បរទេស៖អាជ្ញាធរយោធារបស់ប្រទេសតួកគីនិងសហរដ្ឋអាមេរិក បានធ្វើការផ្លាស់ប្តូរនិងសម្របសម្រួលព័ត៌មានឲ្យគ្នាទៅវិញទៅមក នៅមុនពេលមានការវាយប្រហារមួយ ទៅលើតំបន់ Idlibប្រទេសស៊ីរី នេះបើយោងតាមសម្តីរបស់ក្រសួងការពារជាតិតួកគី និយាយឲ្យដឹងនៅថ្ងៃអាទិត្យនេះ។
នៅលើបណ្ដាញសង្គមធ្វីតធើ ក្រសួងការពារជាតិនៃប្រទេសតួកគី បាននិយាយយ៉ាងដូច្នេះថា “នៅមុនប្រតិបត្តិការអាមេរិក ក្នុងខេត្ត Idlib ប្រទេសស៊ីរី កាលពីយប់មិញនេះ ការផ្លាស់ប្តូរនិងសម្របសម្រួលព័ត៌មានគ្នា រវាងអាជ្ញាធរយោធារបស់ប្រទេសទាំងពីរត្រូវបានធ្វើឡើង”។
គួរបញ្ជាក់ថា ដោយពោលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីសហរដ្ឋអាមេរិកមួយរូប បាននិយាយប្រាប់កាសែត រ៉យទ័រ ថា សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការ ផ្តោតគោលដៅលើមេដឹកនាំក្រុមរដ្ឋឥស្លាមជ្រុលនិយម លោក Abu Bakr al-Baghdadi ហើយយោងតាមសម្តីមន្ត្រីកងទ័ពអាមេរិកមួយរូប មេភេរវកររូបនេះ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការវាយឆ្មក់នោះ៕
ប្រែសម្រួល៖ប៉ាង កុង