ព្រឹត្តិការណ៍

បណ្តុះគំនិតថែរក្សាបរិស្ថាន ៖ ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា​ លើកកម្ពស់ការយល់ដឹង អំពីបរិស្ថាន ក្នុងចំណោមយុវជនកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើ​អនុស្សរណៈយោគយល់គ្នា ដើម្បីអនុវត្ត “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” ដែលជាការប្រកួតប្រជែងរយៈពេល ៧ ខែ សម្រាប់អនុវិទ្យាល័យ និងវិទ្យាល័យចំនួន ៦៨ ក្នុងរាជធានីភ្នំពេញ ។

កម្មវិធីនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់ក្រសួង ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែបៃតង ដោយអប់រំសិស្សានុសិស្សអំពីការគ្រប់គ្រង និងកែច្នៃសំរាមឡើងវិញ។ កម្មវិធីនេះដែលនឹងចាប់ដំណើរ ការពីខែធ្នូ ឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២៥ នឹងត្រូវបានដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ។

ណាហ្គាវើលដ៍ និងក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ដើម្បីអនុវត្តកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងពីខែធ្នូ ឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២៥

តាងនាមឱ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសូងអប់រំ យុវជន និងកីឡា លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “យើងស្វាគមន៍ កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង ដែលផ្តួចផ្តើមឡើងដោយ ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានគោលបំណងលើកកម្ពស់ ការយល់ដឹង ក្នុងចំណោមសិស្សានុសិស្ស ដើម្បីនិរន្តរភាព។ ដោយបញ្ចូលការអនុវត្តកាត់បន្ថយ និងការកែច្នៃសំរាមឡើងវិញ ទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ និងការផ្សព្វផ្សាយយ៉ាងសកម្ម យើងនឹងអាចធ្វើឱ្យក្មេងៗជំនាន់ក្រោយផ្តល់តម្លៃ និងជួយការពារបរិស្ថាន។ ទាំងអស់គ្នា យើងអាចធ្វើឱ្យប្រទេសកម្ពុជា របស់យើងកាន់តែបៃតង និងអនាគតប្រកបដោយនិរន្តរភាព”។

កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង មានធាតុផ្សំចំនួនពីរ គឺការសម្អាតនៅតាមសាលារៀន និងការប្រមូលកាកសំណល់ប្លាស្ទិក ។ ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងរៀបចំសិក្ខាសាលា និងការវាយតម្លៃរៀងរាល់ខែខណៈដៃគូកែច្នៃកាកសំណល់ គឺក្រុមហ៊ុន Gomi Recycle នឹងគ្រប់គ្រងទៅលើការប្រមូលកាកសំណល់ប្លាស្ទិក ។ នៅចុងបញ្ចប់នៃកម្មវិធីនេះ សាលារៀន ៣ ដែលស្អាតជាងគេ និងសាលារៀនចំនួន ១ ដែលប្រមូលកាកសំណល់ប្លាស្ទិកបានច្រើនជាងគេ នឹងទទួលបានរង្វាន់ពិសេសសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។

ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងដឹកនាំកម្មវិធីនេះ ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយធ្វើឱ្យប្រទេសកម្ពុជា កាន់តែស្រស់បំព្រង ដោយអប់រំសិស្សានុសិស្ស អំពីការគ្រប់គ្រងកាកសំណល់ និងការកែច្នៃឡើងវិញ

មានមតិទៅលើកម្មវិធីនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងនេះ មិនត្រឹមតែជួយគាំទ្រ ដល់ទស្សនវិស័យសម្រាប់អនាគតកាន់តែស្រស់បំព្រង និងបៃតងប៉ុណ្ណោះទេប៉ុន្តែវាបង្កើតបរិស្ថានល្អសម្រាប់សិស្សានុសិស្សអាចរៀនសូត្រ និងធំលូតលាស់ បានល្អថែមទៀតផង ។ តាមរយៈការបង្ហាត់ និងពន្យល់ណែនាំពួកគេឱ្យចេះពីរបៀបការពារបរិស្ថាន កម្មវិធីនេះនឹងជួយធ្វើឱ្យពួកគេមានទម្លាប់ល្អពេញមួយជីវិត និងកាត់បន្ថយមេរោគ និងជំងឺដែលធ្វើឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមានសុខភាពកាន់តែល្អ”។

ក្រុមហ៊ុន Gomi Recycle នឹងឧបត្ថម្ភគ្រឿងសង្ហារិម ឬផលិតផលផលិតចេញកាកសំណល់ ប្លាស្ទិក ដែល ប្រមូលបានពីសាលារៀន នៅពេលសាលារៀននោះអាចប្រមូល កាកសំណល់ប្លាស្ទិកតាមចំនួនកំណត់ ឬលើសពីចំនួនដែលបានកំណត់។ នេះអនុញ្ញាតឱ្យសិស្សានុសិស្សឃើញលទ្ធផលជាក់ស្តែង ដែលកើតចេញពីការខិតខំកែច្នៃកាកសំណល់របស់ពួកគេ និងដឹងថាកាកសំណល់ ក៏អាចត្រូវបានកែច្នៃទៅជាធនធានមានតម្លៃផងដែរ ។

នៅចុងបញ្ចប់ នៃកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង សាលារៀន ៣ ដែលស្អាតជាងគេ និងសាលារៀនចំនួន ១ ដែលប្រមូលកាកសំណល់ប្លាស្ទិក បានច្រើនជាងគេ នឹងទទួលបានរង្វាន់ពិសេស សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ

លោក Yusuke Okumara ស្ថាបនិកក្រុមហ៊ុន Gomi Recycle បានឱ្យដឹងផងដែរថា “ក្រុមហ៊ុន Gomi Recycle ប្តេជ្ញាកាត់បន្ថយកាកសំណល់ និងលើកកម្ពស់ និរន្តរភាព ក្នុងប្រទេសកម្ពុជាតាមរយៈកិច្ចខិតខំកែច្នៃឡើងវិញ ប្រកបដោយភាពនវានុវត្តន៍ ។ កាកសំណល់ គឺជាលទ្ធផល នៃជម្រើសរបស់យើង ។ ជម្រើសដែលយើងធ្វើនៅថ្ងៃនេះ នឹងកំណត់អំពីអនាគតរបស់ភពផែនដីរបស់យើង ។ តាមរយៈការសហការជាមួយណាហ្គាវើលដ៍ យើងសង្ឃឹមថា នឹងអាចលើកទឹកចិត្តឱ្យក្មេងៗ ជំនាន់ក្រោយ ធ្វើការជ្រើសរើសប្រកបដោយមនសិការ និងអនុវត្តត្រឹមត្រូវដើម្បីភាពស្រស់បំព្រងនៅថ្ងៃស្អែក” ។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាណែនាំ អំពីកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងនេះ នឹងត្រូវរៀបចំឡើងនៅក្នុងខែធ្នូនេះនៅណាហ្គាវើលដ៍ដែលមានការចូលរួមពីតំណាងអនុវិទ្យាល័យ វិទ្យាល័យ និងអ្នកតំណាង មកពីក្រសួងអប់រំ។ សិក្ខាសាលានេះ នឹងរៀបរាប់អំពីចំណុចសំខាន់ៗ នៃការប្រកួតប្រជែងរួមទាំងគោលបំណង ការណែនាំ និងលក្ខខណ្ឌវាយតម្លៃ ដើម្បីអាចដំណើរការកម្មវិធីនេះប្រកបដោយភាពរលូន និងជោគជ័យ ៕


អំពីផ្នែកការងារសង្គម ណាហ្គាវើលដ៍បេះដូងសប្បុរស
ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ។ ជាមួយពាក្យស្លោក “យើងបម្រើកម្ពុជា” ណាហ្គាវើលដ៍បេះដូងសប្បុរស តែងតែផ្តួចផ្តើមសកម្មភាពជាច្រើន ដោយផ្តោតទៅលើចំណុចសំខាន់ ៤ គឺការអប់រំ សហគមន៍ កីឡា និងបរិស្ថាន។ ចាប់តាំងពីត្រូវបានបង្កើតឡើង ណាហ្គាវើលដ៍បេះដូងសប្បុស បានរៀបចំសកម្មភាពជាង ៧០០ ដែលផ្តល់ប្រយោជន៍ ដល់ប្រជាជនកម្ពុជាជាង ៥០០.០០០ នាក់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្របជាមួយការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីជួយលើកស្ទួយដល់ប្រជាជនកម្ពុជា និងលើកកម្ពស់ ការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។

Most Popular

To Top