ្លួនដែរ ហើយអ្នកទាំងពីរក៏បានរៀបការនៅក្នុងឆ្នាំ ២០០១៕
ដោយ៖ ហង្ស សុបញ្ញា