ព្រឹត្តិការណ៍

ជប៉ុន លើកទឹកចិត្តមនុស្សចាស់ ឱ្យប្រើគ្រឿងសម្អាងដើម្បី មានសុខភាពល្អ រស់នៅបានអាយុវែង

រដ្ឋាភិបាលក្រុងយ៉ូកូហាម៉ា ប្រទេសជប៉ុន បានសហការជាមួយក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីលើកកម្ពស់សុខភាព និងគុណភាពជីវិតរបស់មនុស្សចាស់ តាមរយៈការលើកទឹកចិត្តឱ្យពួកគេប្រើគ្រឿងសម្អាង និងថែរក្សាស្បែក។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយឱ្យមនុស្សចាស់មានអារម្មណ៍វិជ្ជមាន និងចេញទៅក្រៅផ្ទះកាន់តែច្រើន ដែលអាចរួមចំណែកដល់សុខភាព និងអាយុជីវិតរបស់ពួកគេ។

កាលពីពេលថ្មីៗនេះ កម្មវិធីមួយបានរៀបចំឡើង នៅអគាររដ្ឋាភិបាលក្រុងយ៉ូកូហាម៉ា ដែលអ្នកចូលរួមត្រូវបាន ណែនាំឱ្យរៀនប្រើគ្រឿងសម្អាង ។ អ្នករៀបចំបានប្រាប់អ្នកចូលរួមថា “ការនិយាយជាមួយមនុស្សដទៃ ដោយស្នាមញញឹមភ្លឺស្វាង អាចជួយពន្យារអាយុជីវិត និងមានសុខភាពល្អ”។ កម្មវិធីនេះផ្តោតលើការបង្កើត អារម្មណ៍សប្បាយរីករាយ និងទំនុកចិត្តសម្រាប់មនុស្សចាស់ តាមរយៈការថែរក្សាខ្លួនឯង។

ចាប់តាំងពីខែមេសា ឆ្នាំ២០២៥ ក្រុងយ៉ូកូហាម៉ាមានផែនការរៀបចំវគ្គសិក្សាស្តីពីការប្រើគ្រឿងសម្អាងប្រមាណ ៦០ ដងក្នុងមួយឆ្នាំ ដែលភាគច្រើននឹងធ្វើឡើងនៅមណ្ឌលថែទាំមនុស្សចាស់។ លោក តាកេហារុ យ៉ាម៉ាណាកា អភិបាលក្រុងយ៉ូកូហាម៉ា បាន និយាយថា “ខ្ញុំសង្ឃឹមថា តាមរយៈការប្រើគ្រឿងសម្អាង ប្រជាជនដែលមានវ័យចាស់ នឹងអាចរស់នៅជារៀងរាល់ថ្ងៃដោយអារម្មណ៍វិជ្ជមាន”។

ក្រុមហ៊ុនផលិតគ្រឿងសម្អាងមួយចំនួនកំពុងអភិវឌ្ឍន៍ “ការព្យាបាលដោយគ្រឿងសម្អាង” ដែលទាញយកអត្ថប្រយោជន៍ពីអារម្មណ៍វិជ្ជមាន របស់មនុស្សចាស់នៅ ពេលពួកគេប្រើគ្រឿងសម្អាង។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែផ្តោតលើស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏លើកទឹកចិត្តបុរស ដែលមិនសូវមាន បទពិសោធន៍ជាមួយគ្រឿងសម្អាងផងដែរ។

យោងតាមរដ្ឋាភិបាលក្រុងយ៉ូកូហាម៉ា គិតត្រឹមខែមករា ឆ្នាំ២០២៥ មានមនុស្សចាស់ប្រមាណ ១៩០,០០០ នាក់នៅក្នុងក្រុងនេះដែលត្រូវបានបញ្ជាក់ថាត្រូវការការថែទាំ ហើយចំនួននេះត្រូវបានព្យាករថានឹងកើនឡើងដល់ជិត ២៥០,០០០ នាក់នៅឆ្នាំ២០៤០។ ការកើនឡើងនៃចំនួនមនុស្សចាស់នេះ បានជំរុញឱ្យមានការច្នៃប្រឌិតថ្មីៗដើម្បីគាំទ្រសុខភាព និងសុខុមាលភាពរបស់អ្នកទាំងនោះ។

គំនិតផ្តួចផ្តើមនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ប្រទេសជប៉ុន ក្នុងការដោះស្រាយបញ្ហាសង្គមដែលកំពុង ឈានទៅរកភាពចាស់ជរា និងកង្វះខាតកម្លាំងពលកម្ម។ តាមរយៈការលើកទឹកចិត្តឱ្យមនុស្សចាស់ មានភាពសកម្ម និងមានទំនាក់ទំនងសង្គម ក្រុងយ៉ូកូហាម៉ាសង្ឃឹមថានឹង កាត់បន្ថយបន្ទុកនៃការថែទាំ និងបង្កើនគុណភាពជីវិត សម្រាប់ប្រជាជនវ័យចាស់៕

Most Popular

To Top