ប៉ូលិសបានឆែកឆេរអាសយដ្ឋានចំនួន ២ នៅអៀរឡង់ខាងជើង ខណៈក្រុមមន្ត្រីនៅបន្តសាកសួរបុរសមកពីខេត្តខូអាម៉ាក (Co Armagh) របស់អៀរឡង់ខាងជើង ជុំវិញការរកឃើញសាកសពចំនួន ៣៩ នៅក្នុងទូកុងតឺន័រក្លាសេមួយ។
ការឆែកឆេរទាំងពីរនៅខេត្តខូអាម៉ាកកាលពីយប់ថ្ងៃពុធទី២៣តុលាត្រូវគេជឿថាមានជាប់ទាក់ទងទៅនឹងការចាប់ខ្លួនអ្នកបើកបរ ដែលមានឈ្មោះក្នុងរបាយការណ៍ថា ម៉ូ រ៉ូប៊ីនសុន (Mo Robinson) អាយុ ២៥ ឆ្នាំមកពីទីក្រុងផតថាដោន (Portadown)។ ជននេះនៅកំពុងជាប់ឃុំឃាំងដើម្បីសាកសួរដោយប៉ូលិសខេត្តអេសសិចរបស់អង់គ្លេសពីបទសង្ស័យឃាតកម្ម។ មិនទាន់មានចម្លើយនៅឯផ្ទះក្នុងខេត្តខូអាម៉ាកនៃគ្រួសាររបស់លោករ៉ូប៊ីនសុននៅឡើយទេ។ ក្រុមអ្នកស៊ើបអង្កេតនិយាយថា ទូកុងតឺន័រផ្ទុកជនរងគ្រោះបានមកដល់ទីក្រុងភើភ្លីត (Purfleet) របស់អង់គ្លេសពីទីក្រុងហ្ស៊ីប្រាក់ (Zeebrugge) របស់បែលហ្ស៊ិកនៅម៉ោងប្រហែល ១២ និង ៣០ នាទីព្រឹកថ្ងៃពុធ និង រថយន្តសម្រាប់មកដឹកទូកុងតឺន័រនេះគឺមកពីអៀរឡង់ខាងជើង។
រថយន្ដដឹកទំនិញនិងទូកុងតឺន័របានចាកចេញពីទីក្រុងកំពង់ផែនេះភ្លាមៗបន្ទាប់ពីម៉ោង ១:០៥ ព្រឹក ហើយគេបានតេទូរស័ព្ទទៅមន្ដ្រីប៉ូលិសនៅប្រហែល ៣០ នាទីក្រោយមកបន្ទាប់ពីបុគ្គលិករថយន្តសង្គ្រោះបន្ទាន់បានរកឃើញសាកសពទាំង៣៩នាក់នៅឯសួនឧស្សាហកម្មវ៉តធឺគ្លេត (Waterglade) នៅវិថីខាងកើតក្នុងតំបន់ក្បែរនោះ។ ថ្លែងនៅរសៀលថ្ងៃពុធ លោកស្រី ខុនស្តាប៊ល ពីបប៉ា មីល (Constable Pippa Mills) នាយរងប៉ូលិសបានឱ្យដឹងថា រថយន្ដដឹកទំនិញនិងកុងតឺន័រ កំពុងនាំយកទៅកាន់ទីប្រជុំជនធីលបឺរីដុក (Tilbury Docks) ដើម្បីយកសាកសពចេញ ខណៈរក្សាសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ។ លោកស្រីបានបន្ថែមថា “យើងមិនទាន់កំណត់អត្តសញ្ញាណពួកគេនៅឡើយទេ ហើយត្រូវតែគ្រប់គ្រងបញ្ហានេះឱ្យបានល្អិតល្អន់ជាមួយក្រុមគ្រួសាររបស់ពួកគេ”។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បាននិយាយថា ជនល្មើសនៃបទឧក្រិដ្ឋត្រូវតែចាប់ខ្លួនឱ្យបាន ខណៈសមាជិកសភាក្នុងតំបន់លោកជែកគី ដូលីប្រាយ និយាយថា ពួករត់ពន្ធមនុស្សត្រូវតែទទួលខុសត្រូវ៕ប្រភព ៖ sabay.com.kh