ព្រឹត្តិការណ៍

ស្រ្តីជនជាតិជប៉ុន ជាប់ក្នុងបញ្ជី Guinness ជាជាងកាត់សក់ស្រី ចំណាស់ជាងគេបំផុត ក្នុងពិភពលោក

ស្ត្រីជប៉ុនម្នាក់ឈ្មោះ Shitsui Hakoishi ដែលមានអាយុ ១០៨ ឆ្នាំ ត្រូវបានទទួល ស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាជាងកាត់សក់ស្រី ចំណាស់ជាងគេបំផុតក្នុងពិភពលោក ។ ព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នៅទីក្រុង Nakagawa ខេត្ត Tochigi ប្រទេសជប៉ុន។ ជាមួយនឹងបទពិសោធន៍ជាង ៩០ ឆ្នាំក្នុងវិជ្ជាជីវៈជាង កាត់សក់ លោកស្រី Hakoishi បានបង្ហាញពីការលះបង់ និងភាពអត់ធ្មត់ដ៏អស្ចារ្យ ។

លោកស្រី Shitsui Hakoishi បានចាប់ផ្តើមអាជីពជាជាងកាត់សក់តាំងពីអាយុ ១៤ ឆ្នាំ នៅពេល ផ្លាស់ទៅទីក្រុងតូក្យូ ដើម្បីធ្វើជាកូនជាង។ នៅឆ្នាំ ១៩៣៦ បានទទួលអាជ្ញាប័ណ្ណជាជាងកាត់សក់ ហើយបានបើកហាងផ្ទាល់ខ្លួនជាមួយស្វាមី ឈ្មោះ Jiro។ ប៉ុន្តែ ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ហាង ត្រូវបានបំផ្លាញដោយការវាយប្រហារតាមអាកាស ដែលបង្ខំឱ្យលោកស្រីត្រឡប់ទៅស្រុកកំណើត នៅ Nakagawa។

បន្ទាប់ពីស្វាមី ទទួលមរណភាព ក្នុងសង្គ្រាម លោកស្រី Hakoishi បានបង្កើតហាងតូចមួយនៅផ្ទះ ហើយបន្តធ្វើការជា ជាងកាត់សក់ទោះបីជាត្រូវចិញ្ចឹមកូនតូចៗ ចំនួនពីរនាក់ តែម្នាក់ឯងក៏ដោយ។ សេចក្តីស្រឡាញ់ ចំពោះអាជីពនេះ បានជួយលោកស្រីឱ្យឆ្លងកាត់ឧបសគ្គជាច្រើន។

នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ លោកស្រី Hakoishi បានទទួលវិញ្ញាបនបត្រពី Guinness World Records ក្នុងពិធីមួយនៅ Nakagawa។ លោកស្រីបានសម្តែងក្តីរីករាយ និង ការដឹងគុណចំពោះសហគមន៍ និងក្រុមគ្រួសារ ដែលបានគាំទ្រ ដោយបានពោលថា “ខ្ញុំពិតជាមាន សេចក្តីសោមនស្សណាស់។ ខ្ញុំសូមអរគុណដល់ អ្នកទាំងអស់គ្នាក្នុងសហគមន៍”។

គួរឱ្យភ្ញាក់ផ្អើល លោកស្រី Hakoishi នៅតែបន្តធ្វើការនៅហាងកាត់ សក់របស់ខ្លួន ក្នុងទីក្រុង Nakagawa ដោយបម្រើអតិថិជន ដែលស្មោះត្រង់ ជាច្រើនឆ្នាំមកហើយ ។ ដោយមានការជឿជាក់ថា អាយុវែងរបស់ខ្លួន គឺមកពីការខិតខំធ្វើការ និង សេចក្តីស្រឡាញ់ ចំពោះអាជីពជាងកាត់សក់ ភ្ជាប់ជាមួយឃ្លាថា “ខ្ញុំតែងតែស្រឡាញ់ ការងារនេះ ។ វាបានចាក់បំពេញ អត្ថន័យក្នុងជីវិត”។

រឿងរ៉ាវរបស់លោកស្រី Shitsui Hakoishi គឺជាការបំផុសគំនិត ដល់មនុស្សជុំវិញពិភពលោក។ ការលះបង់ជាង ៩០ ឆ្នាំចំពោះអាជីពជាងកាត់សក់ និងភាពអត់ធ្មត់ ក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមដូចជាសង្គ្រាម និងការបាត់បង់មនុស្ស ជាទីស្រឡាញ់ បានធ្វើឱ្យលោកស្រីក្លាយជាគំរូមួួយសម្រាប់ការងើបឈរ ឡើងវិញ នៅពេលជួបរឿងមិនសមប្រកប។ សមិទ្ធផលរបស់លោកស្រី មិនត្រឹមតែជាមោទនភាព សម្រាប់ប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពនៃថាមពល ក្នុងការតស៊ូ សម្រាប់មនុស្សទូទាំង ពិភពលោកផងដែរ ៕

Most Popular

To Top