រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ចេញ នូវបម្រាមមួយ ដែលហាមឃាត់បុគ្គលិក រដ្ឋាភិបាលអាមេរិក ដែលបម្រើការ នៅក្នុងប្រទេសចិន មិនឱ្យមានទំនាក់ទំនងស្នេហា ឬ ទំនាក់ទំនងផ្លូវភេទ ជាមួយពលរដ្ឋចិន។ ព័ត៌មាននេះ ត្រូវបានរាយ ការណ៍ ដោយទីភ្នាក់ងារព័ត៌មាន Associated Press (AP) ដោយផ្អែកលើប្រភព ដែលស្និទ្ធនឹងបញ្ហានេះ។
បម្រាមនេះត្រូវបានអនុវត្ត ចំពោះបេសកជនអាមេរិកទាំងអស់ នៅក្នុងប្រទេសចិន រួមមានស្ថានទូតនៅទីក្រុងប៉េកាំង និងស្ថានកុងស៊ុលនៅទីក្រុងក្វាងចូវ សៀងហៃ ស៊ីនយ៉ាង និង វូហាន ព្រមទាំងស្ថានកុងស៊ុលអាមេរិកនៅ ហុងកុង ផងដែរ។
យោងតាមប្រភពព័ត៌មាន ការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពីសមាជិកសភាអាមេរិកមួយ ចំនួនបានលើកឡើង នូវក្តីបារម្ភកាលពីរដូវ ក្តៅឆ្នាំមុនថា ការរឹតត្បិតពីមុនមានលក្ខណៈធូររលុងពេក។ ដើមឡើយ បុគ្គលិកអាមេរិកត្រូវ បានហាមឃាត់តែពីទំនាក់ទំនងជាមួយពលរដ្ឋចិនដែលធ្វើការជាអ្នកយាម ឬបុគ្គលិកជំនួយនៅស្ថានទូត និងស្ថានកុងស៊ុល អាមេរិកប៉ុណ្ណោះ ។ ប៉ុន្តែនៅខែមករា មុនពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់តំណែង ឯកអគ្គរដ្ឋទូត ដែលចប់អាណត្តិ លោក Burns បានពង្រីកបទបញ្ជានេះ ឱ្យគ្របដណ្តប់លើពលរដ្ឋចិន ទាំងអស់នៅក្នុង ប្រទេសចិន ។
គោលនយោបាយនេះ ផ្តល់ករណីលើកលែងតែ ចំពោះបុគ្គលិកដែលមាន ទំនាក់ទំនងជាមួយពលរដ្ឋចិន មុនពេលបទបញ្ជាត្រូវបានអនុម័តប៉ុណ្ណោះ។ អ្នករិះគន់បានលើកឡើងថា វិធានការនេះអាចប៉ះពាល់ដល់ទំនាក់ទំនងការទូត និងសេរីភាពផ្ទាល់ខ្លួន ខណៈអ្នកគាំទ្រ យល់ឃើញថា វាជាជំហានចាំបាច់ ដើម្បីការពារបុគ្គលិកអាមេរិក ពីហានិភ័យសន្តិសុខ។
បម្រាមនេះបានធ្វើឡើងចំពេល ដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន កំពុងស្ថិតក្នុងភាពតានតឹង ជាពិសេសទាក់ទងនឹងបញ្ហាសន្តិសុខជាតិ និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា ៕
